​ដោយៈ ឫទ្ធិ​ស័ក្តិ / ភ្នំពេញៈ លោក តូច ចៅ​កុយ ប្រធាន​សាខា​កាំកុងត្រូល (​ក​.​ប​.​ប​) ខេត្តកណ្ដាល បាន​រង​ការចោទប្រកាន់​ពី ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ថា បាន​គាបសង្កត់​ពួកគាត់ យកលុយ ដោយ​ក្នុង​មួយកន្លែង យកលុយ​ចាប់ពី ២.០០០.០០០ រៀល ទៅ ១០.០០០.០០០ រៀល ហើយ​ការ​ជំរិត​ទារប្រាក់​នេះ គឺធ្វើឡើង​នៅពេល​មន្ត្រី​កាំកុងត្រូល ចុះ​ពិនិត្យ «​គុណភាព បរិមាណ​រង្វាស់រង្វាល់​ប្រេងសាំង​» តាម​បណ្ដា​ហ្គា​រ៉ា​ស់​សាំង​នានា ក្រោមរូបភាព ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ បន្លំ​គុណភាព ពី​សាំង​ធម្មតា មកជា​សាំង​ស៊ុប​ពែរ លក់​ខ្វះ​បរិមាណ​រង្វាស់រង្វាល់ ចំនួន​លីត្រ​ជាដើម ។​ល​។

​ប្រភពពី​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ បាន​ឲ្យ​ដឹងថាៈ បើ​ពួកគាត់​មិន​ព្រម​បង់លុយ​ក្រោម​តុ តាម​ការទាមទារ​នោះទេ មន្ត្រី​កាំកុងត្រូល (​ក​.​ប​.​ប​) ខេត្តកណ្ដាល នឹងធ្វើ​ការផាកពិន័យ អស់​ច្រើន ចាប់ពី ១០ លាន​រៀល ទៅ ២០ លាន​រៀល​ឯណោះ ឬ​បិទ​ស្ថានីយប្រេងឥន្ធនៈ របស់ខ្លួន លែងឱ្យ​លក់ដូរ​ទៀតផង​។ បើ​ពួកគាត់​មិន​ព្រម​អនុវត្ត តាម​ការបង្គាប់បញ្ជា ក្រុមមន្ត្រី នឹង​បញ្ជូន​សំណុំរឿង ទៅ​តុលា​ការមិន​ខាន​។​

​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ចំនួន ៤២ ទីតាំង ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្ដាល បាននាំគ្នា​ផ្ដិតមេដៃ ប្ដឹង​លោក តូច ចៅ​កុយ ប្រធាន​សាខា​កាំកុងត្រូល (​ក​.​ប​.​ប​) ខេត្តកណ្ដាល និង​បក្ខពួក ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​នៅក្នុង​ពាក្យបណ្ដឹង បានបញ្ជាក់​ថាៈ ការចុះពិនិត្យ​គុណភាព និង​រង្វាស់​រង្វាល់ប្រេង​សាំង តាម​បណ្ដា​ស្ថានីយប្រេងឥន្ធនៈ ពី​សំណាក់​មន្ត្រី​កាំកុងត្រូល (​ក​.​ប​.​ប​) ខេត្តកណ្ដាល កាលពី​កន្លងមក គឺជា​ការគាបសង្កត់ លើកយក​កំហុស​របស់ ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ មក​បំភិតបំភ័យ​សំឡុត ដើម្បី​កំណត់​យកលុយ ក្រៅ​ប្រព័ន្ធ​ច្បាប់ បាន​រាប់លាន​រៀល ក្នុង​មួយកន្លែងៗ បណ្ដាលឱ្យ​ប៉ះពាល់​សតិអារម្មណ៍​អាជីវករ​ជាខ្លាំង​!​។ ក្នុងនោះ ភាគច្រើន គេ​កំណត់ឱ្យ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ ប្រគល់​លុយ​ជូន​មន្ត្រី​កាំកុងត្រូល ដោយ​ស្ងាត់ៗ មិនមាន​ឯកសារ វិក្កយបត្រ​ផាកពិន័យ ពោលគឺ ហុច​ផ្ទាល់ដៃ​តែម្ដង​។ ខណៈ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ខ្លះទៀត ក៍បាន​ផ្ញើ​លុយ​ជូន​លោក តូច ចៅ​កុយ ប្រធាន​សាខា​កាំកុងត្រូល (​ក​.​ប​.​ប​) ខេត្តកណ្ដាល តាម «​វី​ង​» និង «ABA» ទៀតផង​។​

​ចំណែក​លោក តូច ចៅ​កុយ ប្រធាន​សាខា​កាំកុងត្រូល (​ក​.​ប​.​ប​) ខេត្តកណ្ដាល បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់ ខាងលើនេះ ដោយ​លោក អះអាងថា លុយ​ដែល​លោក ទទួល​ពី​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ គឺជា​លុយ​ពិន័យ​ទាំងអស់ ៕/V​