ដោយ​៖ ដេប៉ូ / បន្ទាយមានជ័យ​៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានស្នើ​ឱ្យ​លោក​ប្រធាន​មន្ទីរ​ការងារ ខេត្តបន្ទាយមានជ័យ​ថ្មី ត្រូវ​បន្ត​យកចិត្តទុកដាក់ ឱ្យបាន​ម៉ឺងម៉ាត់ ក្នុងការ​បំពេញការងា​រ តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន ឱ្យបាន​ល្អ ព្រមជាមួយ​គ្នា ត្រូវអនុវត្ត​តួនាទី ក្នុង​ការផ្តល់សេវា ឱ្យបាន​ទាន់ពេលវេលា ស័ក្តិ​សមជា​មន្ត្រី​ផ្តល់​សេវា​ល្អ​។​

​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បែបនេះ បានធ្វើ​ឡើង​នៅ​សាលា ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ ក្នុង​ពិធី​ប្រកាស​ចូលកាន់ មុខតំណែង​របស់លោក នួន ស៊ីណា ជា​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ ជំនួស​លោក រស់ សា​រុំ ជា​អតីត​ប្រធាន​មន្ទីរ ដែល​បាន​ចូលនិវត្តន៍ និង​តែងតាំង​លោក ខេង តារា ជា​អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​។​

​ក្នុង​ពិធី​នេះ លោក អ៊ិត សំហេង ផ្តល់នូវ​អនុសាសន៍​ចំនួន ៦​ចំណុច ដល់​ថ្នាក់​ប្រធាន​មន្ទីរ​ថ្មី ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ ក្នុង​ពិធី​នេះដែរ ដូចជាៈ ទី​១-​ត្រូវ​ចូលរួម​អនុវត្ត ប្រកបដោយ​ស្មារតី ទទួលខុសត្រូវ នូវ​រាល់​ភារកិច្ច ដែល​ក្រសួង និង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ប្រគល់ជូន​។ ទី​២-​ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ សំដៅ​បង្កើន​ប្រសិទ្ធភាព​ការងារ ឱ្យបាន​ទាន់ពេលវេលា​។ ទី​៣-​ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការងារ​ផ្តល់​សេវា​ឱ្យ​បានល្អ ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ និង​ទាន់ពេលវេលា ស័​ក្ដិ៍​សមជា​មន្ត្រី​ផ្តល់​សេវា​ល្អ ជូន​បងប្អូន កម្មករ និយោជិត និង​ប្រជាពលរដ្ឋ​។ ទី​៤-​ត្រូវខិតខំ​អនុវត្ត​ឱ្យបាន​ម៉ឹងម៉ាត់ នូវ​រាល់​បទបញ្ជា និង​គោលការណ៍​ទាំងឡាយ របស់​រាជរដ្ឋាភិបាល​។ ទី​៥-​ត្រូវគោរព​នូវ​ឋានានុក្រម​ការងារ ឱ្យបាន​ខ្ជាប់ខ្ជួន សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ​ខ្ពស់​។ ទី​៦-​ចំណុច​ចុងក្រោយ ដែលជា​ចំណុច​សំខាន់បំផុត ត្រូវគោរព​ឱ្យបាន នូវ​អភិក្រម​ទាំង​៥ របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​” និង​បាវចនា ២ គឺ​កែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ​។​

​ក្នុងនាម​ថ្នាក់ដឹកនាំ ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​លោក​រដ្ឋមន្ត្រី បាន​អបអរសាទរ ចំពោះ​លោក នួន ស៊ីណា ដែល​ទទួលបាន​មុខតំណែង នាពេលនេះ ហើយ​សង្ឃឹមថា ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​ថ្នាក់ ក្រោម​ឱវាទ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ មន្ទីរជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំងអស់ ក្នុង​ខេត្តបន្ទាយមានជ័យ នឹង​ខិតខំ​បំពេញការងារ​រួមគ្នា សហការគ្នា​បានល្អ ដើម្បី​សម្រេចបាន នូវ​សមិទ្ធផល​ថ្មីៗ ជូន​រាជរដ្ឋាភិបាល​បន្ថែមទៀត​។​

​ក្នុង​ពិធី​នេះដែរ លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​យុទ្ធនាការ ៩០​ថ្ងៃ របប​ប្រាក់​សោធន សម្រាប់​កម្មករ និយោជិត នៃ​វិស័យ​ឯកជន គឺ​បានកំណត់​យ៉ាងច្បាស់ ក្នុង​អនុសាសន៍​ទី​៧ ក្នុងចំណោម​អនុសាសន៍​ទាំង ១០ ចំណុច របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នា​អំឡុងពេល​ចុះ​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​កម្មករ និយោជិត រយៈពេល ២​ឆ្នាំ កាលពី​ឆ្នាំ ២០១៧ រហូតដល់​ឆ្នាំ​២០១៩ កន្លងទៅ ដែលមាន​ចំនួន ៧៧ លើក និង​មាន​កម្មករ និយោជិត ចំនួន ១​លាន​នាក់ បាន​ចូលរួម​។​

​លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល ខេត្តបន្ទាយមានជ័យ បានផ្ដល់​នូវ​អនុសាសន៍ មួយចំនួន​បន្ថែមទៀត សម្រាប់​លោក​ប្រធាន និង​លោក អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ដែល​ទើបនឹង​ឡើងកាន់​មុខតំណែង​ថ្មី ដើម្បី​ឲ្យ​ការអនុវត្ត តួនាទី ភារកិច្ច​របស់ខ្លួន ទទួលបាន​លទ្ធផល​ល្អប្រសើរ ដោយ​ក្នុងនោះ ត្រូវ​តម្កល់​ឧ​ត្ត​ម ប្រយោជន៍​ជាតិ​ជាធំ​, ត្រូវគោរព​ច្បាប់ បទ​ប្បញ្ញត្តិ លិខិតបទដ្ឋាន​នានា ឲ្យ​បាន​ខ្ជាប់ខ្ជួន​, អនុវត្ត​ឲ្យ​បាន​សកម្ម នូវ​គោលនយោបាយ កម្មវិធី​ជាតិ​ផែនការ​យុទ្ធសាស្ត្រ​របស់ រាជរដ្ឋាភិបាល​។​

​គួរ​បញ្ជាក់ថា បើ​យោងតាម​សកម្មភាព ចុះ​ធ្វើ​អធិការកិច្ច​ការងារ ឆ្នាំ​២០២១ នៅតាម​បណ្តា សហគ្រាស គ្រឹះស្ថាន​ធុន​តូច និង​មធ្យម លើ​វិស័យ​ការងារ ស្ថិតក្រោម​ច្បាប់ ស្តីពី​ការងារ នៅក្នុង​ខេត្តបន្ទាយមានជ័យ​៖ ១ – មាន​សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន សរុប​ចំនួន ២៩០ សហគ្រាស ក្រុមហ៊ុន ។ ២ – មាន​កម្មករ និយោជិត សរុប​ចំនួន ២៥.៥៣២ នាក់ ស្រី ១៤.៤៨៧ នាក់ ដែល​ក្នុងនោះ​មាន កម្មករ និយោជិត​ខ្មែរ ចំនួន ២៣.៦១៩ នាក់ ស្រី ១៣.៧៦៦ នាក់​។ កម្មករ និយោជិត​បរទេស ចំនួន ១.៩១៣ នាក់ ស្រី​៧២១ នាក់ ។

បើ​គិត​ចូលដល់​អ្នក​ដែលមាន​ឱកាស​ការងារ​ធ្វើ នៅក្រៅ​ប្រព័ន្ធ ក្នុង​វិស័យ​កសិកម្ម និង​វិស័យ​ផ្សេងៗ​ទៀត ដែលមាន​កម្លាំង​ពលកម្ម រាប់ពាន់នាក់ នឹងមាន​អ្នក​ត្រៀមខ្លួន​ចង់​ចូល បំរើ​ការងារ​ក្នុង​ប្រព័ន្ធ ទាំង​ខាង​ផ្នែក​ផលិតកម្ម ក្នុង​វិស័យ​ឧស្សាហកម្ម ឬ​ខាង​ផ្នែក​វិស័យ ទេសចរណ៍ និង​មាន​ចង់​ចូល​បំរើសេវា​កម្ម ផ្សេងៗ​ទៀត បើ​មាន​ការងារ​នោះ ដែល​អាចឆ្លើយតប​សម​ស្រប ទៅនឹង​ធនធាន​សមត្ថភាព ដែល​ពួកគាត់​មាន​៕/V