ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ ប៉ូលិស​បាន​និយាយថា យ៉ាងហោច​ណាស់​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ ១៧ នាក់ រួម​ទាំង​តំណាងរាស្ត្រ​ល្បី​លេចធ្លោ អា​ឡិច​ស៊ែ​ន​ឌ្រៀ អូ​កា​ស៊ីអូ ខ​ត​ថេ​ស (Alexandria Ocasio-Cortez) និង អ៊ី​ល​ហាន អូ​ម៉ា (Ilhan Omar)​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ការតវ៉ា​អំពី​សិទ្ធិ​រំលូតកូន​នៅ​ខាងក្រៅ​តុលាការ​កំពូល​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​​អង្គារ​ទី​១៩​កក្កដា​។​

                        សមាជិកសភាអ៊ី​ល​ហាន អូ​ម៉ា ត្រូវប៉ូលិសចាប់ខ្លួននៅមុខតុលាការកំពូលក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃ១៩កក្កដា

​ប៉ូលិស​ការពារ​វិមាន​កា​ពី​តូ​ល​អាម៉េរិក​បាន​និយាយ​នៅ​លើ Twitter​ថា ក្រុមបាតុករ​បាន​បិទ​ចរាចរណ៍​នៅលើ​ផ្លូវ​ក្បែរ​នោះ ហើយ​ត្រូវបាន​ផ្តល់​ការព្រមាន​ចំនួន​បី​លើក​មុន​ពេល​ក្រុម​មន្ត្រី​ធ្វើការ​​ចាប់ខ្លួន​។​

​ប៉ូលិស​បាន​និយាយថា “​យើង​បាន​ធ្វើ​ការចាប់ខ្លួន​មនុស្ស​សរុប​ចំនួន ៣៥ នាក់​ពី​បទ​នាំឱ្យ​មាន​មនុស្ស​ណែន​កកកុញ រារាំង​រំខាន ឬ បិទ​ផ្លូវ​ចេញចូល​។ ក្នុងចំណោម​អ្នក​ត្រូវ​ចាប់ខ្លួន​ក៏​មាន​សមាជិក​សភា ១៧ នាក់​ផង​ដែរ​”​។​

​បាតុកម្ម​តូច​នេះ​បាន​កើតឡើង​បី​សប្តាហ៍​បន្ទាប់​ពី​សេចក្តីសម្រេច​ដ៏​ចម្រូងចម្រាស​ដោយ​តុលាការ​កំពូល​ដែល​បាន​លុបចោល​សេចក្តីសម្រេច​ដ៏​សំខាន់​នៅ​ឆ្នាំ ១៩៧៣ ហៅថា Roe v. Wade​ដែល​បាន​​ធានា​សិទ្ធិ​របស់​ស្ត្រី​ក្នុងការ​រំលូត​កូន​។​

​លោកស្រី​អូ​ម៉ា តំណាងរាស្ត្រ​មក​ពី​រដ្ឋ​មី​នី​សូ​តា បាន​និយាយ​នៅលើ Twitter​ថា “​ថ្ងៃនេះ​ខ្ញុំ​ត្រូវបាន​ចាប់ខ្លួន​ខណៈ​ចូលរួម​ក្នុង​សកម្មភាព​បដិសេធ​ច្បាប់​រដ្ឋ​ជាមួយ​សមាជិក​សភា​របស់​ខ្ញុំ​នៅ​ខាងក្រៅ​​តុលាការ​កំពូល​”​។​

​លោកស្រី​បាន​សរសេ​រលើ Twitter​ថា “​ខ្ញុំ​នឹង​បន្ត​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​តាម​អំណាច​របស់​ខ្ញុំ​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ការរំលោភ​លើ​សិទ្ធិ​បន្ត​ពូជ​របស់​ពួកយើង​!”​។​

​តំណាងរាស្ត្រ ខា​រ៉ូ​លីន ម៉ា​ឡូ​នី (Carolyn Maloney) នៃ​រដ្ឋ​ញូវយ៉ក ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ ហើយ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​និយាយថា “​គ្មាន​លទ្ធិប្រជាធិបតេយ្យ​ទេ​ប្រសិនបើ​​ស្ត្រី​មិន​មាន​ការគ្រប់គ្រង​លើ​រាងកាយ​របស់​ពួកនាង និង​ការសម្រេចចិត្ត​អំពី​សុខភាព​របស់​ពួកនាង រួម​ទាំង​ការថែទាំ​ផ្នែក​បន្ត​ពូជ​”​។​

“​គណបក្ស​សាធារណរដ្ឋ​និង​ពួក​ស្តាំនិយម​ជ្រុល​នៅ​ពីក្រោយ​ការសម្រេចចិត្ត​នេះ មិន​បាន​គាំទ្រ​ជីវិត​ទេ ប៉ុន្តែ​គាំទ្រ​ដល់​ការគ្រប់គ្រង​រាងកាយ​របស់​ស្ត្រី កុមារី និង​បុគ្គល​ណា ដែល​អាច​មាន​ផ្ទៃពោះ​បាន​”​។​

​វីដេអូ​ពី​ការតវ៉ា​បានបង្ហាញ លោកស្រី​ខ​ត​ថេ​ស លោកស្រី​អូ​ម៉ា និង​អ្នក​ផ្សេង​ទៀត​ត្រូវបាន​នាំ​ចេញ​ទៅ​ឆ្ងាយ តែ​មិន​ជាប់​ខ្នោះ​ទេ ហើយ​គ្រវី​ដៃ​ទៅ​កាន់​អ្នកគាំទ្រ​៕

លោកស្រី​ខ​ត​ថេ​ស (​ឆ្វេង​) និង​អ្នក​ផ្សេង​ទៀត​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ក្រៅ​តុលាការ​កំពូល​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារ ទី​១៩ កក្កដា ឆ្នាំ​២០២២​