ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២២ រហូតដល់​ខែមិថុនា ឆ្នាំ​២០២៣ ក្រុមហ៊ុន ឆាយ​ណា ជិន​វ័រ​យាន អ៊ី​ម​ផត​អិ​ច​ផត បាន​ចុះកិច្ចសន្យា​ទិញ​មៀន​ប៉ៃលិន ក្នុងតម្លៃ​ជាក់លាក់ ចាប់ពី ៣.៣០០ ទៅ ៤.៥០០​រៀល​ក្នុង​១​គីឡូក្រាម និង​បញ្ជា​ទិញ​កសិផល​ពោតក្រហម ក្នុងតម្លៃ ៦៣៦,៦៤​រៀល ក្នុង​១​គីឡូក្រាម (៥,៧​បាត​/​គ្រក​)​។ ក្នុងនោះ ពោត​ស្នូល​សំណើម​៣០% និង​តម្លៃ ៦៤៧,៨១​រៀល​/​គ្រក (៥,៨​បាត​/​គ្រក​) សម្រាប់​ពោត​ស្នូល​សំណើម ២៩%​។​

​ប្រភព​ដដែល​បាន​បន្តថា តាមរយៈ​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា រវាង​ក្រុមហ៊ុន​ស៊ី ភី ខេ​ម​បូ​ឌា ចំកាត់ និង​តំណាង​សៃ​ឡូ នៅ​ខេត្ត​ប៉ៃលិន ព្រមទាំង​ពិធី​ប្រកាស​តម្លៃ​បញ្ជា​ទិញ​មៀន​រវាង​ក្រុមហ៊ុន​ឆាយ​ណា ជិន​វ័រ​យាន អ៊ឹម​ផត អិ​ច​ថត ជាមួយ​សហគមន៍​មៀន​ប៉ៃលិន និង​ខេត្ត​៣​ផ្សេងទៀត រួមមាន​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ពោធិ៍សាត់ នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន​រួចមក ក្រុមហ៊ុន ឆាយ​ណា បាន​ចុះកិច្ចសន្យា​ទិញ​មៀន​ប៉ៃលិន និង​កសិផល​ពោតក្រហម​ក្នុងតម្លៃ​ខាងលើ​។​

​ក្នុងឱកាស​ដឹកនាំ​គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម ចុះ​ពិនិត្យ​ផ្ទាល់​នូវ​ស្ថានភាព​នៃ​ការនាំចេញ​កសិផល​នៅតាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ និង​ទីតាំង​សៃ​ឡូ​មួយចំនួន នៅក្នុង​ខេត្ត​ប៉ៃលិន បាត់ដំបង និង​បន្ទាយមានជ័យ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​តំណាង​សៃ​ឡូ​ទាំងនោះ ដើម្បី​សិក្សារ​ស្វែងយល់​បន្ថែម​ពី​បញ្ហា​ប្រឈម​នានា ជុំវិញ​ការអភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ​ទី​ផ្សារលើ​ផលិតផល​ពោតក្រហម និង​មៀន​ប៉ៃលិន​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ​។​

​ជាមួយគ្នានេះ បន្ទាប់ពី​បាន​ស្តាប់​ការរាយការណ៍ និង​សំណូមពរ​មួយចំនួន​របស់​ក្រុម​កសិករ​ផលិត​តំណាង​សៃ​ឡូ អំពី​បញ្ហា​មួយចំនួន​ដែល​កំពុង​ជួបប្រទះ លោក​រដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ណែនាំ ៣​ចំណុច ដល់​លោក​អគ្គនាយក​ពាណិជ្ជកម្ម​ក្នុងប្រទេស ក្នុងការ​សិក្សា និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​សមាគម សហគមន៍ និង​សៃ​ឡូ តាមរយៈ​ការសហការ​ជាមួយ​គ្រប់​ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​រក​ដំណោះស្រាយ​ដ៏​ល្អប្រសើ​មួយ​ប្រកបដោយ​ប្រសិទ្ធភាព ដែល​អនុសាសន៍​ទាំងនោះ រួមមាន​៖១-​ស្នើសុំ​ការសហការ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ពិនិត្យ​លទ្ធ​ភាពចុះ​ផ្សព្វផ្សាយ​ដល់​កសិករ​អំពី​អត្ថប្រយោជន៍​នៃ​ការចុះបញ្ជី​ចម្ការ​សម្រាប់​ផលិតផល​ពោតក្រហម ការចុះបញ្ជី​ការអនុវត្ត​កសិកម្ម​ល្អ (GAP) សម្រាប់​ផលិតផល​មៀន​ប៉ៃលិន ការស្នើសុំ​ភូ​ត្ត​គា​ម​អនាម័យ (SPS) និង​នីតិវិធី​នៃ​ការនាំចេញ ដើម្បីឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​។​២-​ស្នើសុំ​ការសហការ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​សម្របសម្រួល និង​ព​ន្លឿ​ន​នូវ​ការចេញលិខិត​ស្នើសុំ​ការបញ្ជាក់​ភូ​ត្ត​គា​ម​អនាម័យ​ដល់​ក្រុមហ៊ុននាំចេញ និង​សៃ​ឡូ​បញ្ជា​ទិញ​ពោតក្រហម និង​មៀន​ប៉ៃលិន​។ និង​៣-​ស្នើសុំ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ពិនិត្យ​លទ្ធភាព​ធ្វើ​សុខដុម​នីយកម្ម​លើ​រថយន្ត​ដឹកទំនិញ​របស់​ឈ្មួញ​ទិញ​ពោតក្រហម​ឲ្យ​ស្របទៅតាម​ស្តង់ដា​កំណត់​របស់​ភាគី​ថៃ នៅក្នុង​រដូវ​ប្រមូល​ផល​ពោតក្រហម​ក្នុង​ចន្លោះ ខែកក្កដា និង​ខែសីហា ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន​ឬ​ឈ្មួញ​នាំចេញ​ទៅកាន់​ប្រទេស​ថៃ​។​

​គិត​មកដល់​បច្ចុប្បន្ន ផ្ទៃដី​ដាំ​ដុះ​ពោតក្រហម​មាន​ទំហំ​ប្រមាណ ១៤៥.៩៨៣​ហិកតា នៅក្នុង​ខេត្ត​មួយចំនួន ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រះវិហារ ព្រៃវែង និង​ខេត្តកណ្តាល​ជាដើម និង​មាន​ទីផ្សារ​ទៅ​ក្រៅប្រទេស ដូចជា ថៃ វៀតណាម កូរ៉េ និង​បង់​ក្លា​ដេ​ស ដោយ​នាំចេញ​ទៅតាម​ច្រករបៀង​ទៅ​ប្រទេសជិតខាង​៕​