ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ទូរទស្សន៍រដ្ឋរុស្ស៊ីបានផ្សាយថា គ្រួសារទាហានដែលត្រូវបានសម្លាប់ក្នុងប្រទេសអ៊ុយក្រែនអាចទិញរថយន្តម៉ាកឡាដា( Lada)ថ្មីជាមួយនឹងប្រាក់សំណងក្នុងការប្រឹងប្រែងដើម្បីបង្កើនចំនួនទាហានថ្មីរបស់ខ្លួន។
ទូរទស្សន៍ Rossiya 1ដែលគាំទ្រដោយវិមានក្រឹមឡាំង បានបង្ហាញពីរបៀបដែលឪពុកម្តាយមួយគូបានសម្រេចចិត្តជះ “លុយមឈូស” ទៅលើឡានពណ៌សថ្មីសន្លាងពីក្រុមហ៊ុនផលិតរថយន្តរបស់រដ្ឋ។លោក អាឡិចសី ម៉ាឡូវ (Alexei Malov) អាយុ ៣១ ឆ្នាំបានស្លាប់នៅខែកុម្ភៈ គឺត្រឹមតែបីថ្ងៃក្នុងការលុកលុយ ប៉ុន្តែម្តាយនិងឪពុករបស់គាត់ឥឡូវនេះបានទទួលសំណងហើយដោយវិមានក្រឹមឡាំងផ្តល់ជូនរហូតដល់ ១០៥.០០០ ផោន (១២៦.៣៣៣ ដុល្លារ) សម្រាប់ទាហានដែលបានស្លាប់ម្នាក់ៗ។
ឪពុករបស់ម៉ាឡូវបាននិយាយថា “ជាការចងចាំដល់កូនប្រុសរបស់យើង យើងបានទិញឡានថ្មីដ៏ស្រស់ស្អាត”។
គ្រួសាររបស់ទាហាននេះគឺរស់នៅក្នុងភូមិតូចមួយឈ្មោះ វីយ៉ាហ្សូវកា (Vyazovka) ស្ថិតនៅចម្ងាយ ៨៨៥ គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុងមូស្គូ។
របាយការណ៍របស់ Rossiya 1 បាននិយាយថា “ដូចជីតានិងជីទួតរបស់គាត់ដែរ គាត់បានប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍”។
“រថយន្ត Lada ថ្មីត្រូវបានទិញជាមួយនឹងអ្វីដែលមនុស្សហៅថា លុយមឈូស ប៉ុន្តែវាជាប្រាក់ឧបត្ថម្ភផ្លូវការសម្រាប់គ្រួសារអ្នកស្លាប់។ឪពុករបស់គាត់និយាយថាអាឡិចសីសុបិនចង់បានឡានពណ៌សដូចឡាននេះចឹង”៕
ឪពុកម្តាយរបស់អាឡិចសីទទួលឡាន Lada ថ្មីពណ៌សសម្រាប់ជាសំណងចំពោះការបាត់បង់ជីវិតកូននៅក្នុងសង្គ្រាម