​ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ សមត្ថកិច្ច​ជំនាញ បាន​ឃាត់​មនុស្ស​ម្នាក់ ក្នុងការ​អនុវត្តន៍​ដីកា ករណី​រំលោភ​កម្មសិទ្ធិបញ្ញា នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ នៅ​ឃ្លាំង​ស្តុក​ទំនិញ​មួយ ស្ថិត​ក្មុង​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថាៈ ការអនុវត្តន៍​ដីកា លើ​ករណី​រំលោភ​កម្មសិទ្ធិបញ្ញា​នេះ ធ្វើឡើង ក្រោម​ការដឹកនាំ​ដោយ ព្រះរាជអាជ្ញារង នៃ​សាលាដំបូង​ខេត្តបាត់ដំបង រួមជាមួយ​ផ្នែក​ជំនាញ និង​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ប៉ុស្តិ៍​រដ្ឋបាល​បឹងរាំង ព្រមទាំង​អាជ្ញាធរ មេភូមិ​ស្វាយ​ធំ ដោយបាន​ចុះ​ឆែកឆេរ និង​រុករក​ទំនិញ​ខុសច្បាប់ លើ​ឃ្លាំង​ស្តុក​អីវ៉ាន់​បញ្ញើ របស់​ក្រុមហ៊ុន អឹម អេស ធី អិ​ច​ប្រេ​ស ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង​។​

​ឆ្លងកាត់​ការពិនិត្យ​ឆែកឆេរ មន្ត្រី​ជំនាញ បាន​រកឃើញ និង​ដកហូត​បាន​ទឹកដោះគោ​ស្រស់​, ទឹកដោះគោ​ជូរ​ចម្រុះ ចំនួន ១៩០ កេះ ថែមទាំង​បាន​រឹបអូស​យក​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣F- ៨៨៦១ មួយគ្រឿង ។​

​ប្រភព​ខាងលើ បានបញ្ជាក់​ថាៈ ការចុះអនុវត្ត​ដីកា​នេះ កម្លាំងចម្រុះ ក៏បាន​ឃាត់ខ្លួន​ជន សង្ស័យ ១​នាក់​ថែមទៀត ដែលមាន​ការពាក់ព័ន្ធ មានឈ្មោះ សំ អឿន ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ ស្នាក់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ជា​ម្ចាស់​ទីតាំង​ផ្ទាល់ ដើម្បី​សាកសួរ នៅ​ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង តាម​នីតិវិធី​៕/V​