ដោយៈ​សុផល​/​ព្រះសីហនុ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នា ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២​បាន​ដឹក​ក្រុមការងារ​បច្ចេកទេស​ពាក់ព័ន្ធ​របស់​ក្រសួង អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​កំណាត់​ផ្លូវ​លេខ​១៤៦​បេ (​វិថី​សម្ដេច​សង្ឃរាជ​ទេព​វង្ស​) និង​ផ្លូវ​លេខ​១៤៨ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ក្រុមការងារ​បច្ចេកទេស​ម​ន្ទីរ​សាធារណការ និង​ដឹកជញ្ជូន តំណាង​ក្រុមហ៊ុន​សាងសង់ និង​ទីប្រឹក្សាបច្ចេកទេស​។

​ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់ ក៏ដូចជា​ដើម្បី​ផ្ទៀងផ្ទាត់​គុណភាព​ក្រោយ​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ ថា​តើ​ក្រុមហ៊ុន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​កិច្ចសន្យា និង​ស្តង់ដារ​បច្ចេកទេស​រប​ស់​ក្រសួង​ដែល​បាន​ព្រមព្រៀង​ដែរ​យ៉ាងណា​។​

​ថ្លែង​ក្នុង​បទសម្ភាសន៍​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ ក្រុមការងារ​បច្ចេកទេស​ក្រសួង ដែល​ដឹកនាំ​ដោយ​អគ្គនាយកដ្ឋាន​បច្ចេកទេស បានធ្វើ​តេស្ត​សាកល្បង​គុណភាព​សាងសង់​ផ្លូវ​១៤៦​បេ នេះ​ដោយ​ប្រើ​ឧបករណ៍​ទំនើបៗ​ជាច្រើន ដូចជា ម៉ាស៊ីន FWD , ROMDAS, GPR, Nuclear, Pendulum ដើម្បី​ពិនិត្យថា​តើ​ក្រុមហ៊ុន​បាន​គោរព​តាម​ស្តង់ដារ​បច្ចេកទេស​ដែរ​យ៉ាងណា​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា​៖ ជា​លទ្ធផល​នៃ​ការធ្វើ​តេស្ត​បាន​បង្ហាញថា​៖ ផ្លូវ​នេះ​សាងសង់​បានល្អ មានគុណ​ភាពរឹងមាំ​ដោយហេតុថា មានការ​ធ្វើតេស្ត​សាកល្បង​ចំនួន​៤១៤​កន្លែង ក្នុងនោះ​មានតែ​ពីរ​កន្លែង​ប៉ុណ្ណោះ​មាន គុណភាព​ក្រោម​កម្រិត​បច្ចេកទេស​បន្តិច ប៉ុន្តែ​អាច​ទទួលយកបាន​។ ហើយ​ចំពោះ​កំណាត់​ផ្លូវ​ក្រាល AC វិញ កម្រិត​នៃ​ភាព​រលាក់ IRI មានតម្លៃ​តូច​ជាង ២m/km ដែល​ស្ថិតក្នុង​កម្រិត​ល្អ​ណាស់​។ ចំពោះ​ផ្លូវ​បេតុង ការពិនិត្យ​កម្រិត​នៃ​ភាព​កកិត ក៏​ត្រូវបាន​ផ្ទៀងផ្ទាត់​ឡើងវិញ​ដែរ ហើយ​ជា​លទ្ធផល​ឃើញថា តម្លៃ​នៃ​ភាព​កកិត​របស់​ផ្ទៃ​កម្រាល​បេតុង គឺ​ខ្ពស់ជាង​ស្តង់ដារ​ដែល​បានកំណត់​។​

​បន្ថែម​ពីលើ​នេះ​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​ផ្លូវ​នេះ​អាចជួយ​សម្រួល​ដល់​ឡាន​ដឹកទំនិញ​ធុន​ធ្ងន់​ធ្វើដំណើរ​វាង​ផ្លូវជាតិ​លេខ​៤ ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការកកស្ទះ​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤ ដែល​កន្លងមក​តែងតែ​បង្ក​ភាពយឺតយ៉ាវ​ដល់​ការនាំ​ទំនិញ​ទៅ​លក់​នៅ​បរទេស ហើយ​ក្រសួង​គ្រោង​ស្នើ​ទៅ​អភិបាលក្រុង​ព្រះសីហនុ​ដើម្បី​ពិនិត្យ​រួមគ្នា​លើ​លទ្ធភាព​នៃ​ការអនុញ្ញាតឱ្យ​រថយន្ត​ដឹក​ជ​ញ្ជ​ន​ទំនិញ​ធុន​ធ្ងន់​ចេញពី​កំពង់ផែ​ក្រុង​ព្រះ​សី​នុ​ធ្វើដំណើរ​ចូល​ផ្លូវ​ល្បឿន​លឿន​តែម្ដង ដើម្បី​ចំណេញ​ពេលវេលា និង​កាត់បន្ថយ​បន្ទុក​នៃ​ការដឹកជញ្ជូន​លើផ្លូវ​លេខ​៤​ដែល​កំពុងមាន​ចរាចរណ៍​មមាញឹក​ខ្លាំង​។​

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​បច្ចេកទេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹង ថា​៖ គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​កំណាត់​ផ្លូវ​លេខ​១៤៦​បេ (​វិថី​សម្ដេច​សង្ឃរាជ​ទេព​វង្ស​) និង​ផ្លូវ​លេខ​១៤៨ សម្រេច​វឌ្ឍនភាព​ការងារ​បាន​៩៩,៨១% ហើយ​គិត​រហូត​មកទល់ពេលនេះ​។​

​សូម​ជម្រាបជូន​ថា​៖ កំណាត់​ផ្លូវ​នេះ​គឺជា​ផ្លូវ​វាង​ក្រុង​ដ៏​មាន​សក្ដានុពល​សម្រាប់​ប​ម្រើ​ឱ្យ​ការដឹកជញ្ជូន ទំនិញ​នាំចេញ​-​ចូល​តាម​នាវា កសិផល និង​ជលផល​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ស្ទឹងហាវ ក៏ដូចជា​បងប្អូន​រស់​នៅ​តំបន់​ទំនប់រលក​ចាស់​នៃ​ក្រុងព្រះសីហនុ​ទៅកាន់​ទីផ្សារ កាន់​តែមាន​លក្ខណៈ ងាយស្រួល ឆាប់រហ័ស និង​ចំណាយ​តិច និង​ចូលរួមចំណែក​ដល់​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ យានយន្ត​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់​តាមផ្លូវ​ជាតិ​លេខ​៤​ផងដែរ​៕​