ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖​វិបត្តិ​កូ​វីដ​-១៩ បាន​ផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការធ្វើ​អាជីវកម្ម គួរឱ្យកត់សម្គាល់ ទាំង​ចំពោះ អ្នក​ផលិត អ្នកលក់ និង​អ្នកប្រើប្រាស់​ដោយ​ពឹងផ្អែក​កាន់តែច្រើន​លើ​ការលក់​-​ទិញ​តាម​ប្រព័ន្ធ​​អន​ឡាញ ​ដែល​អាច​ធ្វើឡើង​កាន់តែ​ងាយស្រួល​ទាំង​ក្នុង​និង​ក្រៅប្រទេស ។​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បានកត់សម្គាល់​ដូច្នេះ​នៅក្នុង​សុន្ទរកថា​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២២​របស់​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២​។​

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជាថ្លែងក្នុងសន្និបាត(រូបថតធនាគារជាតិនៃកម្ពុជា)

​លោក​ទេសាភិបាល​ធនាគារជាតិ​បាន​បញ្ជាក់ថា វិបត្តិ​កូ​វីដ​-១៩ បាន​ផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការធ្វើ​អាជីវកម្ម គួរឱ្យកត់សម្គាល់ ទាំង​ចំពោះ អ្នក​ផលិត អ្នកលក់ និង​អ្នកប្រើប្រាស់​ដោយ​ពឹងផ្អែក​កាន់តែច្រើន​លើ​ការ លក់​-​ទិញ​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​អាច​ធ្វើឡើង​កាន់តែ​ងាយស្រួល​ទាំង​ក្នុង​និង​ក្រៅប្រទេស ។ ស្របតាម​ការវិវត្ត​នេះ ប្រព័ន្ធ​ទូទាត់​កម្ពុជា​ត្រូវបាន​អភិវឌ្ឍ​និង​ធ្វើ​ទំនើបកម្ម​ជា​បន្តបន្ទាប់ ផ្អែកលើ​ការរីកចម្រើន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មីៗ ដែល​លើកកម្ពស់​អន្តរ​ប្រតិបត្តិការ​និង​ការតភ្ជាប់​ឆ្លង​ព្រំដែន និង​បាន​ពង្រឹង​ការទូទាត់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព សុវត្ថិភាព និង​តម្លៃ​សមរម្យ ព្រមទាំង​បាន​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ផងដែរ​។

​លោក​បានបង្ហាញ​ទឡ្ហីករណ៍​ថា ជាក់ស្តែង ប្រព័ន្ធ​ខេ​ម​បូ​ឌា​ន​ស៊ែ​ស្វី​ច (Cambodian Shared Switch) ប្រព័ន្ធ​បាគង ហើយ​ថ្មីៗ​នេះ ខេ​អេ​ច​ឃ្យូ​អរ (KHQR) ដែលជា​ឃ្យូ​អរ​កូត​ស្តង់ដារ​រួម​សម្រាប់​កម្ពុជា ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ដោយ​កម្មវិធី​ទូរស័ព្ទ​របស់​គ្រឹះស្ថាន​សមាជិក​ប្រព័ន្ធ​បាគង អាច​ស្កេ​ន​ទូទាត់​គ្នា​ទៅវិញទៅមក ព្រមទាំង​បង្កើន​សមាហរណកម្ម​កា​រទូ​ទាត់​កម្ពុជា​ទៅក្នុង​តំបន់ ។ ប្រព័ន្ធ​ទូទាត់​កម្ពុជា ក៏ត្រូវ​បាន​បង្កើន​វិសាលភាព​នៃ​ការតភ្ជាប់​ក្នុង​តំបន់ ដែល​បច្ចុប្បន្ន បាន​ត​ភ្ជាប់​ជាមួយ​ប្រទេស​ថៃ​និង​ម៉ាឡេស៊ី និង​កំពុងត​ភ្ជាប់​ជាមួយ​ប្រទេស​ឡាវ​និង​វៀតណាម​បន្ថែមទៀត ដើម្បី​គាំទ្រ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ទ្វេភាគី ទេសចរណ៍ និង​ការផ្ទេរ​ប្រាក់​របស់​ពល​ករ​កម្ពុជា​នៅក្រៅ​ប្រទេស ៕សរន

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២២​របស់​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២(រូបថត ធនាគារជាតិនៃកម្ពុជា)

​ ​

​ ​
​ ​