ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​មានប្រសាសន៍ថា វេទិកា​ស្តីពី កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង​ចិន លើ​វិស័យ​កសិកម្ម​ក្រោម​ក្របខណ្ឌ “​ខ្សែក្រវាត់ និង​ផ្លូវ​” ពិតជា​សំខាន់ ។

​លោក​បាន​ថ្លែង​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ ក្នុង​វេទិកា​អន​ឡាញ​ស្តីពី “​វិស័យ​កសិកម្ម​កម្ពុជា​-​ចិន​” ដែល​បាន​រៀបចំឡើង​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន និង​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន​ថា ទស្សនា​ទា​នេះ បានបង្ហាញ​ឱ្យឃើញ​អំពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ ក្នុងការ​ផ្តល់នូវ​យន្ត​ការសម្របសម្រួល​ពាណិជ្ជកម្ម គោលនយោបាយ ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ការលុបបំបាត់​របាំង​ពាណិជ្ជកម្ម សមាហរណកម្ម​ហិរញ្ញវត្ថុ ការផ្តល់​នូវ​កាលានុវត្តភាព​ថ្មី និង​ពង្រីក​វិសាលភាព​ក្នុងការ​ប្រើប្រាស់​ថាមពល​ប្រកបដោយ​ស័ក្តិសិទ្ធិ​ភាព និង​មានតម្លៃ​។

​លោក​បាន​បន្តថា ទាំងអស់នេះ​គឺជា​យន្តការ​នៃ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម និង​សួ​នក​សិ -​ឧស្សាហកម្ម​ជាដើម​។

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា គោលនយោបាយ​ដែល​បាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ទាំងពីរ​ពិតជា​បាន​ផ្តល់ឱកាស និង​លើកទឹកចិត្ត​ដល់​សហគ្រាស​ធ្វើការ​វិនិយោគ បង្កើន​សមត្ថភាព​ផលិត ធ្វើឱ្យ​ប្រសើរ​នូវ​វិស័យ​ក​សិ​-​ឧស្សាហកម្ម ការពង្រីក​ទំហំ​ទីផ្សារ​កសិផល សំដៅ​ជួយ​សម្រួល​ដល់​ស្ថិរភាព​ក​សិ​-​ពាណិជ្ជកម្ម និង​កំណើនសេដ្ឋកិច្ច​។

​លោក​បាន​បន្តថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ពិតជា​បាន​ផ្តល់នូវ​ផលប្រយោជន៍​ជាច្រើន​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជាក់ស្តែង ៖
​ទី​១. ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​ស្តីពី “​ដំណាំ​ស្រូវ ដំឡូង​មី បន្លែ ផ្លែឈើ​ត្រូ​ពិ​ក ពោត កៅស៊ូ​ធម្មជាតិ ត្រី សត្វ​” ។​ល​។ បង្កើត​តំបន់​សម្រាប់​បង្ហាញ​អំពី​កសិកម្ម និង​ជំរុញ​បច្ចេកវិទ្យា​កសិកម្ម បទពិសោធន៍​គ្រប់គ្រង និង​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម ក្នុង​កិច្ចខិតខំ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​ផលិត ការកែលម្អ​គុណភាព និង​ស្តង់ដារ​ផលិតផល​។​
​ទី​២. ការកែច្នៃ​ផលិតផល​កសិកម្ម រួមទាំង​ការបង្កើត​សួន​កែច្នៃ ដើម្បី​បង្កើន​ត​ម្លែ​បន្ថែម ធ្វើឱ្យ​ប្រសើរឡើង​នូវ​ពាណិជ្ជកម្ម​ទ្វេភាគី​។​
​ទី​៣. ការផ្តល់​បរិយាកាស​ល្អ​សម្រាប់​វិនិយោគ​គិ​ន​ចិន ដើម្បី​វិនិយោគ​លើ​ផលិតកម្ម​កសិកម្ម និង​នាំ​ចេញទៅ​ប្រទេស​ចិន ដូចជា​ការវិនិយោគ​លើ​ផលិតកម្ម​ស្រូវ និង​នាំចេញ​អង្ករ ដំឡូង​មី ផ្លែ​ចេក ស្វាយ និង​ផលិតកម្ម​កសិកម្ម​ដទៃ​ទៀត​។​
​ទី​៤. ការគាំទ្រ​ទាំង​បច្ចេកទេស ការកសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​គាំទ្រ និង​ធនធាន​ថវិកា​សម្រាប់​ជំរុញ​ផលិតកម្ម​កសិកម្ម​នៅ​កម្ពុជា តាមរយៈ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ចិន​៕​