​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទីភ្នាក់ងារ​ការពារ​ជាតិ​មួយ​បាន​និយាយ​ថា​យន្តហោះ​ចម្បាំង​ផលិត​ក្នុងស្រុក​របស់​កូរ៉េខាងត្បូង​បាន​បំពេញ​ការហោះហើរ​សាកល្បង​លើកដំបូង​ដោយ​ជោគជ័យ​​កាលពី​ថ្ងៃ​អង្គារ ទី​១៩ កក្កដា ចំ​ពេល​មាន​ការជំរុញ​ឱ្យ​ជំនួស​យន្តហោះ​យោធា​វ័យ​ចំណាស់​ក្នុងពេល​ប្រឈមមុខ​នឹង​ការគំរាមកំហែង​នុយក្លេអ៊ែរ​និង​មី​ស៊ី​លពី​ប្រទេសជិតខាង​កូរ៉េខាងជើង​។​

​យន្តហោះ​ជំនាន់​ក្រោយ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Korea Aerospace Industries (KAI) នៅក្នុង​គម្រោង​មួយ​ផ្នែក​ដែល​គាំទ្រ​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី​ត្រូវបាន​រចនា​ឡើង​ជា​ជម្រើស​​ដែល​មាន​តម្លៃថោក​ជាង​និង​មិនសូវ​បំបាំងកាយ​ដើម្បី​ជា​ជម្រើស​ផ្សេង​ជំនួស​យន្តហោះ F-35 ផលិត​ដោយ​សហរដ្ឋ​អាម៉េរិក​ដែលមាន​តំលៃ​ថ្លៃ​ហើយ​ដែល​កូរ៉េខាងត្បូង​ពឹងផ្អែក​ខ្លាំង​។​

​រដ្ឋបាល​កម្មវិធី​លទ្ធកម្ម​ការពារជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា យន្តហោះ​គំរូ ដែល​មានឈ្មោះ​ថា KF-21 បាន​ហោះ​ឡើង​លើ​មេឃ​នៅ​ម៉ោង ៣៖៤០​រសៀល​ពី​មូលដ្ឋាន​ទ័ពអាកាស​​ក្នុង​ទីក្រុង​សា​ឆឹន (Sacheon) ភាគ​អាគ្នេយ៍ ហើយ​បាន​ហោះ​ប្រហែល ៣០ នាទី​។​

​យន្តហោះ​ថ្មី​នេះ​ប្រឈម​នឹង​ការសាកល្បង​បន្ថែម​ទៀត​រហូតដល់​ឆ្នាំ ២០២៦ នៅពេល​ការផលិត​ទ្រង់ទ្រាយ​ធំ​នឹង​ចាប់ផ្តើម​។​

​កូរ៉េខាងត្បូង​បាន​បង្ហាញ​គំរូ​ដើមដំបូង​នៃ​យន្តហោះ KF-21 កាលពី​ខែ​មេសា​ឆ្នាំមុន ដោយ​សាទរ​យន្តហោះ​នេះ​ថា​ជា​ឆ្អឹងខ្នង​នាពេល​អនាគត​នៃ​កងទ័ពអាកាស​របស់ខ្លួន​និង​ជា​ជំហាន​ឆ្ពោះ​ទៅរ​កឯក​​រាជ្យ​ភាព​យោធា​កាន់តែខ្លាំង​សម្រាប់​សម្ពន្ធមិត្ត​អាម៉េរិក​នៅ​អាស៊ី​ខាងជើង​។​

​ក្នុង​ឆ្នាំ ២០១៤ កូរ៉េ​ខាងត្បូង​និង​ឥណ្ឌូណេស៊ី​បាន​ព្រមព្រៀង​រួមគ្នា​អភិវឌ្ឍ​យន្តហោះ​នេះ​ក្នុង​គម្រោង​មួយ​ដែល​មាន​តម្លៃ ៨,១ ទ្រី​លាន​វ៉ុន (៦,១ ពាន់​លាន​ដុល្លារ​)​ដោយ​ទីក្រុង​ហ្សា​ការតាយល់​ព្រមចំណាយ​​មួយ​ភាគ​ប្រាំ​នៃ​ការចំណាយ​ទាំងអស់​។​ប៉ុន្តែ​នៅ​ឆ្នាំ ២០១៨ ឥណ្ឌូនេស៊ី​បាន​ស្វែងរក​ការចរចា​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​នេះ ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​លើ​ទុនបម្រុង​បរទេស​របស់​ខ្លួន ហើយ​ក្រោយមក​​បាន​ស្នើ​ឱ្យ​បង់​ចំណែក​របស់​ខ្លួន​ក្នុង​ទម្រង់​នៃ​ការដោះដូរ​ទំនិញ​គ្នា​ដោយ​មិន​ប្រើ​លុយ​។​

​មន្ត្រី​ម្នាក់​បាន​និយាយថា ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​កាលពី​ខែ​វិច្ឆិកា​ថា ទីក្រុង​ហ្សា​ការតា​នឹង​រក្សា​ការស​ន្យា​របស់​ខ្លួន​ក្នុង​ការបង់ថ្លៃ ២០ ភាគរយ​នៃ​ថ្លៃដើម​នៃ​ការអភិវឌ្ឍ​រួម​ទាំង​ការទូទាត់​ជា​​ទំនិញ​សម្រាប់​មួយ​ភាគ​បី​នៃ​ចំណែក​របស់​ខ្លួន ទោះបីជា​ពួកគេ​មិនទាន់​បាន​កែសម្រួល​កិច្ចសន្យា​ជា​ផ្លូវការ​ក៏ដោយ​៕

យន្តហោះ​គំរូ KF-21 ហោះ​សាកល្បង​ដោយ​ជោគជ័យ​