ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ អាជ្ញាធរ​ស្រុក​ទឹកផុស បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ការខូចខាតផ្លូវ ទំនប់​ចាក់​ទឹម ទំនប់​ដូន​ពៅ និង​ស្ពានថ្ម​អូរ​ឃ្លៃ ដែល​បាន​រង​ការខូចខាត ដោយសារ​ជំនន់​ទឹកភ្លៀង តែ​មូ​យ​យប់ ហើយ​ផលដំណាំ និង​ភូមិដ្ឋាន ក៏​រង​ការប៉ះពាល់ ផងដែរ​។

​អភិបាលស្រុក​ទឹកផុស លោក សូត្រ សង់ បានឱ្យដឹង នៅវេលា​ម៉ោងជាង ១ រសៀល ថ្ងៃទី​២០ កក្កដា នេះ​ថាៈ ទំនប់​ចាក់​ទឹម និង​ទំនប់​ដូន​ពៅ នៅ​ឃុំ​ជៀប បាន​ខូចខាត​ដោយសារតែ​ជំនន់​ទឹកភ្លៀង តែ​មូ​យ​យប់ ហើយ​ផលដំណាំ និង​ភូមិដ្ឋាន ក៏​រង​ការប៉ះពាល់ ផងដែរ​។ ទំនប់​ចាក់​ទឹម បាន​ខូចខាត​ប្រវែង ប្រហែល ១០០ ម៉ែត្រ ជម្រៅ​ប្រហែល ១០ ម៉ែត្រ និង​ស្ពានថ្ម​អូរ​ឃ្លៃ ភូមិ​តា​នៃ ប្រវែង ១៥ ម៉ែត្រ ជម្រៅ ៣,៥ ម៉ែត្រ​។ នៅត្រង់​ទីតាំង​នេះ មន្ត្រី​ជំនាញ​ក្រសួង​ធនធានទឹក កំពុង​ប្រើ​គ្រឿងចក្រ ធ្វើការ​ជួសជុល ។ ចំណែក​ទំនប់​ដូន​ពៅ ទឹកបាន​បុក​ដាច់​ភ្លឺ ខាងជើង​ប្រឡាយ ប្រវែង ១៥០ ម៉ែត្រ ទទឹង​ចាប់ពី ០,៥ ម៉ែត្រ ទៅដល់ ២ ម៉ែត្រ ហើយ​សណ្ដ​ខាងត្បូង​ប្រឡាយ មិនទាន់​វាយតម្លៃ​បាន មូលហេតុ​ទឹក កំពុងតែ​ហូរ​បុក នៅឡើយ​។​

​លោក សូត្រ សង់ បានឱ្យដឹង​ទៀតថាៈ ជាមួយគ្នានេះដែរ អាជ្ញាធរ​ស្រុក​ទឹកផុស បាន​ជូនដំណឹង​ដល់ ឃុំ​ចោ​ង​ម៉ោង និង​ឃុំ​តាំងក្រសាំង ឱ្យ​បើកទ្វារ​ទឹក​ទាំងអស់ ដើម្បី​រំដោះ​ទឹកជំនន់ ប៉ែក​ខាងលើ​។​

​លោក សូត្រ សង់ បាន​ប្រាប់​ឲ្យ​ដឹង​បន្តថាៈ ករណី​គ្រោះធម្មជាតិ ដូចខាងលើ​នោះ មន្ត្រី​ជំនាញ ក្រសួង​ធនធាន ទឹក កំពុងធ្វើការ​ជួសជុល សាងសង់ នៅ​ទំនប់​ស្ទាក់​ទឹក​មួយ កន្លែង ត្រង់ចំណុច​ចាក់​ទឹម ហើយ​គេ​បានធ្វើ​ផ្លូវ​វែង តែ​ដោយ​ស្ថានភាព​ភ្លៀង​ខ្លាំង ទើបបាន​ក្រុមការងារ​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម ធ្វើការ​កាយ​ចេញ​ទាំង​កណ្ដាល យប់ ព្រោះ​អាច​ខ្លាច​ទឹក​ហូរ មិនទាន់​បណ្តាលឱ្យ​បាក់​កាន់តែ​ធំ ។​

​លោក​អភិបាលស្រុក​ទឹកផុស បានបញ្ជាក់​ថាៈ ក្រោយពី​ភ្លៀង​បាន​រាំង ក្រុមការងារ​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹងធ្វើ​ការជួសជុល​កែលម្អ​ផ្លូវ​ទាំងអស់​ហ្នឹង ឱ្យ​ដំណើរការ ជាធម្មតា​ឡើងវិញ ហើយ​ខាង​ក្រុមការងារ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ជូនដំណឹង ជាមុន​ផងដែរ​៕/V​