​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: នៅ​ព្រឹក​ថ្ងៃទី​២០ កក្កដា ២០២២ នេះ នៅ​សាលាបឋមសិក្សា គំរូ​ក្រុង​កំពង់ឆ្នាំង មាន​រៀបចំ​ពិធី​សមាធិ​អប់រុំ​ផ្លូវចិត្ត ដល់​សិស្សានុសិស្ស ឱ្យបាន​ដឹង​ពិ​វិន័យ និង​កិច្ច​ប្រតិបត្តិ គោរព​អ្នកមានគុណ លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ។​

​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព ព្រះគ្រូ នៅ សោ​ភ័​ណ្ឌ និមន្ត​មកពី​វត្ត​ធម្មយុត្តិ និង​មានការ​ចូលរួម​ពី​លោក នុត អង្គា​រ៍ នាយក​សាលាបឋមសិក្សា​គំរូ ក្រុង​កំពង់ឆ្នាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ថ្នាក់​ទី​៥ ចំនួន ១០០ នាក់ ។​

​លោក នុត អង្គា​រ៍ នាយក​សាលាបឋមសិក្សា​គំរូ ក្រុង​កំពង់ឆ្នាំង បានបញ្ជាក់​ឱ្យដឹងថាៈ ការធ្វើ​សមាធិ​នេះ ដើម្បី​កែ​ទម្លាប់​របស់​កុមារ ឱ្យមាន​ទម្លាប់​ល្អ និង​អំពើ​ល្អ សកម្មភាព​នេះ ហៅថា សមាធិ ដែល​ធ្វើជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៧​និង​៣០​នាទី រហូតដល់​ម៉ោង ៩ ហើយ​ការធ្វើ​នេះ ទៅតាម​កម្រិត​ថ្នាក់ ឥឡូវនេះ យើង​បានធ្វើ​ចប់​ថ្នាក់​ទី ៦ និង​បាន​សិស្សានុសិស្ស ចូលរួម​ជាង ៤០០ នាក់ និង​មាន​ព្រះសង្ឃ ចូលរួម​ធ្វើការ​អប់រំ តាមរយៈ​សមាធិ ដែលជា​គោលបំណង ធ្វើឱ្យ​សិស្សានុសិស្ស មាន​ទម្លាប់​ល្អ មានការ​ប្រតិបត្តិ នៅក្នុង​គ្រូ​សារ មាន​ឪពុកម្ដាយ គោរព​ចាស់ព្រឹទ្ធាចារ្យ ដឹងគុណ​មាតាបិតា និង​សិស្ស​ទាំងអស់ ចេះ​មាន​ការគោរព​គ្នា​ទៅវិញទៅមក គោរព​លោកគ្រូ អ្នកគ្រូ និង​គុណ​តម្លៃ នៃ​ការសិក្សា នៅតាម​បណ្តា​សាលារៀន ។​

​លោកនាយក​សាលាបឋមសិក្សា​គំរូ ក្រុង​កំពង់ឆ្នាំង បានឱ្យដឹង​ទៀតថាៈ កិច្ចការ​នេះ សំខាន់​ណាស់ ដែល​យើង មាន​តួនាទី​ជា​អ្នកគ្រប់គ្រង ធនធានមនុស្ស ប្រសិនបើ​យើង អត់​បាន​គិតពី​ចំណុច​នេះ​ទេ យើង​ជា​អ្នកគ្រប់គ្រង ទាំង​គ្រូ ទាំង​សិស្ស នៅ​ធ្វើឱ្យ​ពួកគាត់ ដើរ​ផ្លូវខុស និង​អនាគត​របស់គាត់ មិនបាន​ល្អ អីចឹង​ហើយ ទើប​យើង​អនុវត្ត​កម្មវិធី​នេះ ជា​រៀងរាល់ថ្ងៃ គ្រប់​កម្រិត​ថ្នាក់ ពេញ​មួយ​ឆ្នាំនេះ​តែម្តង ហើយ​គោលបំណង​ទី​២ គឺថា​គាត់​នៅត្រង់ណា ហើយ​កំពុង​ធ្វើ​អ្វី ព្រោះ​ការសិក្សា វា​ជា​ចំណែក​មួយ​ដ៏​ធំធេង​ណាស់ របស់​ជីវិត​មនុស្សម្នា​ក់ៗ តែ​ការអប់រំ​ផ្លូវចិត្ត ក៏​ជា​ចំណែក​មួយ​សំខាន់​ដែរ ដោយសារតែ​ឥទ្ធិពល នៃ​សង្គម សព្វថ្ងៃនេះ ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន ប្រព្រឹត្ត​មិនល្អ ដូចជា​ការប្រើប្រាស់​គ្រឿងញៀន មាន​បងធំ​បងតូច ធ្វើ​ចិត្ត​ឱ្យ​សាហាវ អាច​កាប់​ចាក់​វ៉ៃ​គ្នា តួនាទី​ជានា​យក​សាលា និង គ្រូបង្រៀន ត្រូវតែមាន​ឆន្ទៈ និង​ផែនការ​ច្បាស់លាស់ និង​តម្រង់ទិស​របស់គាត់ និង​ឱ្យ​គាត់ សម្រេចបាន​នូវ​គោលដៅ​របស់​ក្រសួង ចងក្រង​ពួកគាត់ ឱ្យមាន​បំ​ណិ​ន​ទាំង ៣ មាន​វិជ្ជា​សម្បទា ចរិយា​សម្បទា និង​បំ​ណិ​ន​សម្បទា សិស្សានុសិស្ស ទាំងអស់ ត្រូវតែមាន បំ​ណិ​ន​ទាំងបី​នេះ ដោយ​ធ្វើឱ្យ​ខ្លួន ក្លាយជា​សិស្ស​ល្អ គ្រួសារ​ល្អ ធនធានមនុស្ស​ដ៏​ល្អ សម្រាប់​សង្គមជាតិ​។​

​ដោយឡែក ព្រះគ្រូ នៅ សោ​ភ័​ណ្ឌ ព្រះអង្គ​គង់នៅ​វត្ត​ធម្មយុត្តិ ក្រុង​កំពង់ឆ្នាំង បាន​មាន​សង្ឃ ដីកា​ថាៈ ព្រះអង្គ​បាន​និមន្ត​មក​ចូលរួម ផ្ដល់​ជា​ឱវាទ​ដល់​ប្អូនៗ សិស្សានុសិស្ស ថ្ងៃនេះ ក្រោម​ការ​និមន្ត​របស់​គ្រូ​នាយក បាន​និមន្ត​ឱ្យជួយ​បង្ហាត់បង្ហាញ ឬ​បញ្ជ្រាប​ចំណេះដឹង ទាក់ទង​នឹង​សីលធម៌​របស់​សិស្សានុសិស្ស ព្រះ​អង្ក​មាន​អារម្មណ៍​ថា ពេញចិត្ត​ក្នុង​កម្មវិធី​នេះ ដោយ​ព្រះអង្គ បាន​យល់ឃើញថា ជា​ការល្អប្រពៃ​ថ្លៃថ្លា​មែនទែន ដោយ​ទីមួយ ផ្សាភ្ជាប់​ផ្នែក ចំណេះដឹង លើ​ព្រះពុទ្ធសាសនា បញ្ជ្រាប​ដល់​ក្មួយៗ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កាន់តែ​យល់ច្បាស់ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ក៏ដូចជា អាណាចក្រ​ផងដែរ ហើយ​ទី​២ ឃើញថា កម្មវិធី​នេះ ល្អ​ក្នុង​ការកែប្រែ​ផ្នត់គំនិត និង​ទម្លាប់​ណាមួយ ដែល​សិស្សានុសិស្ស មានការ​ខ្វះខាត ព្រម​នឹង​ការបង្រៀន​បង្ហាត់បង្ហាញ ពី​លោកគ្រូ​អ្នកគ្រូ​។​

​ព្រះអង្គ​មាន​សង្ឃដីកា​ថាៈ កម្មវិធី​វី​នេះ​ល្អ​ដែល​អាចឱ្យ​សិស្សានុសិស្ស យល់បាន​ច្រើន​។ ចំពោះ​ព្រះអង្គ មាន​ពាក្យសម្ដី​ជាច្រើន ដែល​ចូលរួម​អប់រំ​ណែនាំ ហើយ​ថ្ងៃនេះ ក៏​ជា​ជំហាន ដំបូង ដែល​ព្រះអង្គ បាន​ចូលរួម​អប់រំ​ណែនាំ ដល់​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់ ធ្វើការ​បញ្ជ្រាប​ចំណេះដឹង​។ ព្រះអង្គ​បាន​មាន​សង្ឃដីកា បញ្ជាក់ទៀតថាៈ បើ​មាន​ឱកាសល្អ ព្រះអង្គ​ចូលរួម នៅក្នុង​កម្មវិធី​នេះ ព្រោះ​កម្មវិធី​នេះ ជា​កម្មវិធី​មួយ​អប់រំ​ផ្សព្វផ្សាយ ណែនាំ បំ​ណិ​ន​ជីវិត​របស់​កុមារ ស្តីពី​គុណ​តម្លៃ នៃ​ការសិក្សា​រៀនសូត្រ ជា​កូន​ល្អ ជា​ពលរដ្ឋ​ល្អ​។ ព្រះអង្គ សង្ឃឹមថា កម្មវិធី​នេះ នឹងមាន​ជា​រៀងរហូត ហើយ​ព្រះអង្គ​ពេញចិត្ត​នឹងចូលរួម ក្នុង​កម្មវិធី​មួយ​នេះ​។​

​ជា​ចុង​ក្រោយនេះ លោកនាយក​សាលាបឋមសិក្សា​គំរូ ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​បន្ថែមទៀត ថាៈ ដើម្បី​សម្រេចបាន​នូវ​ផ្លូវ​ជីវិត​របស់​កុមារ មិនមែន​តែត្រឹម​លោកគ្រូ អ្នកគ្រូ​នោះទេ លោក​បាន​សំណូមពរ ដល់​មាតាបិតា មិន​ថា តែ​មាតាបិតា នៅក្នុង​សាលា​គំរូ ក្រុង​ខេត្តកំពង់ឆ្នាំង គឺ​ត្រូវតែ​ចូលរួម​អប់រំ​នៅផ្ទះ គួរតែ​ពិនិត្យ​ទៅលើ​ការរៀនសូត្រ​របស់​កូន ហើយ​ទី​ពីរ លើ​ការប្រើប្រាស់​ភាសា ចំពោះ​កូន​នៅផ្ទះ ត្រូវ​ប្រើប្រាស់​ភាសា យ៉ាងម៉េច ឱ្យ​មានការ​សមរម្យ មានគុណ​ធម៌ ហើយ​ទី​បី ត្រូវ​តាមដាន​កា​រៀនសូត្រ​របស់​កូន ដើម្បី​សម្រេច​ទិសដៅ​របស់​កូន និង​ទិសដៅ​តប​ស់​ក្រុមគ្រួសារ ហើយ​អ្វីដែល​យើង​កំពុង​ធ្វើ​វា ជា​លទ្ធផល​រួមគ្នា លើ​ចំណេះដឹង មាន​អនាគត​ល្អ ក្លាយជា​កូន​ល្អ បម្រើ​ការងារ​បំរើ​សង្គមជាតិ ដែល​កំពុង​ត្រូវការ​គាត់​៕/V​