​ដោយ​៖ ប៉ូ​លី​ទិ​ក / ភ្នំពេញ​៖ ស្ថានទូត​រុស្សី​ប្រចាំ​ប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃទី ២០ កក្កដា​នេះ បានរៀបចំ​សន្និសីទ​សារព័ត៌មាន តាម zoom លើក​ទី​៦ របស់ខ្លួន អំពី​ស្ថានការណ៍ ពាក់ព័ន្ធ​នឹង​អ៊ុយ​ក្រែ​ន​។​

​លោក Rafael Iangareev អនុព័ន្ធ​ពត៌មាន នៃ​ស្ថានទូត​រុស្សី ប្រចាំ​កម្ពុជា និង លោក Sergei Shumilin សេនានុព័ន្ធ​យោធា​រង ប្រចាំ​ស្ថានទូត បាន​ចូលរួម​ជា​វាគ្មិន ក្នុង​សន្និសីទ​ពត៌មាន ។​

​ក្នុង​ស​ន្នី​សីទ​នេះ តំណាង​ស្ថានទូត​រុស្សី បានបញ្ជាក់​ថាៈ កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី បានផ្តល់​ជំនួយ​មនុស្ស​ធម៌ ដល់​ទឹកដី​រំដោះ​។ កងកម្លាំងប្រដាប់អាវុធ និង​អង្គភាព​យោធា​រុស្ស៊ី នៃ​សាធារណរដ្ឋ Donetsk និង Lugansk មិនបាន​បើក​ការវាយប្រហារ នៅ​មូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​ទៅលើ​ប្រជាជន​ស៊ីវិល​នោះទេ​។ ផ្ទុយទៅវិញ បានគិត​លើ​មនុស្សធម៌​ខ្ពស់ និង​ផ្តល់ជំនួយ ក្នុងអំឡុងពេល​ប្រតិបត្តិការ​យោធា​ពិសេស​។​

​ទោះបីជា​មានការ​លំបាក និង​ឧបសគ្គ​ដែល​បង្កឡើង ដោយ​មន្ត្រី​ក្រុង Kiev ក៏ដោយ ក៏​មនុស្ស ២៨.៤២៤ នាក់ ត្រូវបាន​ជម្លៀសចេញ ពី​តំបន់​គ្រោះថ្នាក់​នៃ អ៊ុយ​ក្រែ​ន និង Donbass ក្នុង​រយៈពេល ២៤ ម៉ោង កន្លងមកនេះ​។ សរុបមក ចាប់តាំងពី​ការចាប់ផ្តើម ប្រតិបត្តិការ​យោធា​ពិសេស មនុស្ស​ចំនួន ២.៦១២.៧៤៧ នាក់ ត្រូវបាន​ជម្លៀសចេញ (​រួមទាំង​កុមារ ចំនួន ៤១២.៥៥៣ នាក់​)​។ ចាប់តាំងពី​ថ្ងៃទី​២ ខែមីនា ទំនិញ​មនុស្សធម៌​ចំនួន ៤៤.៥៦០,៦ តោន ត្រូវបាន​បញ្ជូនទៅ​ទឹកដី​រំដោះ នៃ​អ៊ុយ​ក្រែ​ន​, DPR និង LPR ។​

​មន្ត្រី​ស្ថានទូត​រុស្សី​ប្រចាំ​កម្ពុជា បាន​អះអាងថាៈ អ៊ុយ​ក្រែ​ន កំពុងតែ​នាំខ្លួន​បន្ត​ឲ្យ​ផុង​ចូល ក្នុង​អន្ទាក់​របស់លោក​ខាងលិច ដោយ​ជឿ​តាម​ពាក្យ​ញុះញង់ របស់​អមិត្ត រហូតដល់​បង្ខំ​ឲ្យ រុស្សី ប្រកាស​ប្រតិបត្តិការ​ពិសេស​របស់ខ្លួន ទៅលើ​អ៊ុយ​ក្រែ​ន​។​

​មន្ត្រី​ទូត បាន​បន្តថាៈ អ៊ុយ​ក្រែ​ន កំពុងតែ​យក​សាលារៀន មន្ទី​ពេទ្យ ព្រមទាំង​កន្លែង​ហាមប្រាម មួយចំនួនទៀត ជា​ខែល​ការពារ​ខ្លួន ក្នុងការ​ផ្ទុះអាវុធ​ជាមួយ​រុស្សី​។​

​មន្ត្រី​ទូត​រុស្សី បានបញ្ជាក់​ជាថ្មី​ថាៈ គោលដៅ​នៃ​ប្រតិបត្តិការ​ពិសេស របស់​រុស្សី​លើ អ៊ុយ​ក្រែ​ន គឺ​ដើម្បី​ធានា និង​រក្សា​សន្តិសុខ​របស់​រុស្សី ហើយ​ប្រតិបត្តិការ​ពិសេស នេះ​ទៀតសោត គឺ​គោលដៅ ដើម្បី​កម្ទេច​ទាហាន​អ៊ុយ​ក្រែ​ន តែប៉ុណ្ណោះ ដោយ​មិន​ផ្តោតទៅលើ​ជន​ស៊ីវិល ឡើយ​។​

​គួរ​បញ្ជាក់ថា រុស្សី​បាន​បើក​ប្រតិបត្តិការ​ពិសេស​របស់ខ្លួន ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ថ្ងៃទី ២៤ ខែកុម្ភៈ​ដោយ​រុស្សី​ទទូចថា ការឈ្លានពាន​នេះ គឺ​ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព ដល់​ប្រជាជន​រុស្សី ដែល​ត្រូវបាន​អ៊ុយ​ក្រែ​ន ធ្វើបាប​នៅ​តំបន់​ផ្តាច់ខ្លួន Donbass និង Luhanst ៕/V​