ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងថា ទីផ្សារចិនទិញទំនិញកសិកម្មកម្ពុជាបាន ២៤ មុខ ។
លោកបានអះអាងក្នុងវេទិកាអនឡាញស្តីពី “វិស័យកសិកម្មកម្ពុជា-ចិន” ដែលបានរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងវិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ថា ចំពោះការនាំចេញកសិផលទៅកាន់ទីផ្សារចិន គិតចាប់ពីឆ្នាំ២០១៩ រហូតដល់៦ខែដើម ឆ្នាំ២០២២ សម្រេចបានជាង ២,៤ លានតោន ។
លោកបានបន្តថា ផលិតផលទាំងនោះ មានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកា កាវ និងកសិផលចំនួន ២៤មុខផ្សេងទៀតដែលមានតម្លៃ១.៩៤២ លានដុល្លារ។
ពាក់ព័ន្ធនឹងវេទិកានេះវិញលោក រដ្ឋមន្ត្រីសង្ឃឹម និងមានជំនឿថាតាមរយៈវេទិកានេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកទូលំទូលាយ ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ វិស័យឯកជន ហើយក៏ជាកាតព្វកិច្ចដែលត្រូវចូលរួមគ្នាអនុវត្ត និងធ្វើឱ្យសម្រេចនូវគោលនយោបាយរបស់រដ្ឋាភិបាលយើងទាំងពីរដែលបានដាក់ចេញកន្លងមក៕