ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន ក្រុម​ជនសង្ស័យ ចំនួន ៩​នាក់ បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ ម្សិលមិញ ក្រោយពី​ក្រុម​ជនសង្ស័យ បានធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ ប្រដាប់​ដោយ​កាំបិតផ្គាក់ នៅត្រង់ចំណុច​ផ្លូវជាតិ​លេខ ៥៧B ស្ថិត​ក្នុងភូមិ​ដំណាក់​ដង្កោ ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ។​

​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថាៈ ក្រោយ​ទទួល​ពាក្យបណ្តឹង ពី​ជនរងគ្រោះ ឈ្មោះ គង់ ណន់ ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ នៅ​ថ្ងៃ​ដដែល ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ មន្ត្រី​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ កំណត់​មុខសញ្ញា រហូត​ឈានដល់​ការបង្ក្រាប ឃាត់ខ្លួន​ជនសង្ស័យ បានជា​បន្តបន្ទាប់ សរុប​ចំនួន ៩​នាក់ ក្រោយពេល​ក្រុម​ជនសង្ស័យ បានធ្វើ​សកម្មភាព​ល្មើស នៅត្រង់ចំណុច​ផ្លូវជាតិ​លេខ ៥៧B ស្ថិត​ក្នុងភូមិ​ដំណាក់​ដង្កោ ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង បាន​បន្តថាៈ ម៉ូតូ​ដែល​ជនរងគ្រោះ បាន​បាត់​នៅក្នុង​ហេតុ ការណ៍ ខាងលើ ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ ២០២២​។

​ក្រោយ​ការបង្ក្រាប កម្លាំង​ជំនាញ ដកហូត​បាន​នូវ​វត្ថុតាង​មួយចំនួន រួមមាន​: ម៉ូតូ​ហុងដា ឌ្រី​ម សេ​១២៥ ចំនួន ៤​គ្រឿង​, កាំបិតផ្គាក់​ចំនួន ៣​ដើម និង​ស្លាក​លេខ​ម៉ូតូ ២ សន្លឹក មាន​លេខ បាត់ដំបង ១AP ៤០៧៤ ជា​ស្លាក​លេខ​ម៉ូតូ​របស់​ជនរងគ្រោះ និង​ស្លាក​លេខ បាត់ដំបង ១AF – ៦៦១៩ ។​

​បច្ចុប្បន្ន ជនសង្ស័យ រួមទាំង​វត្ថុតាង កំពុង​ឃាត់ខ្លួន និង​រក្សាទុក នៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ អនុវត្តតាម​នីតិវិធី​៕/V​