​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាសហែក លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលាដំបូង​ខេត្ត និង​សហការី នា​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែកក្កដា ឆ្នាំ​២០២២ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆ័ន្ទ នាំយក​នូវ​ទៀន​ព្រះវស្សា ទៅ​ប្រគេន​ព្រះសង្ឃ គង់នៅ​វត្ត ចំនួន​៤ វត្ត នៅក្នុង​ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាសហែក ចំនួន ៣ វត្ត គឺ​វត្ត​ឧ​ត្ត​ម​សាមគ្គី វត្ត​ស្វាយ​ទន្ទឹម និង​វត្ត​ទួល​សុ​ក្រំ ដោយឡែក ១​វត្ត​ទៀត គឺ​វត្ត​ប្រជុំ​អង្គ ស្ថិតក្នុង​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ។

​នាឱកាស​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ សែ វុទ្ធី បាន​គូសបញ្ជាក់ថាៈ ទី​វត្ត​អារាម​គឺជា​មូលដ្ឋានគ្រឹះ នៃ​អក្សរសាស្ត្រ​ខ្មែរ​យើង ដែលជា​ជង្រុក នៃ​សម្បត្តិ​វប្បធម៌​ជាតិ និង​ជា​ថ្នាល​បណ្តុះបណ្តាល នូវ​ធនធានមនុស្ស ទាំង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ​។

​សូមបញ្ជាក់ថា ទេយ្យទាន​ដែល​បាន​វេរ និង​ប្រគេន​ដល់​ព្រះសង្ឃ​ទាំង​៤​វត្ត ក្នុងថ្ងៃនេះ រួមមាន ក្នុង​១​វត្ត​ទទួលបាន ទៀន​ធំ ១​គូ អង្ករ​១​បាវ និង​គ្រឿងឧបភោគ បរិភោគ ជាច្រើន​មុខ ព្រមទាំង​បច្ច័យ​មួយចំនួន​៕/V