​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​៖ បុរស​ម្នាក់​រួម​ដំណើរ​នឹង​បុរស​ម្នាក់ទៀត បាន​បើករថយន្ត​កូរ៉េ​មួយគ្រឿង​ដឹក​សម្ភារៈ ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ​ចត​ស្ងៀម​តាម​ចិញ្ចើមផ្លូវ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នករួមដំណើរ​កៀប​ជាប់​ក្នុង​កាប៊ីន​រងរបួស​ធ្ងន់ ចំណែក​អ្នកបើកបរ​បាន​រងរ​បួស​ស្រាល និង​ដាច់​ទ្រុង​រថយន្ត​ធ្លា​ក់មក​ក្រៅ​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១៖៤០​នាទី​យប់ ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ នៅត្រង់ចំណុច​មុខ​រោងចក្រ​ក្រោ​ន តាម​បណ្តោយ​ផ្លូវ​មហាវិថី​ចោមចៅ​(​វេ​ង​ស្រេង​) ស្ថិតក្នុង​ស្រុក​កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ក្បាល​ពណ៌​បៃតង​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-0184 ចត​ស្ងៀម​នៅ​ចិញ្ចើមផ្លូវ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច នៅ​ចំណុចកើតហេតុ​ខាងលើ ដោយ​មិនមាន​ដាក់​ស្លាក​សញ្ញា​សម្គាល់​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ លុះ​មកដល់​ម៉ោង​ចំណុចកើតហេតុ ក៏មាន​រថយន្ដ​កូរ៉េ​មួយគ្រឿង​ដឹក​សម្ភារៈ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3E-5084 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​និង​បុរស​ម្នាក់ទៀត​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ស្របគ្នា ក៏​ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នករួមដំណើរ​គៀប​ជាប់​ក្នុង​កាប៊ីន​រងរបួស​ធ្ងន់ ចំណែក​អ្នកបើកបរ​រងរបួស​ស្រាល ។​ឯ​ទ្រុង​រថយន្ត​ក៏បាន​ដាច់​ធ្លាក់​ចេញមកក្រៅ​។ ភ្លាមៗ​នោះ​រថយន្ត​សាមុយ​បានមក​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕​