​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​ពុធ​ទី​២០​កក្កដា ប្រធានាធិបតី ចូ បៃ​ដិន ដែល​ត្រូវបាន​រារាំង​ដោយ​សមាជិក​សភា​និង​តុលាការ​កំពូល​បាន​ព្យាយាម​ស្តារឡើងវិញ​នូវ​មហិច្ឆិតា​របស់​លោក​​ក្នុង​ការដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ ខណៈ​រលក​កម្តៅ​វាយលុក​សហរដ្ឋ​អាម៉េរិក​និង​អឺរ៉ុប​។​

​សីតុណ្ហភាព​នៅ​រដូវក្តៅ​បែក​ក្រហែង​បានបង្ហាញ​ពី​ការគំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង ដោយ​មនុស្ស ១០០​លាន​នាក់​នៅក្នុង​សហរដ្ឋ​អាម៉េរិក​បច្ចុប្បន្ន​ស្ថិតនៅក្រោម​អាសន្ន​អំពីរ​កល​កម្តៅ​និង​ស្ថានភាព​​ក្តៅ​ខ្លាំងដ៏​ហិនហោច​កំពុងបង្ក​គ្រោះភ័យ​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប​។​

​ដោយ​ប្រកាស​ពី​សកម្មភាព​ប្រតិបត្តិ រួម​ទាំង​ការវិនិយោគ ២,៣ ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សហរដ្ឋ​អាម៉េរិក​ដើម្បី​ទប់ទល់​នឹង​គ្រោះមហន្តរាយ​អាកាសធាតុ លោកបៃ​ដិនបាន​​និយាយថា “​ការប្រែប្រួល​អាកាសធាតុ​…​តាមន័យ​ពិត​ជាក់ស្តែង មិនមែន​ន័យ​ប្រៀបធៀប គឺជា​គ្រោះថ្នាក់​ច្បាស់ក្រឡែត​នាពេល​បច្ចុប្បន្ន​”​។​

“​សុខភាព​របស់​ប្រជាពលរដ្ឋ​យើង​និង​សហគមន៍​របស់​យើង​គឺ​ស្ថិត​ក្នុង​ហានិភ័យ​…​សន្តិសុខ​ជាតិ​របស់​យើង​ក៏​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ផងដែរ​… ហើយ​សេដ្ឋកិច្ច​របស់​យើង​កំពុង​មាន​គ្រោះថ្នាក់​។​ដូច្នេះ​យើង​​ត្រូវធ្វើ​សកម្មភាព​”​។​

​ដោយ​ថ្លែង​សុន្ទរកថា​នៅ​អតីត​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ក្នុង​រដ្ឋ​ម៉ាស​សា​ឈូ​សេត លោកបៃ​ដិនបាន​និយាយថា រដ្ឋបាល​របស់​លោក​នឹង​ធ្វើ​អ្វីៗ​ដែល​ចាំបាច់ ដោយ​មាន​ឬ​គ្មាន​សមាជិកសភា​។​

​លោក​បាន​និយាយថា “​សភា​មិន​ធ្វើ​សកម្មភាព​ដូច​ដែល​ខ្លួន​គួរ​ធ្វើ​នោះទេ​…​នេះ​គឺជា​រឿង​អាសន្ន ហើយ​ខ្ញុំ​នឹង​មើល​វា​តាម​របៀប​នោះ​។ ក្នុងនាម​ជា​ប្រធានាធិបតី​ខ្ញុំ​នឹង​ប្រើ​អំណាច​ប្រតិបត្តិ​របស់​ខ្ញុំ​ដើម្បី​​ប្រយុទ្ធប្រឆាំង​នឹង​វិបត្តិ​អាកាសធាតុ​”​។​

​ប៉ុន្តែ​គាត់​មិន​បាន​ប្រកាស​អាសន្ន​ជា​ផ្លូវការ​ទេ ដែល​នោះ​នឹង​ផ្តល់​អំណាច​បន្ថែម​ដល់​គាត់​លើ​គោលនយោបាយ​នានា​៕

ប្រធានាធិបតី ចូ បៃ​ដិន ថ្លែង​សុន្ទរកថា​អំពី​ផែនការ​របស់​គាត់​ក្នុង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​នៅ​អតីត​ស្ថានីយ​ថាមពល Brayton Point ក្នុង​ទីក្រុង​សូមឺ​សេត រដ្ឋ​ម៉ាស​សា​ឈូ​សេត​