​ដោយ​៖​ដេប៉ូ​/​បន្ទាយមានជ័យ​៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បានស្នើ​ឱ្យ​លោក​ប្រធាន​មន្ទីរ​ការងារ​ខេត្តបន្ទាយមានជ័យ​ថ្មី ត្រូវ​បន្ត​យកចិត្តទុកដាក់​អោយបាន​ម៉ឺងម៉ាត់ ក្នុងការ​បំពេញការងា​រ​តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន​ឱ្យបាន​ល្អ ព្រម​ជាមួយគ្នា​ត្រូវអនុវត្ត​តួនាទី​ក្នុង​ការផ្តល់សេវា​ឱ្យបាន​ទាន់ពេលវេលា ស័ក្តិ​សមជា​មន្ត្រី​ផ្តល់​សេវា​ល្អ​។​

​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បែបនេះ​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​របស់លោក នួន ស៊ីណា ជា​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ ជំនួស​លោក រស់ សា​រុំ អតីត​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ ដែល​បាន​ចូលនិវត្តន៍ និង​តែងតាំង​លោក ខេង តារា ជា​អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្វើឡើង​នៅ​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២​។​

​លោក​រដ្ឋមន្ត្រី បានលើកឡើង​ពី​យុទ្ធនាកា​៩០​ថ្ងៃ របប​ប្រាក់​សោធន​សម្រាប់​កម្មករនិយោជិត​នៃ​វិស័យ​ឯកជន គឺ​បានកំណត់​យ៉ាងច្បាស់​ក្នុង​អនុសាសន៍​ទី​៧ ក្នុងចំណោម​អនុសាសន៍​ទាំង​១០​ចំណុច របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នា​អំឡុងពេល​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិត​រយៈពេល ២​ឆ្នាំ កាលពី​ឆ្នាំ ២០១៧ រហូតដល់​ឆ្នាំ​២០១៩ កន្លងទៅ ដែលមាន​ចំនួន ៧៧​លើក និង​មាន​កម្មករនិយោជិត​ចំនួន ១​លាន​នាក់​បាន​ចូលរួម​។

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បានផ្ដល់​នូវ​អនុសាសន៍​មួយចំនួន​បន្ថែមទៀត សម្រាប់​លោក​ប្រធាន និង​លោក​អនុប្រធាន ដែល​ទើបនឹង​ឡើងកាន់​មុខតំណែង​ថ្មី ដើម្បី​ឲ្យ​ការអនុវត្ត​តួនាទី ភារកិច្ច របស់ខ្លួន​ទទួលបាន​លទ្ធផល​ល្អប្រសើរ ដោយ​ក្នុងនោះ ត្រូវ​តម្កល់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​ជាធំ​, ត្រូវគោរព​ច្បាប់ បទ​ប្បញ្ញត្តិ លិខិតបទដ្ឋាន​នានា ឲ្យ​បាន​ខ្ជាប់ខ្ជួន​, អនុវត្ត​ឲ្យ​បាន​សកម្ម នូវ​គោលនយោបាយ កម្មវិធី​ជាតិ​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​។​

​គួរបញ្ជាក់​ជូន​ថា បើ​យោងតាម​សកម្ម​ភាពចុះ​ធ្វើ​អធិការកិច្ច​ការងារ​ឆ្នាំ​២០២១ នៅតាម​បណ្តា សហគ្រាស គ្រឹះស្ថាន ធុន​តូច និង​មធ្យម លើ​វិស័យ​ការងារ ស្ថិតក្រោម​ច្បាប់ ស្តីពី​ការងារ នៅក្នុង​ខេត្តបន្ទាយមានជ័យ ៖ ១ – មាន សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន សរុប​ចំនួន ២៩០ សហគ្រាស ក្រុមហ៊ុន​។ ២ – មាន​កម្មករ និយោជិត សរុប​ចំនួន ២៥.៥៣២ នាក់ ស្រី ១៤.៤៨៧ នាក់ ដែល​ក្នុងនោះ​មាន ៖ កម្មករ និយោជិត​ខ្មែរ ចំនួន ២៣.៦១៩ នាក់ ស្រី ១៣.៧៦៦ នាក់​។ កម្មករ និយោជិត បរទេស ចំនួន ១.៩១៣ នាក់ ស្រី​៧២១ នាក់​។ បើ​គិត​ចូលដល់​អ្នក​ដែលមាន​ឱកាស​ការងារ​ធ្វើ នៅក្រៅ​ប្រព័ន្ធ ក្នុង​វិស័យ​កសិកម្ម និង​វិស័យ​ផ្សេងៗ​ទៀត ដែលមាន​កម្លាំង​ពលកម្ម រាប់ពាន់នាក់ នឹងមាន​អ្នក​ត្រៀមខ្លួន​ចង់​ចូល​បំរើ​ការងារ​ក្នុង​ប្រព័ន្ធ ទាំង​ខាង​ផ្នែក​ផលិតកម្ម ក្នុង​វិស័យ​ឧស្សាហកម្ម ឬ​ខាង​ផ្នែក​វិស័យ​ទេសចរណ៍ និង​មាន​ចង់​ចូល​បំរើសេវា​កម្ម​ផ្សេងៗ​ទៀត បើ​មាន​ការងារ​នោះ ដែល​អាចឆ្លើយតប​សម​ស្រប ទៅនឹង​ធនធាន​សមត្ថភាព​ដែល​ពួកគាត់​មាន​៕​