នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​និយាយថា ការចោទប្រកាន់​ពីបទ​គៃបន្លំ​លុយ​រដ្ឋ​ប្រឆាំង​ប្រពន្ធ​គាត់ គឺ​មិន​សម​ហេតុផល​ទេ​

910
ចែករម្លែក

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ កាលពី​ថ្ងៃ​សុក្រ​ទី​២២​មិថុនា​បាន​ច្រានចោល​ការចោទប្រកាន់​ពីបទ​គៃបន្លំ​ប្រាក់​ប្រឆាំង​ប្រពន្ធ​របស់គាត់​ថា​ជា “​រឿង​មិន​សម​ហេតុផល​” ហើយ​និយាយថា ការចោទប្រកាន់​ទាំងនោះ​គឺ​ផ្អែកលើ​សាលក្រម​រដ្ឋបាល “​ខុសច្បាប់​”​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋអាជ្ញា​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​បានធ្វើការ​ចោទប្រកាន់​លោកស្រី​សា​រ៉ា ណេ​តាន់​យ៉ា​ហ៊ូ ពីបទ​គៃបន្លំ​ប្រាក់ និង​រំលោភ​ទំនុកចិត្ត បន្ទាប់ពី​មានការ​ស៊ើបអង្កេត​ជា​យូរ​មកហើយ​ចំពោះ​ការចោទប្រកាន់ថា​លោកស្រី​បាន​ប្រើប្រាស់​ថវិការដ្ឋ​ដោយ​ខុសឆ្គង​ដើម្បី​ផាត់ទាត់​អាហារ​ទិញ​ពី​ខាងក្រៅ​តម្លៃ​ជិត ១០០.០០០ ដុល្លារ​។​

​នៅក្នុង​វីដេអូ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់គាត់ លោ​កណេ​តាន់​យ៉ា​ហ៊ូបាន​រិះគន់​ការចោទប្រកាន់​នេះ​។​

​លោ​កណេ​តាន់​យ៉ា​ហ៊ូបាន​និយាយ​នៅក្នុង​វីដេអូ​ថា “​រឿង​មិន​សម​ហេតុផល​ក្នុង​សប្តាហ៍​នេះ​បាន​ឈានដល់​កំណត់ត្រា​ថ្មី​” ។​

​គាត់​បាន​និយាយថា “​ជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ ភរិយា​របស់​មេដឹកនាំ​ម្នាក់​ត្រូវបាន​គេ​ចោទប្រកាន់​ទាក់ទង​នឹង​អាហារ ដែល​អាហារ​មួយចំនួន​ត្រូវបាន​បម្រើ​ជូន​ភ្ញៀវ​ផ្លូវការ​និង​សូម្បី​ប្រមុខរដ្ឋ​”​។​

​ក្រសួង​យុ​តិ្ត​ធម៌​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា​លោកស្រី​សា​រ៉ា ណេ​តាន់​យ៉ា​ហ៊ូ​ត្រូវបាន​ចោទថា​បានប្រកាស​ខុស​ថា​មិនបាន​ចម្អិនម្ហូប​អាហារ​នៅ​គេហដ្ឋាន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ទេ និង​បាន​បញ្ជា​ឱ្យ​ទិញ “​អាហារ​រាប់រយ​មុខម្ហូប​ពី​ហាង​ខាងក្រៅ​ដោយ​ដក​ខ្ទង់ចំណាយ​សាធារណៈ​”​។​

​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៣ លោកស្រី គ្រួសារ​និង​ភ្ញៀវ​របស់​លោកស្រី “​បានទទួល​អាហារ​រដ្ឋ​រាប់រយ​មុខ​ដោយ​គៃបន្លំ (​ក្នុងនោះ​រាប់បញ្ចូល​ទាំង​អាហារ​ឈុត​ជាច្រើន​មុខ​) ក្នុងតម្លៃ ៣៥៩.០០០ សេក​ល់ (៩៩.៧០០ ដុល្លារ​) ផងដែរ​”​។ នេះ​បើតាម​ដីកា​ចោទប្រកាន់​។​

​លោ​កណេ​តាន់​យ៉ា​ហ៊ូបាន​និយាយថា​រឿង​ដែល​មិន​សម​ហេតុផល​បំផុត​អំពី​ការចោទប្រកាន់​នោះ​គឺថា​វា​ផ្អែកលើ​សេចក្តីសម្រេច​ផ្នែក​រដ្ឋបាល​ខុសច្បាប់​ដែល​មិនត្រូវ​បានអនុម័ត​ដោយ​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​របស់​សភា​អ៊ីស្រាអែល​។​

​ប្រពន្ធ​របស់គាត់ ដែល​នឹង​ឈានចូល​អាយុ ៦០ ឆ្នាំ​នៅ​ខែវិច្ឆិកា​ខាងមុខ បាន​បដិសេធថា​មិនបាន​ប្រព្រឹត្ត​ខុស​អ្វី​ទាំងអស់​៕ ដោយ៖ កញ្ញាដាលីស

លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ និង​ភរិយា លោកស្រី​សា​រ៉ា ណេ​តាន់​យ៉ា​ហ៊ូ

ទីតាំងផ្សាយពាណិជ្ជកម្ម