ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្ព័ន្ធ​អង្គការ​នៅលើ​ពិភពលោក​នានា វិស័យ​ឯកជន និង​រដ្ឋ សហការគ្នា​ធ្វើ​សន្និសីទ ESG ឆ្នាំ​២០២២ លើកដំបូង លើ​ការងារ​ក្របខ័ណ្ឌ ESG (​បរិស្ថាន សង្គម និង​អភិបាលកិច្ច​) ដើម្បី​ព​ន្លឿ​ន​ការស្វែងរក​ដំណោះស្រាយ ចំពោះ​វិបត្តិ​នានា ដែល​កើតចេញពី​ការកើនឡើង នូវ​កម្ដៅ​ផែនដី ផលវិបាក​ពី​ជំងឺ​កូ​វីដ​-១៩ បញ្ហា​អតិផរណា និង​ការកើនឡើង​នូវ​តម្លៃ​ថាមពល ជាដើម ។

​ក្រោម​មូលបទ “ ការសម្រេចបាន​នូវ​ក្របខណ្ឌ ESG និង​និរន្តរភាព នៃ​កំណើនសេដ្ឋកិច្ច ” សន្និសីទ​នេះ មានការ​ពិភាក្សា អំពី​បញ្ហា​មួយចំនួន រួមមាន​ការប្រែប្រួល​អាកាសធាតុ សង្គម​មាន​កាបូន​ទាប សេដ្ឋកិច្ច​បៃតង ថាមពល​កកើត​ឡើងវិញ និង​ការអភិវឌ្ឍន៍​ប្រកបដោយ និរន្តរភាព ហើយ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់ នៃ​កិច្ច​សហការគ្នា ដើម្បី​ជួយសង្គ្រោះ ពិភពលោក​ផងដែរ ។​

​អគ្គលេខាធិការ​អាស៊ាន លោក Dato Lim Jock Hoi បាន​គូសបញ្ជាក់​ពី​យន្តការ អាស៊ាន នៅក្នុង​ការដោះស្រាយ បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ផលប៉ះពាល់ មកលើ​សេដ្ឋកិច្ច​របស់​អាស៊ាន ។ លោក​បាន​មានប្រសាសន៍​បញ្ជាក់ថាៈ “ យោងតាម​ធនាគារ អភិវឌ្ឍន៍អាស៊ី បាន​ប៉ាន់ប្រមាណ​ថា ប្រសិនបើ​អាជីវកម្ម​បន្ត​ធម្មតា ដូច​បច្ចុប្បន្ន ផលប៉ះពាល់ នៃ​ការប្រែប្រួល​អាកាសធាតុ លើ​តំបន់​អាស៊ីអាគ្នេយ៍ នឹងធ្វើ​ឲ្យ GDP របស់​អាស៊ាន​ធ្លាក់ចុះ ១១ % នៅ​ចុង​សតវត្សរ៍​នេះ ។ ដូច្នេះហើយ វា​ពិត​ជាមាន​សារៈសំខាន់ សម្រាប់​អាស៊ាន ក្នុង​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​ស្វែងរក​តុល្យភាព ដែល​យើង​អាច​ទ្រទ្រង់ ដល់​កំណើនសេដ្ឋកិច្ច នាពេល​អនាគត ហើយ​ធានាបាន​នូវ ការការពារ​សម្បត្តិ​ធម្មជាតិ របស់​យើង​និង​អាច​បន្ត​ផ្តល់​ធនធាន ដែល​មនុស្ស​ត្រូវការ​។ ទោះជា​យ៉ាងណាក៏ដោយ កិច្ចការ​ទាំងអស់នេះ ទាមទារ​ឲ្យ​មានការ​ចូលរួម ពី​មនុស្ស​គ្រប់គ្នា​។ វិស័យ​ឯកជន ដើរតួនាទី យ៉ាងសំខាន់ ជា​អ្នកអនុវត្ត​សំខាន់ សម្រាប់​គំនិត​ផ្តួចផ្តើម​នានា ប្រកបដោយ​និរន្តរភាព នៅក្នុង​តំបន់ ក៏ដូចជា​ការរក្សាបាន​នូវ​ស្តង់ដារ​បរិស្ថាន សង្គម និង​អភិបាលកិច្ច ”​។​

​នៅក្នុង​សន្និសីទ ESG ឆ្នាំ​២០២២ ៖ “ ការសម្រេចបាន​នូវ SCG និង​និរន្តរភាព​នៃ កំណើនសេដ្ឋកិច្ច ” នោះ លោក Roongrote Rangsiyopash ប្រធាន​អគ្គនាយក និង​ជា​អគ្គនាយក​ប្រតិបត្តិ របស់​ក្រុមហ៊ុន អេស​ស៊ីជី បាន​ពន្យល់ថាៈ “ អេស​ស៊ីជី បានរៀបចំ​សន្និសីទ ស្ដីពី​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព អស់​រយៈពេល ១១ ឆ្នាំ មកហើយ ហើយ​នៅពេលនេះ បានប្រែក្លាយ​ទៅជា​សន្និសីទ​ស្ដីពី បរិស្ថាន សង្គម និង​អភិបាលកិច្ច វិញ ” ។

​លោក​បាន​បន្ថែមទៀតថាៈ “ ទោះបី​មានការ​យល់ដឹង និង​សកម្មភាព​កន្លងមក នៅតាម​គេហដ្ឋាន សហគមន៍ ក្នុង​មូលដ្ឋាន និង​កិច្ចសហប្រតិបត្តិការ ជា​សាកល​ក៏ដោយ យើង​នៅតែ​មិនអាច​តាម​ទាន់​នូវ វិបត្តិ​ពិភពលោក ដែល​បាន​កើន​ឡើងជា​លំដាប់ និង​កំពុង​ខិត​មករក​មនុស្ស កាន់តែ​ច្រើនឡើង នោះឡើយ​។ វិបត្តិ​នោះ រួមមាន អាកាសធាតុ ដែល​មិនអាច​ទាយ​ទុកជាមុន​បាន គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ គ្រោះទឹកជំនន់ កង្វះ​ធនធាន វិបត្តិ​ស្បៀងអាហារ និង​កង្វះ​ថាមពល នៅ​ទូទាំង​ពិភពលោក​។ វិបត្តិ​ទាំងអស់នេះ រឹតតែ​ធ្ងន់ធ្ងរ​ថែមទៀត ដោយសារ​រលក​ថ្មី នៃ​ជំងឺ​កូ​វីដ​-១៩ ជំងឺឆ្លង​ថ្មីៗ ដែល​កំពុង​កើតឡើង ក៏ដូចជា​បញ្ហា​អតិផរណា​និង​ភាពក្រីក្រ ដែល​ធ្វើ​ឲ្យ​វិសមភាព​សង្គម កាន់​តែមាន​គម្លាត​ខ្លាំង​ឡើង ” ។​

​លោក Roongrote បាន​បន្ថែមថាៈ “ ការកាត់បន្ថយ​វិបត្តិ ជា​រឿង​សំខាន់​ទីមួយ សម្រាប់​មនុស្ស​គ្រប់រូប និង​គ្រប់​វិស័យ​។ ទាំងអស់គ្នា ត្រូវតែ​ចាត់វិធានការ ឥឡូវនេះ ហើយ​សហការគ្នា ដើម្បី​បង្កើត​ឲ្យ​ឃើញ លទ្ធផល​ជាក់ស្តែង​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា លទ្ធផល​ពី​សន្និសីទ ESG ឆ្នាំ​២០២២ គឺអាច​អនុវត្តបាន តាម​ការគ្រោងទុក​។ SCG ប្តេជ្ញា​ជួយ​សម្របសម្រួល ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​តាមដាន​មើល​វឌ្ឍនភាព​។ នេះ​ដោយសារតែ ដើម្បី​ទទួល​ផ្លែផ្កា និង​ឃើញ​លទ្ធផល​បាន លុះត្រាតែ​កិច្ចសហប្រតិបត្តិការ ឈានទៅ​មុខ ហើយ​ផ្ដល់​អត្ថប្រយោជន៍ ដល់​គ្រប់ផ្នែក​នៃ​សង្វាក់​តម្លៃ ” ៕/V​