​ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​៖ លោក សុខ សូ​កាន ទទួលបាន​ការបោះឆ្នោត ផ្តល់​សេចក្ដីទុកចិត្ត ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា សម្រាប់​អាណត្តិ​ឆ្នាំ ២០២១-២០២៥ ក្នុង​មហាសន្និបាត​វិសាមញ្ញ អាណត្តិ​ទី​៧ និង​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន និង​សមាជិក គណៈកម្មាធិការ​ប្រតិបត្តិ ក្រោម អធិបតីភាព​លោក ស សុខា កាលពី​រសៀល ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​

​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា អាណត្តិ​ទី​៦ បាន​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​លោក សុខ សូ​កាន ដែល​ជាប់​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា សម្រាប់​អាណត្តិ​ទី​៧ ។​

​ថ្លែង​ក្នុង​ពិធី​នោះ លោក ស សុខា បានបញ្ជាក់​ថាៈ ដោយ​មើលឃើញថា គណៈកម្មាធិការ ប្រតិបត្តិ និង​ក្រុមការងារ​របស់ សហព័ន្ធ​កីឡា​ប៊ូល និង ប៉េតង់​កម្ពុជា ក្នុងនោះ​មាន​លោក សុខ សប្បាយ​ណា ជា​អគ្គលេខាធិការ​សហព័ន្ធ មាន​សកម្មភាព​ផុលផុស​រឹងមាំ ព្រមទាំង​បន្ត បង្ហាញ​កេរ្តិ៍ឈ្មោះ និង​បោះ​សម្លេង លើ​ឆាក​អន្តរជាតិ គួរ​ជាទី​មោទនៈ ប្រកបដោយ​ម្ចាស់ការ និង​ការទទួលខុសត្រូវ​។​

​លោក ស សុខា បាន​បន្តថាៈ កត្តា​នេះ ធ្វើឱ្យ​លោក​មាន​ទំនុកចិត្ត យក​ឱកាស​ដកឃ្លា ទៅ​ជួយ​ដល់​សហព័ន្ធ​កីឡា​ផ្សេងៗ និង​ជាពិសេស​សហព័ន្ធ​កីឡា សិស្ស និស្សិត និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ជាដើម ដើម្បី​ត្រៀមខ្លួន​ទៅកាន់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខាងមុខ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ តាមពិតទៅ សហព័ន្ធ ត្រូវ​រៀបចំ​ការបោះឆ្នោត ជ្រើសតាំង​ប្រធាន និង​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា សម្រាប់​អាណត្តិ​ឆ្នាំ ២០២១-២០២៥ តាំងពី​ឆ្នាំ​២០២១ មកម្ល៉េះ ប៉ុន្តែ​ដោយសារ​ស្ថានភាព កូ​វីដ​-១៩ រាតត្បាត​ខ្លាំង និង​ម្យ៉ាង​ដោយសារតែ​កៀក​នឹង​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេម លើក ទី​៣១ នៅ​ប្រទេស​វៀតណាម​ផង ទើប​ធ្វើឱ្យ​លើក​ពេល មកដល់​ថ្ងៃនេះ តែម្តង​។

​លោក ស សុខា បាន​ញ្ជា​ក់​ដែរ​ថាៈ ទន្ទឹមនេះ សម្រាប់​លោក នៅតែ​បន្ត​ធ្វើដំណើរ​ឆ្ពោះទៅមុខ ជាមួយ​បងប្អូន អ្នកគាំទ្រ​កីឡាករ គ្រូបង្វឹក និង​គណៈកម្មាធិការ​ប្រតិបត្តិ​ដដែល ដោយ​កាន់​តួនាទី ជា​ប្រធានកិត្តិយស​របស់ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា តាមរយៈ​ការបោះឆ្នោត ផ្ដល់​សេចក្ដីទុកចិត្ត ពី​មហាសន្និបាត​វិសាមញ្ញ នា​រសៀល​ថ្ងៃនេះ​។ យើង​រួមគ្នា​បន្តដំណើរ​ទៅ​ដណ្ដើមយក មេដាយមាស នា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ ឱ្យបាន ដាច់ខាត ៕/V​