ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២២ នេះថាៈ ទីផ្សារដំណាំដំឡូងមី តម្លៃមានភាពល្អប្រសើរ ទាំងដំឡូងមីស្រស់ និងក្រៀម ដែលតម្លៃនេះ ធ្វើឱ្យកសិករ ទទួលបានប្រាក់ចំណូលច្រើន ដើម្បីបង្កើនជីវភាព។ ចំពោះការងារសម្របសម្រួលទីផ្សារ និងតម្លៃ មន្ទីរកសិកម្មខេត្ត បានតាមដានតម្លៃ ទិញនិងលក់ដំឡូងមី ជាប្រចាំ។ នៅចុងឆ្នាំ ២០២១ និងដេីមឆ្នាំ២០២២ នេះ បានធ្វេីឱ្យប្រជាកសិករ ត្រេកអរនាំគ្នា ពង្រីកផ្ទៃដីដាំបន្ថែម ជាច្រើនទៀត។
ដោយឡែក សម្រាប់ខេត្តព្រះវិហារ ផ្ទៃដីដាំដំឡូងមី ក្នុងឆ្នាំ២០២២ មានការកេីនឡេីង រហូតជាង ៣០.០០០ ហិកតា បេីប្រៀបធៀបនឹងឆ្នាំ២០២១ មានត្រឹម ២៧.០០០ ហិកតាប៉ុណ្ណោះ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានឲ្យដឹងថាៈ តម្លៃដំឡូងមី ល្អជាបន្តបន្ទាប់ ធ្វេីឱ្យកសិករ ក្នុងខេត្តព្រះវិហារ បាននាំគ្នាដាំដំឡូងមី ច្រេីនជាងឆ្នាំកន្លងទៅ ហេតុនេះ ធ្វេីឱ្យផ្ទៃដីដាំដំឡូងមី នៅក្នុងខេត្តព្រះវិហារ ឆ្នាំ២០២២ នេះ មានការកេីនឡេីងរហូតជាង ៣ មុឺនហិកតា។
លោកបានបន្តថាៈ រយៈពេល ៣ ឆ្នាំជាប់ៗគ្នានេះ តម្លៃដំឡូងមី មានការកេីនឡេីង ហេីយ ស្រួលលក់ ដោយលក់ស្រស់ ក៏បាន លក់ស្ងួត ក៏បាន ម្យ៉ាងទៀត ការដាំ ក៏គ្មានជួបហានិភ័យ ធ្វេីឱ្យបងប្អូនកសិករ ចូលចិត្តដាំច្រេីន និងបានទិន្នផល ហេីយការប្រមូលផល បានខ្ពស់។
ប្រធានមន្ទីរកសិកម្ម បានបន្តទៀតថាៈ ដំឡូងមី នៅក្នុងខេត្ត អាចទទួលបានទិន្នផល ចន្លោះពី ២០ ទៅ ៣០ តោន ចំណែកនៅឃុំស្រយ៉ង់ ស្រុកគូលែន ដែលមានជាដីក្រហម អាចទទួល បានទិន្នផល ចន្លោះពី ៤០ ទៅ ៥០ តោន ក្នុង ១ហិកតា ប៉ុន្តែគិតជាមធ្យមពី ២៥ តោន ទៅ ៣០ តោន ក្នុង ១ហិកតា គិតជាប្រាក់ អាចលក់បានពី ៨ លានរៀល ទៅ ១០ លានរៀល ក្នុង ១ហិកតា។
លោក ពឹង ទ្រីដា បានឱ្យដឹងទៀតថាៈ ចំពោះកសិករ ដែលដាំដំឡូងមីសរីរាង្គ គឺអាចលក់បាន តម្លៃខ្ពស់ជាងកសិករ ដែលដាំដំឡូងមី លក់ឱ្យឈ្មួញខាងក្រៅ រហូត ៣០ រៀល ដោយសារដំឡូងមីសិរីរាង្គ ដែលកសិករដាំ គឺពួកគាត់លក់តាមកិច្ចសន្យា។
លោកបានបញ្ជាក់ថាៈ នៅក្នុងខេត្តព្រះវិហារ មានសហគមន៍ ចំនួន១២ ដែលបានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនសាជីវកម្ម CHCC ។ ដំឡូងសរីរាង្គ ដែលកសិករដាំ ដោយចុះកិច្ចសន្យា ជាមួយក្រុមហ៊ុន CC តាមរយៈក្រុមហ៊ុនថៃវ៉ា គឺយកទៅធ្វើចំណីអាហារកូនក្មេង លក្ខណៈពិសេស ដូច្នេះហេីយ ទេីបគេចង់បានដំឡូងមី សុវត្ថិភាព ដែលមានគុណភាពខ្ពស់ និងឱ្យតម្លៃកសិករផលិតតាមកិច្ចសន្យា ខ្ពស់ជាងតម្លៃឈ្មួញទិញខាងក្រៅ៕/V