ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​អះអាងថា​ក្រោម​ឥទ្ធិពល​នៃ​ការ​កើន ឡើងថ្លៃ​ប្រេង​និង​ម្ហូបអាហារ​ពិភពលោក បាន​ជំរុញ​ឱ្យ​អតិផរណា​នៅ​កម្ពុជា​ក៏បាន​កើន​ឡើងជា​បន្តបន្ទាប់​ដ​ល់ ៧,២​ភាគរយ​នៅ​ខែឧសភា ដែលជា​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​។​

​ថ្លែង​ក្នុងឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២២ របស់​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់ថា​ក្រោម​ឥទ្ធិពល​នៃ​ការកើនឡើង​ថ្លៃ​ប្រេង​និង​ម្ហូបអាហារ ពិភពលោក​អតិផរណា​នៅ​កម្ពុជា​ក៏បាន​កើន​ឡើងជា​បន្តបន្ទាប់​ដ​ល់​៧,២​ភាគរយ​នៅ​ខែឧសភា​ដែលជា​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​។​ក្នុងស្ថានភាព​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លឹងថ្លែង​ការអនុវត្ត​នយោបាយ​រូបិយវត្ថុ​ដើម្បី​គ្រប់គ្រង​សម្ពាធ​អតិផរណា​ផង​និង​គាំទ្រ​ការស្តារ​កំណើនសេដ្ឋកិច្ច​ផង​។​ដើម្បី រួមចំណែក​គ្រប់គ្រង​សម្ពាធ​អតិផរណា​អត្រា​ប្តូរប្រាក់​ត្រូវបាន​បន្ត​រក្សា​ឱ្យមាន​ស្ថិរភាព​សំដៅ​ការពារ​អំណាច​ទិញ​របស់​ប្រាក់រៀល ក៏ដូចជា​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ។

​គួរ​បញ្ជាក់ថា​ដោយសារ​បញ្ហា​ដុល្លា​រូប​-​នីយកម្ម​ការប្រែប្រួល​អ​ត្រា​ប្តូរប្រាក់​មាន​ឥទ្ធិពល​ដោយផ្ទាល់​និង​ឆាប់រហ័ស​មកលើ​អតិផរណា​នៅ​កម្ពុជា​។​កាលណា​តម្លៃ​ប្រាក់រៀល​ធ្លាក់ចុះ​នោះ​នឹង​នាំឱ្យ​តម្លៃ​ទំនិញ​និង​សេវា​នានា​កើនឡើង​ភ្លាម​ផងដែរ ។​

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាថ្លែងក្នុងសន្និបាត(រូបថតធនាគារជាតិនៃកម្ពុជា)

​ពន្យល់​អំពី​អ្វី​ដែលជា​ចំណាត់ការ​របស់​ធនាគា​រ​ជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​លោក​ទេសាភិបាល​បានបង្ហាញ​ថា ប្រសិទ្ធភាព​នៃ​ការអនុវត្ត​នយោបាយរ​ក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់​ត្រូវបាន​គាំទ្រ​ជា​ចម្បង​ដោយ​៖ ទី​១. កម្រិត​ខ្ពស់​គ្រប់គ្រាន់​នៃ​ទុនបម្រុង​អន្តរជាតិ​ដែល​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន​និង​សាធារណជន​មកលើ​សមត្ថភាព​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​ក្នុង​ការធ្វើអន្តរាគមន៍​ក្នុង​ទីផ្សារ​ប្តូរប្រាក់​។​នេះ​ជា​មោទនភាព​មួយ​ដែល​ទុនបម្រុង​អន្តរជាតិ​កម្ពុជា​ត្រូវបាន​រក្សា​យ៉ាងរឹងមាំ​នៅក្នុង​ស្ថានភាព​ដែល​ប្រទេសមួយ​ចំនួន​ប្រឈម​នឹង​ការស្រុតចុះ​នៃ​ទុនបម្រុង​អន្តរជាតិ ដោយសារ​ឥទ្ធិពល​នៃ​ការហូរ​ចេញ​នៃ​មូលធន ។​ទី​២. ការតម្រង់ទិស​អត្រា​ប្តូរប្រាក់​នៅលើ​ទីផ្សារ (exchange rate guidance) តាមរយៈ​ការកំណត់​អត្រា​ប្តូរប្រាក់​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ។

​លោក​ទេសាភិបាល​ថ្លែងថា​”​ខ្ញុំ​សូមបញ្ជាក់​ត្រង់ចំណុច​នេះ​ថា ក្នុងនាម​ជា​អាជ្ញាធរ​រូបិយវត្ថុ ធនាគារជាតិ​នៃ​កម្ពុ​ជាមាន​តួនាទី​រក្សា​តម្លៃ​ប្រាក់រៀល ហើយ​និង​កំណត់​អត្រា​ប្តូរប្រាក់​ផ្លូវការ​មួយ​សមស្រប ផ្អែកលើ​ស្ថានភាព​ទីផ្សារ​ប្តូរប្រាក់ ដើម្បី​រួមចំណែក​រក្សា​លំនឹង​ម៉ាក្រូ​សេដ្ឋកិច្ចជាតិ ។ ក្រៅពីនេះ អត្រា​ប្តូរប្រាក់​ផ្លូវការ​បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ការចុះបញ្ជី​គណនេយ្យ និង​ការទូទាត់​នានា​របស់​ក្រសួង​-​ស្ថាប័នរដ្ឋ​និង​វិស័យ​ឯកជន និង “​។​

​ទី​៣.​ការគ្រប់គ្រង​សន្ទនីយ​ភាព​ក្នុង​កម្រិត​សមស្រប​ដោយ​ការបញ្ចេញ​សន្ទនីយ​ភាពជា​រៀល​តាមរយៈ​ប្រតិបត្តិ​ការផ្តល់​សន្ទនីយ​ភាព​ដោយមាន​ការធានា​(LPCO)​និង​ការ​ស្រូបយក​សន្ទនីយ​ភាព​លើស​ក្នុង​ប្រព័ន្ធ​ធនាគារ​ដោយ​មូល​ប​ត្រ​អាច​ជួញដូរ​បាន (NCD) ។
​ក្នុងការ​គាំទ្រ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​នយោបាយ​រូបិយវត្ថុ​វិត្ថារ​កម្ម​ត្រូវបាន​បន្ត​អនុវត្ត​តាមរយៈ​ការរក្សា​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​ក្នុង​កម្រិត​៧​ភាគរយ​ទាំង​ជា​ប្រាក់រៀល​និង​រូបិយប័ណ្ណ​ដែល​បានផ្តល់​លទ្ធភាព​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ឱ្យមាន​សាច់ប្រាក់​ក្នុង​ដៃ​បន្ថែម ។​

​លោក​បន្តថា​កត្តា​នេះ​គួបផ្សំ​នឹង​ការបន្ត​អនុវត្ត​វិធានការ​ម៉ាក្រូ​ប្រុងប្រយ័ត្ន​ដោយ​អនុគ្រោះ​បានធ្វើឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​មានលទ្ធភាព​ពេញលេញ​ក្នុងការ​បែងចែក​ឥណទាន​ដល់​វិស័យ​អាទិភាព​ជាមួយ​អត្រា​ការប្រាក់​ឥណទាន​សមរម្យ មាន​ស្ថិរភាព ហើយ​ថែមទាំង​បន្ត​ឆ្លើយតបបាន​ក្នុងការ​រៀបចំ​ឥណទាន​ឡើងវិញ សម្រាប់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​វិបត្តិ ។

​គួរ​បញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​រឹតបន្តឹង​បទ​ប្បញ្ញត្តិ​ប្រុងប្រយ័ត្ន​នានា មុន​គ្រា​មាន​វិបត្តិ​សុខាភិបាល ជាពិសេស ការពង្រឹង​ដើមទុន ការបង្កើន​កម្រិត​សន្ទនីយ​ភាព​ខ្ពស់​និង​ការធ្វើ​សំ​វិធាន​ធន​ដោយ​អភិរក្សនិយម ដែល​កត្តា​ទាំងនេះ​អនុញ្ញាតឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ក៏ដូចជា​ប្រព័ន្ធ​ធនាគារ​កម្ពុជា​អាចអនុវត្ត​ការបន្ធូរបន្ថយ​លើ​បទ​ប្បញ្ញត្តិ​ដោយ​ពិលាស នៅក្នុង​គ្រា​មាន​វិបត្តិ​និង​ក្នុងដំណាក់កាល​ស្តារ​សេដ្ឋកិច្ច ។ ទោះយ៉ាងណា វិធានការ​ចាក​ចេញពី​វិបត្តិ​មួយចំនួន​បាននិងកំពុង​អនុវត្ត​ថែមទៀត​យ៉ាង​ប្រុងប្រយ័ត្ន​ស្របតាម​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​និង​ដើម្បី​ពង្រឹង​ភាព​ធន់​នៃ​ប្រព័ន្ធ​ធនាគារ​ដូចជា​ការបន្ត​អនុញ្ញាតឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​រៀបចំ​ឥណទាន​ឡើងវិញ​រហូតដល់​ខែមិថុនា​ឆ្នាំ​២០២២​ចំពោះ​អតិថិជន​ដែល​មិន​ធ្លាប់​ត្រូវបាន​រៀបចំ​ឥណទាន​ឡើងវិញ និង​ត្រូវ​ចាប់ផ្តើម​ធ្វើ​សំ​វិធាន​ធន​ជា​បណ្តើរៗ​ចំពោះ​ឥណទាន​រៀបចំ​ឡើងវិញ​ដែល​ត្រូវបាន​ចាត់ថ្នាក់ ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង ។ បន្ថែម​លើ​នេះ អនុ​បាត​ទ្រនាប់​ដើមទុន​ខន​ស៊ើ​វេ​សិន ត្រូវបាន​រក្សា​ក្នុង​កម្រិត ០​ភាគរយ ដើម្បី​អនុញ្ញាតឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​មានលទ្ធភាព​កាន់តែច្រើន​សម្រាប់ធ្វើ​សំ​វិធាន​ធន លើ​ឥណទាន​រៀបចំ​ឡើងវិញ ។

​ក្នុង​សុន្ទរកថា​ដដែល​លោក​ទេសាភិបាល​បាន​រំលេច​ឱ្យឃើញថា នៅ​ឆមាស​ទី​១​ឆ្នាំ​២០២២​នេះ​ពិភពលោក​បាន ប្រឈម​នឹង​បញ្ហា​ថ្មីៗ​ក្រោយពី​វិបត្តិ​កូ​វីដ​១៩​បាន​ធូរស្រាល​ដែល​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ពិភពលោក​កើនឡើង​យឺត​ជាង​ការរំពឹងទុក ដូចជា ការកើនឡើង​ខ្ពស់​នៃ​អត្រា​អតិផរណា ការប្រែប្រួល​លំហូរ​មូលធន​និង​សម្ពាធ​លើ​តម្លៃ រូបិយប័ណ្ណ​នានា​។ ការអូសបន្លាយ​នៃ​សង្គ្រាម​និង​ការដាក់ទណ្ឌកម្ម​នានា លើ​ប្រទេស​រុស្ស៊ី​បានធ្វើឱ្យ​ថ្លៃ​ប្រេង ឥន្ធនៈ​និង​ម្ហូបអាហារ​ពិភពលោក​កើន​ឡើងជា​លំដាប់​ដោយសារ​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​សុទ្ធតែជា​ប្រទេស​ឈានមុខ​គេ​ក្នុងការ​នាំចេញ​វត្ថុធាតុដើម ដូចជា ប្រេងឥន្ធនៈ ឧស្ម័ន ជី និង​ផលិតផល​កសិកម្ម ជាដើម ។ ជាក់ស្តែង នៅ​ខែមិថុនា ឆ្នាំ​២០២២​នេះ អត្រា​អតិផរណា​សហរដ្ឋអាមេរិក​បាន​កើន​ឡើងដល់ ៩,១​ភាគរយ​ដែលជា​កម្រិត ខ្ពស់បំផុត​ក្នុង​រយៈពេល ៤០​ឆ្នាំ​ចុង​ក្រោយនេះ ស្រប​ពេលដែល​អតិផរណា​នៅ​តំបន់​អឺរ៉ូ​បាន​កើន​ដល់ ៨,៦​ភាគរយ​ដែលជា​អត្រា​ខ្ពស់បំផុត​ចាប់តាំងពី​ការបង្កើត​ប្រាក់​អឺរ៉ូ​មក ។ ជាមួយគ្នានេះ ការដំឡើង​អត្រា​ការប្រាក់​គោល​នៅ​សហរដ្ឋអាមេរិក បាន​នាំឱ្យមាន​លំហូរ​មូលធន​ចូល​សហរដ្ឋអាមេរិក ដែល​ធ្វើឱ្យ​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​កើនឡើង​។​ជា​លទ្ធផល​រូបិយប័ណ្ណ​នៅ​ប្រទេស​ជាច្រើន​បាន​ថយ​ថ្លៃធៀប​នឹង​ដុល្លារ​អាមេរិក ហើយ​បន្ថែម​លើ​នេះ នៅ​ប្រទេស​កំពុង​លូតលាស់​និង​កំពុងអភិវឌ្ឍន៍ ទុនបម្រុង​អន្តរជាតិ​ក៏បាន​ស្រក​ចុះ​ផងដែរ ដូចជា ប្រទេស​ឡាវ ស្រីលង្កា និង​បង់​ក្លា​ដែ​ស ជាដើម ដែល​បង្ក​ជា​បញ្ហា​ប្រឈម​ដល់​ការអនុវត្ត​នយោបាយ​រូបិយវត្ថុ​និង​ទិញ​ទំនិញ​ក្រៅប្រទេស ។ ម្យ៉ាងទៀត ការបន្ត​អនុវត្ត​នយោបាយ​គ្មាន​កូ​វីដ​-១៩ (Zero COVID policies) យ៉ាង​ម៉ឺងម៉ាត់​នៅ​ប្រទេស​ចិន ក៏បាន​បង្កឱ្យមាន​ការ​រអាក់រអួល​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម​និង​ផ្គត់ផ្គង់​ទាំង​ក្នុងស្រុក​និង​លើ​ពិភពលោក ។ គួបផ្សំ​នឹង​ការធ្លាក់ចុះ​នៃ​វិស័យ​អចលនទ្រព្យ សេដ្ឋកិច្ច​ចិន​ត្រូវបាន​រំពឹងថា​នឹង​ថយ​ល្បឿន​គួរឱ្យកត់សម្គាល់ ដែល​បាននិងកំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការវិនិយោគ ពាណិជ្ជកម្ម​អន្តរជាតិ និង​វិស័យ​ទេសចរណ៍​ពិភពលោក ។​

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២២ របស់​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២(រូបថតធនាគារជាតិនៃកម្ពុជា)

​ងាក​មក​កម្ពុជា​វិញ លោក ជា ចាន់តូ បាន​បញ្ជាក់ថា នៅ​កម្ពុជា​រាជរដ្ឋាភិបាល​សម្រេចបាន​ជោគជ័យ​ដ៏​
​ត្រចះត្រចង់​ក្នុងការ​គ្រប់គ្រង​ការឆ្លង​និង​បង្ការ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ដោយ​អត្រា​ចាក់​វ៉ាក់សាំង បាន​កើន​ដល់​ជាង ៩៤​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប ហើយ​អត្រា​អ្នក​ឆ្លង​មាន​កម្រិត​ទាប​ធៀប​នឹង​តំបន់ ដែល​បាន​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ងើប​ឡើងជា​លំដាប់​។ នៅក្នុង​វិស័យ​កម្មន្តសាល ផលិតផល​កម្មន្តសាល​សម្រាប់​នាំចេញ​បាន​កើន​ឡើងជា​បន្តបន្ទាប់​ស្រប​ពេលដែល​ផលិតផល​កម្មន្តសាល​ប​ម្រើ​ទីផ្សារ​ក្នុងស្រុក​កើនឡើង​យ៉ាង​ឆាប់រហ័ស ។ វិស័យ​ទេសចរណ៍​ទទួលបាន​កំណើន​វិជ្ជមាន​ឡើងវិញ បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ដកចេញ​វិធាន​សុខាភិបាល​ចំពោះ​ភ្ញៀវ​អន្តរជាតិ​ចូលមក​កម្ពុជា ដែល​ធ្វើឱ្យ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​កើនឡើង ទោះជា​ក្នុង​ល្បឿន​យឺត​ក៏ដោយ ។ វិស័យ​ទេសចរណ៍​ក៏ត្រូវ​បាន​គាំទ្រ​ផងដែរ​ដោយ​ទេសចរ​ក្នុងស្រុក​ដែល​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ក្រោយពេល​ស្ថានភាព​កូ​វីដ​-១៩ មាន​ភាព​ធូរស្រាល​។ ចំពោះ​វិស័យ​សំណង់​និង​អចលនទ្រព្យ បានបង្ហាញ​សញ្ញា​ងើបឡើង​សន្សឹមៗ ដោយសារ​កំណើន​តម្រូវការ​ក្នុងស្រុក លំហូរ​វិនិយោគ​បរទេស និង​កំណើន​ឥណទាន​ទៅកាន់​វិស័យ​ទាំងនេះ ។ ចំណែកឯ​វិស័យ​កសិកម្ម​បន្ត​កើនឡើង​ក្នុង​ល្បឿន​យឺត និង​បានរួម​ចំណែក​កាត់បន្ថយ​សម្ពាធ​លើ​ថ្លៃ​ម្ហូបអាហារ និង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ផងដែរ ៕​សរន