ដោយៈសុផល/ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងអង្គការ Swisscontact កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) ប្រចាំឆមាសទី១ ឆ្នាំ២០២២ និងទិសដៅឆមាសទី២ ឆ្នាំ២០២២ ។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និង លោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ Swisscontact បានអញ្ជើញចូលរួម
កិច្ចប្រជុំ បានបញ្ជាក់ពីវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ជំនាញ និងទិសដៅបន្តរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ ដោយនឹងពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលជាខេត្តគោលដៅទេសចរណ៍តំបន់ជុំវិញបឹងទន្លេសាប។
ការបណ្តុះបណ្តាលនឹងផ្តោតលើទម្រង់នៃកិច្ចសហប្រតិបត្តិរួមមាន៖
១. ជំរុញកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីសម្របសម្រួលការអនុវត្តគម្រោងឲ្យបានកាន់តែល្អប្រសើរប្រកបដោយគុណភាព និងផលិតភាពខ្ពស់។
២. ពង្រឹងសមត្ថភាពមន្ទីរទេសចរណ៍ខេត្តគោលដៅខ លើការការរៀបចំកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច សមត្ថភាពគ្រូបង្គោល និងកិច្ចសហការជាមួយប្រតិបត្តិការទេសចរណ៍ ដើម្បីនិរន្តរភាពនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនៅពេលអនាគត។
៣. លើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ គេហកិច្ច ចុងភៅ សហគមន៍ទេសចរណ៍/អេកូទេសចរណ៍ និងជំនាញឆុងកាហ្វេ៕