ដោយៈ គង់​ហេង / កំពង់ចាមៈ រដ្ឋបាលខេត្ត​កំពង់ចាម បាន​ចុះ​ពិនិត្យ​ជាក់ស្តែង ពី​សកម្មភាព​អាជីវកម្ម​បូម​ខ្សាច់ ចំនួន ១២ កន្លែង ក្នុង​ទន្លេមេគង្គ នៅក្នុង​ភូមិសាស្ត្រ ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស កាលពី​ថ្ងៃទី​១៩ កក្កដា ម្សិលមិញ ។​

​ការចុះពិនិត្យ​លើ​ទីតាំង​អាជីវកម្ម​បូម​ខ្សាច់ ខាងលើ ដឹកនាំ​ដោយ​លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម និង​លោក ខ្លូត ផន ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួមទាំង​សហការី ក្រោយពី​មាន​ព័ត៌មាន​ថា មានការ​បូម​ខ្សាច់​អនាធិបតេយ្យ ពោលគឺ មិន​គោរព​តាម​ខ្លឹមសារ នៃ​អាជ្ញាប័ណ្ណ​របស់​ក្រសួង​រ៉ែ និង​ថាមពល ហើយ​កន្លងមក រដ្ឋបាលខេត្ត បាន​កោះប្រជុំ ក្រុមហ៊ុន​បូម​ខ្សាច់ មួយចំនួន ដែល​ល្មើស​ក្នុង​ការធ្វើ​អាជីវកម្ម ទៅ​ណែ​នាំនៅ​សាលាខេត្ត កំពង់ចាម ម្តង​ហើយ​។​

​លោក លី ចាន់​ធី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ចាម បានឱ្យដឹង​នៅ​ថ្ងៃទី ២០ កក្កដា​នេះ​ថាៈ បន្ទាប់ពី​រដ្ឋបាលខេត្ត​កំពង់ចាម បាន​ហៅ​មក​ណែនាំ និង​បង្កើត​ក្រុមការងារ ល្បាត តាម​ដែន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់ គឺ​មិនទាន់មាន​ព័ត៌មាន ក្រុមហ៊ុន​បូម​ខ្សាច់​ណាមួយ រំលោភ​ទៅនឹង​ល័ក្ខខ័ណ្ឌ នៃ​អាជ្ញាប័ណ្ណ របស់​ក្រសួង​រ៉ែ និង​ថាមពល បន្តទៀត​ទេ​។​

​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល បាន​បន្តថាៈ នៅ​ខេត្តកំពង់ចាម មាន​ក្រុមហ៊ុន​បូម​ខ្សាច់ សរុប​ចំនួន ២២ ទីតាំង នៅក្នុង​ទន្លេមេគង្គ ហើយ​ការចុះពិនិត្យ​ជាក់ស្តែង ពី​សកម្មភាព អាជីវកម្ម​បូម​ខ្សាច់ របស់​រដ្ឋបាលខេត្ត កាលពី​ថ្ងៃទី​១៩ កក្កដា ម្សិលមិញ គឺមាន​ចំនួន ១២ ទីតាំង​។​

​គួរ​កត់សម្គាល់ថា ជុំវិញ​អាជីវកម្ម​បូម​ខ្សាច់ ក្នុង​ទន្លេមេគង្គ ខេត្តកំពង់ចាម កន្លងមក តែងតែមាន​បណ្តឹងតវ៉ា ពី​ប្រជាពលរដ្ឋ ដែល​ពួកគាត់​រស់នៅ តាម​បណ្តោយ​មាត់ទន្លេ នៅ​តំបន់​ដែល​ម្ចាស់​អាជីវកម្ម​ខ្សាច់ ដោយ​ចោទប្រកាន់ថា ការ​បូម​ខ្សាច់ កៀក​មក​ក្បែរ​ច្រាំង បង្កឱ្យមាន​ការបាក់​ស្រុត​ច្រាំងទន្លេ បណ្តាលឱ្យមាន​ការភ័យខ្លាច និង​ការ​បូម​នោះ មិន​គោរព​ពេលវេលា បង្ក​ឱ្យ​រំខាន ដល់​ដំណេក​ទៀតផង​៕/V​