ប្រែ​សម្រួលៈ​បំណង​(ST, BLOOMBERG)៖ សភា​ស្រីលង្កា​កាលពី​ថ្ងៃ​ពុធ​ទី​២០​កក្កដា​បាន​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធានាធិបតី​ស្តីទី​លោក រ៉ានី​ល វី​កក្រេ​មេ​ស៊ីង​(Ranil Wickremesinghe)​ជា​ប្រធានាធិបតី​ថ្មី ដោយ​សង្ឃឹមថា​លោក​នឹង​ទាញ​ប្រទេស​ចេញពី​មហា​វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ​ដ៏​អូសបន្លាយ​។​

​លទ្ធផល​ផ្លូវការ​បាន​បង្ហាញថា​លោក វី​កក្រេ​មេ​ស៊ីង ទទួលបាន​សម្លេង​គាំទ្រ​១៣៤​សម្លេងក្នុង​ការបោះឆ្នោត​ក្នុ​សភា ដោយ​គូប្រជែង​សំខាន់​ជាងគេ​លោក​ឌុល​ឡា​ស អា​ឡា​ហា​ពែ​រូ​ម៉ា​(Dullas Alahapperuma)​ទទួលបាន​៨២​សម្លេង​ហើយ​ជន​ឆ្វេងនិយម អានុ​រ៉ា ឌី​សសាណា​យ៉ា​កេ (Anura Dissanayake)​ទទួលបាន​តែ​បី​សម្លេង​។​

​ក្រោយ​ការរាប់​សន្លឹកឆ្នោត​ចប់ អគ្គលេខា​សភា​បាន​និយាយថា​«​លោក​រ៉ានី​ល វី​កក្រេ​មេ​ស៊ីង បាន​ជាប់​ជា​ប្រធានាធិបតី​ប្រតិបត្តិ​លើក​ទី​ប្រាំបី​នៅក្រោម​រដ្ឋធម្មនុញ្ញ​»​។​

​ប្រធានាធិបតី​ស្តីទី​លោក រ៉ានី​ល វី​កក្រេ​មេ​ស៊ីង​(​ស្តាំ​)​នឹង​ក្លាយជា​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ស្រីលង្កា រហូតដល់​ឆ្នាំ​២០២៤

​មេដឹកនាំ​រូប​នេះ​បាន​ពណ៌នា​ការជាប់ឆ្នោត​របស់​លោក​ថា​ជា​«​ការ​ផ្តល់​កិត្តិយស​និង​ឯកសិទ្ធិ​»​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រទេស នៅ​ពេល​លោក​ថ្លែង​ទៅ​កាន់​សភា​ក្រោយ​ការប្រកាស​លទ្ធផល​។​លោក​​បាន​និយាយថា​«​ការបែកបាក់​របស់​យើង​ឥឡូវ​ចប់​»​។​

​លោក​ក៏​បាន​អញ្ជើញ​លោក​ឌុល​ឡា​ស អា​ឡា​ហា​ពែ​រូ​ម៉ា​អោយ​ចូលរួម​ជា​លោក​និង​«​រួម​គ្នា​ធ្វើការ​ដើម្បី​នាំ​ប្រទេស​ចេញពី​វិបត្តិ​ដែល​យើង​កំពុង​ប្រឈម​»​។​

​ដោយ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​វ័យ​៧៣​ឆ្នាំ​រូប​នេះ​អោយ​កាន់​តំណែង​ប្រតិបត្តិ​កំពូល គណៈរដ្ឋមន្ត្រី​បច្ចុប្បន្ន​នឹង​ត្រូវ​រលាយ​ជា​ស្វ័យប្រវត្តិ​ហើយ​លោក​នឹង​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ម្នាក់​ដើម្បី​បង្កើត​គណៈ​រដ្ឋ​​មន្ត្រី​ថ្មី​មួយ​។​

​ក្នុងពេល​ជាមួយគ្នា ប្រធាន​សភា​បាន​និយាយថា​«​នេះ​ជា​សម័យប្រជុំ​ប្រវត្តិសាស្ត្រ​មួយ វា​មិន​ត្រឹម​តែ​សភា​តែ​ប្រទេស​ទាំងមូល​។​គ្រប់​ក្រសែភ្នែក​ពិភពលោក​សម្លឹង​មក​យើង​នៅ​ថ្ងៃនេះ នៅពេល​យើង​ជ្រើស​​រើស​ប្រធានាធិបតី​ថ្មី​ម្នាក់​»​។​

សូមបញ្ជាក់ថា ​លោក រ៉ានី​ល វី​កក្រេ​មេ​ស៊ីង បាន​ក្លាយ​ជា​ប្រធានាធិបតី​ស្តីទី​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​ប្រធានាធិបតី​ដែល​ត្រូវ​បាតុករ​ចោរោ​ម​បណ្តេញ​ពី​អំណាច​លោក​រ៉ា​ចា​ប៉ាក់​សា​(Rajapaksa)​បាន​ភៀសខ្លួន​​ចេញពី​ប្រទេស​ទៅកាន់កោះ​ម៉ាល់​ឌី​វ និង​បន្ទាប់មក​ទៅ​សិង្ហ​បុរី មុន​ប្រកាស​លាឈប់​ផ្លូវការ​៕