​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នៅក្នុង​វីដេអូ​មួយ ដែល​បញ្ចេញ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​កក្កដា កីឡាការិនី​វាយ​តេ​ន្នី​ស​លំដាប់​ខ្ពស់​បំផុត​របស់​រុស្ស៊ី នាង ដា​រី​យ៉ា កា​សាត​គី​ណា (Daria Kasatkina) បាន​បង្ហើប​ថា​នាង​កំពុង​ណាត់​ទាក់ទង​នារី​ម្នាក់​។​

​ការអត្ថាធិប្បាយ​របស់បេ​ក្ខ​នារី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ French Open រូបនេះ​បាន​កើតឡើង​នៅពេល​ដែល​សភា​រុស្ស៊ី​ពិភាក្សា​អំពី​ការ​រឹតបន្តឹង​យ៉ាង​តឹងរ៉ឹង​លើ​ការពិភាក្សា​ជា​សាធារណៈ​អំពី​ទំនាក់​​ទំនង​ភេទ​ដូចគ្នា (LGBTQ) ។​

​នៅក្នុង​បទសម្ភាសន៍​នៅលើ YouTube ជាមួយ​អ្នកសរសេរ​ប្លុក​ជនជាតិ​រុស្ស៊ី​ឈ្មោះ វី​តយ៉ា ក្រាវ​ឆិន​កូ (Vitya Kravchenko) នាង​កា​សាត​គី​ណា​អាយុ​២៥​ឆ្នាំ​បាន​និយាយថា “​ពិតណាស់​”​នៅពេល​សួរ​​ថា​តើ​នាង​មាន​មិត្តស្រី​ឬ​អត់​។​

​ភ្លាមៗ​បន្ទាប់​ពី​ការសម្ភាសន៍​នេះ​ត្រូវ​បាន​ចេញផ្សាយ នាង​កា​សាត​គី​ណា​បាន​បង្ហោះ​រូបភាព​នៅលើ Instagram នៃ​អ្នក​ជិះ​ស្គី​មេដាយប្រាក់​អូឡាំពិក​ឈ្មោះ ណា​តា​លៀ ហ្សា​ប៊ី​អាកូ (Natalia Zabiiako) អាយុ ២៧ ឆ្នាំ​ជាមួយនឹង​រូប​សញ្ញា​បេះដូង ហើយ​បាន​ហៅ​នាង​ហ្សា​ប៊ី​អាកូ ថា “​ម្ចាស់​បេះដូង​គួរ​ឱ្យ​ស្រឡាញ់​របស់ខ្ញុំ​” នៅក្នុង​សារ​បង្ហោះ​តាម Twitter ។​

​នាង​ហ្សា​ប៊ី​អាកូ​កើត​នៅអេ​ស្តូ​នី​ដែល​បាន​ឈ្នះ​មេដាយ​អូឡាំពិក​របស់​នាង​ជាមួយ​ក្រុម​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៨ បាន​បង្ហោះ​រូបភាព​ដូចគ្នា​នេះ​នៅលើ Instagram ជាមួយនឹង​រូប​សញ្ញា​បេះដូង​ផងដែរ​។​

​នាង​ហ្សា​ប៊ី​អាកូ​ពីមុនក៏​ធ្លាប់​ខ្ទាស់​រូបភា​ពមួយ​ទៀត​នៅលើ​ទំព័រ Instagram របស់​នាង​កាលពី ១០ សប្តាហ៍​មុន​ផងដែរ ដើម្បី​ជូនពរ​ថ្ងៃកំណើត​ដល់​នាង​កា​សាត​គី​ណា មុន​ពេល​តារា​វាយ​តេ​ន្នី​ស​រូប​នេះ​ចេញ​មុខ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ចន្ទ​។​

​នាង​កា​សាត​គី​ណា​មាន​អារម្មណ៍​រំជើបរំជួល​នៅ​ចុងបញ្ចប់​នៃ​បទសម្ភាសន៍​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​លោក​ក្រាវ​ឆិន​កូនៅ​ពេលគាត់​បាន​សួរ​នាង​ថា​តើ​នាង​ខ្លាច​ការ​ត្រឡប់​ទៅ​ស្រុកកំណើត​របស់​នាង​វិញ​​ដែរឬទេ​។​

​គាត់​បាន​សួរថា “​តើ​អ្នក​មិន​ខ្លាច​ថា អ្នក​នឹង​មិន​អាច​ត្រឡប់​ទៅ​រុស្ស៊ី​វិញ​ឬ​ទេ​?”​។​

​នាង​និយាយ​មុន​នឹង​ជូត​ទឹកភ្នែក​លើ​ស្មា​របស់គាត់​ថា “​ចា៎ ខ្ញុំ​ពិតជា​បាន​គិត​អំពី​រឿងនេះ​”​។​

​ចាប់តាំងពី​ឆ្នាំ ២០១៣ មក ច្បាប់​របស់​រុស្ស៊ី​បាន​ហាមឃាត់​ការពិភាក្សា​ណាមួយ​អំពី​ទំនាក់ទំនង LGBTQ ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា “​ការលើកកម្ពស់​ទំនាក់​ទំនង​ផ្លូវភេទ​មិនមែន​ជា​ប្រពៃណី​”​ដល់​​អនីតិជន​៕

នាង ដា​រី​យ៉ា កា​សាត​គី​ណា ណាត់​ទាក់ទង​ជាមួយ​អ្នកជិះ​ស្គី​ឈ្មោះ ណា​តា​លៀ ហ្សា​ប៊ី​អាកូ​