ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីអាម៉េរិកលោកចូ បៃដិន បាននិយាយកាលពីថ្ងៃពុធទី២០កក្កដាថា ពួកមន្ត្រីយោធាអាម៉េរិកជឿថាវា«មិននេះជាគំនិតល្អមួយ»ទេដែលប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅធ្វើទស្សនកិច្ចកោះតៃវ៉ាន់នៅពេលនេះ។
ការលើកឡើងរបស់បៃដិនជាការឆ្លើយតបទៅនឹងសំណួរអ្នកកាសែតនិងកើតឡើងមួយថ្ងៃក្រោយពីក្រសួងការបរទេសចិនបាននិយាយថាខ្លួន«នឹងចាត់វិធានការដាច់ខាតនិងខ្លាំងក្លា» បើលោកស្រីផេឡូស៊ីនៅតែបន្តទៅធ្វើទស្សនកិច្ចកោះតៃវ៉ាន់តាមគំរោងនៅប៉ុន្មានសប្តាហ៍ខាងមុខ។
លោកបានឆ្លើយតបទៅនឹងសំណួរអំពីដំណើរទស្សនកិច្ចនេះថា «បាទ ផ្នែកយោធាគិតថាវាមិនជាគំនិតល្អមួយទេនៅពេលឥឡូវ។តែខ្ញុំអត់ដឹងថាផែនការនេះយ៉ាងមិចទៅហើយទេ»។
ទោះជាយ៉ាងណាលោកបៃដិនមិនបានបញ្ជាក់ថាលោកស្រី ផេឡូស៊ី នឹងទៅឬមិនទៅតៃវ៉ាន់ទេ។
លោកស្រី ផេឡូស៊ី ដំបូងគ្រោងនឹងទៅធ្វើទស្សនកិច្ចនៅខែមេសា តែបានពន្យារពេលក្រោយលោកស្រីតេស្តិ៍វិជ្ជមានកូវីដ១៩។លោកស្រីនឹងជាសមាជិកសភាអាម៉េរិកជាន់ខ្ពស់បំផុតដែលនឹងទៅកាន់សម្ពន្ធមិត្តជិតដិតបំផុតរបស់អាម៉េរិកមួយនេះ ចាប់តាំងពីពេលលោក ញូវ ហ្គីនរីច(Newt Gingrich)សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានធ្វើដំណើរទៅទីនោះកាលពី២៥ឆ្នាំមុនក្នុងនាមជាប្រធានសភាអាម៉េរិក។
សារព័ត៌មានដឹ ហ្វាញនែនសឹល ថែមស៍(The Financial Times) បាននិយាយកាលពីថ្ងៃអង្គារថាលោកស្រី ផេឡូស៊ីនៅតែមានផែនការទៅធ្វើទស្សនកិច្ចតៃវ៉ាន់នៅខែក្រោយ តែការិយាល័យរបស់លោកស្រីបានបដិសេធមិនព្រមបញ្ជាក់ ដោយសារតែបញ្ហាសន្តិសុខ៕
លោកបៃដិន មិនដឹងថាលោកស្រីផេឡូស៊ីនឹងបន្តផែនការទៅធ្វើទស្សនកិច្ចតៃវ៉ាន់តែដែរឬអត់ តែលោកថាមន្ត្រីយោធាគិតថាវាជាគំនិតមិនល្អ