​ដោយៈ ប​.​ខុន / ភ្នំពេញៈ ស្ថានភាព​ភ្លៀង​ធ្លាក់​រាយប៉ាយ ពី​មធ្យម​ដល់​ច្រើន នៅក្នុង​ក្របខណ្ឌ ទូទាំងប្រទេស ដោយសារ​ឥទ្ធិពល​ជ្រលង នៃ​ប្រព័ន្ធ​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី កម្រិត​បង្គួរ បន្ត​មាន​ដល់​ថ្ងៃទី​២១ ខែកក្កដា ទើប​ចុះខ្សោយ​បន្តិច​វិញ ក្រោយពេល​ប្រព័ន្ធ សម្ពាធ​ទាប នៅលើ​ប្រទេស​ថៃ ឡាវ និង វៀតណាម បាន​រំ​ក​i​ល​ឡើងទៅ​ខាងលើ (​ជើង​) បន្តិច​វិញ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២​ថាៈ នៅថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់ រាយប៉ាយ នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ តែ​នៅ​ខេត្តស្វាយរៀង មណ្ឌលគិរី មាន​ភ្លៀង​ធ្លាក់​ច្រើន ភ្លៀង​តិចៗ តែ​អូសបន្លាយ​រយៈពេល​វែង​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ស្ថានភាព​ភ្លៀង​មួយផ្នែក រុញ​មកពី​ភាគ​និរតី និង​មួយផ្នែក រុញ​ពី​ភាគ​ខាងកើត ដែលមាន​សម្ពាធ​ទាប​មួយ កំពុង​រំកិល​តាម​ឆ្នេរ​ប្រទេស​ឡើង​ទៅលើ (​ជើង​) ចាប់​ជាប់​ជាមួយនឹង​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូស​កាត់ លើ​ប្រទេស​ថៃ ឡាវ និង​ប្រទេស​វៀតណាម​។ ស្ថានភាព​ភ្លៀង ធ្លាក់​ដូច​ពេលនេះ បន្ត​មាន​ដល់​ថ្ងៃទី​២១ ខែកក្កដា បន្ទាប់ពី​បានចាប់ផ្តើម កាលពី​ថ្ងៃទី​១៩ ខែកក្កដា​។​

​របាយ​ទឹកភ្លៀង ដែល​បាន​ធ្លាក់ រយៈពេល​២៤​ម៉ោង ត្រឹម​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា នៅ​ខេត្តកំពត មាន​កម្រិត​ពី​តិច ដល់ ៣៤ មី​លី​ម៉ែត្រ ខេត្តព្រះវិហារ មាន​កម្រិត​ពី​តិច ដល់ ៤៥ មី​លី​ម៉ែត្រ ខេត្តកំពង់ចាម មាន​កម្រិត​ពី​តិច ដល់ ៦១ មី​លី​ម៉ែត្រ ខេត្ត​ត្បូងឃ្មុំ មាន​កម្រិត​ពី ២២ ដល់ ៩១ មី​លី​ម៉ែត្រ ខេត្តព្រៃវែង មាន​កម្រិត​ពី ៥ ដល់ ៦៥ មី​លី​ម៉ែត្រ ខេត្ត​បន្ទាយ​មាន ជ័យ មាន​កម្រិត​ពី​តិច ដល់ ២០ មី​លី​ម៉ែត្រ ខេត្តកំពង់ស្ពឺ មាន​កម្រិត​ពី​តិច ដល់ ២២ មី​លី​ម៉ែត្រ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​កម្រិត​ពី​តិច ដល់ ៤៥ មី​លី​ម៉ែត្រ ខេត្តស្វាយរៀង មាន​កម្រិត​ពី​តិច ដល់ ៧៨ មី​លី​ម៉ែត្រ ខេត្តក្រចេះ មាន​កម្រិត​ពី​តិច ដល់ ៤២ មី​លី​ម៉ែត្រ ខេត្តពោធិសាត់ មាន​កម្រិត​ពី ៨ ដល់ ៦៤ មី​លី​ម៉ែត្រ ខេត្តស្ទឹងត្រែង មាន​កម្រិត​ពី​តិច ដល់ ២៨ មី​លី​ម៉ែត្រ ខេត្ត​ព្រះសីហនុ មាន​កម្រិត​ពី​តិច ដល់ ៤០ មី​លី​ម៉ែត្រ ខេត្តរតនគិរី មាន​កម្រិត​ពី​តិច ដល់ ៤២ មី​លី​ម៉ែត្រ ខេត្តតាកែវ មាន​កម្រិត​ពី​តិច ដល់ ៥៥ មី​លី​ម៉ែត្រ ខេត្តបាត់ដំបង​មាន​កម្រិត​ពី​តិច ដល់ ៦៣ មី​លី​ម៉ែត្រ ខេត្តសៀមរាប មាន​កម្រិត​ពី​តិច ដល់ ៧៨ មី​លី​ម៉ែត្រ ខេត្តមណ្ឌលគិរី មាន​កម្រិត​ពី​តិច ដល់ ៣៤ មី​លី​ម៉ែត្រ ខេត្តកំពង់ធំ មាន​កម្រិត​ពី​តិច ដល់ ៨២ មី​លី​ម៉ែត្រ ខេត្តកណ្តាល មាន​កម្រិត​ពី​តិច ដល់ ២៥ មី​លី​ម៉ែត្រ ខេត្តកោះកុង មាន​កម្រិត​ពី​តិច ដល់ ៦៩ មី​លី​ម៉ែត្រ ខេត្តកំពង់ឆ្នាំង​មាន​កម្រិត​ពី​តិច ដល់ ៣៨ មី​លី​ម៉ែត្រ និង​រាជធានី​ភ្នំពេញ មាន​ភ្លៀង​ក្នុង​កម្រិត​តិចតួច​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២​ថាៈ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង នៃ​ប្រព័ន្ធ​សម្ពាធ​ទាប អូសបន្លាយ ពី​ភាគ​ខាងជើង​ប្រទេស​ថៃ កាត់​លើ​ភាគខាងត្បូង ប្រទេស​ឡាវ និង​ភាគ​កណ្ដាល ប្រទេស​វៀតណាម ជាមួយ​ខ្យល់មូសុង​និរតី បក់​ក្នុង​ល្បឿន ពី​មធ្យម​ទៅ​បង្គួរ ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត និង​រាជធានី អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា មាន​ពី ២៤ ទៅ ២៦ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ជាមួយគ្នានេះ បណ្តា​ផ្នែក​ខ្លះ នៃ​បណ្តា​ខេត្ត និង​រាជធានី អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ ។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕/V​