​ដោយ​៖​សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ «​ខ្ញុំ​លើក​ពាន​ជូន​កម្ពុជា​បាន​ហើយ​។ ជួបគ្នា​ឆាប់ៗ មាតុប្រទេស​ជាទី​ស្រឡាញ់​»​។ នេះ​ជា​សំដី​របស់​កីឡាករ​កាយ​វប្បកម្ម​កម្ពុជា ឆឹង ណូ​រ៉ា បន្ទាប់ពី​ប្រជែង​បាន​មេដាយមាស ១​គ្រឿង ជូន​មាតុភូមិ ពី​ការប្រកួត​នៅ​ប្រទេស​ម៉ា​ល់​ឌី​វ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​អាស៊ី លើក​ទី​៥៤ ឆ្នាំ​២០២២ នេះ (54th Asian Bodybuilding and Physique Sports Championship-2022) ។

​ឆឹង ណូ​រ៉ា ធ្លាប់​និយាយថា លោក​មាន​ក្តី​សុ​បិ​ន្ត​ចង់​ឈ្នះ​មេដាយមាស​ជូន​ជាតិ​។ ក្រោយ​ឈ្នះ​មេដាយមាស ពី​ការប្រកួត នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ លោក ឆឹង ណូ​រ៉ា បានបញ្ជាក់​តាមរយៈ​បណ្តាញ​សង្គម Facebook ថា​: «​ខ្ញុំ​លើក​ពាន​ជូន​កម្ពុជា​បាន​ហើយ​។ ជួបគ្នា​ឆាប់ៗ មាតុប្រទេស​ជាទី​ស្រឡាញ់​»​។

​គេ​សរសេរ​ដោយ​មោទនភាព​ថា​: «​ខ្ញុំ​មិន​នឹកស្មានថា​បាន​ស្តាប់ភ្លេង​ជាតិខ្មែរ​របស់​ប្រទេស​ខ្ញុំ នៅលើ​ឆាក​អន្តជាតិ​សោះ​។ សប្បាយចិត្ត​ចុះ​បងប្អូន​!»​។

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​អាស៊ី លើក​ទី​៥៤ ឆ្នាំ​២០២២ រៀបចំឡើង នៅ​ប្រទេស​ម៉ា​ល់​ឌី​វ ចាប់ពី​ថ្ងៃទី​១៥ រហូតដល់​ថ្ងៃទី​២១ ខែកក្កដា​។ ឆឹង ណូ​រ៉ា បានឈ្នះ​មេដាយមាស ក្នុង​វិញ្ញាសា Men’s Athletic Physique ដោយ​មេដាយសំរិទ្ធ បាន​ទៅ​កីឡាករ Syed Faizal Ali និង​មេដាយប្រាក់ បាន​ទៅ​កីឡាករ Mohd Syarul Azman Mahen Abdullah ដែលជា​កីឡាករ របស់​ម៉ាឡេស៊ី​។

​លោក តឹក ប៊ុន​វី ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​កម្ពុជា បាន​ថ្លែង​ពី​ប្រទេស​ម៉ា​ល់​ឌី​វ ឲ្យ​ដឹងថា​: កីឡាករ​កាយ​វប្បកម្ម​កម្ពុជា ទៅ​ចូលរួម​ប្រកួត មាន​ចំនួន ២​នាក់​។ លោក​បាន​កោតសរសើរ ចំពោះ ឆឹង ណូ​រ៉ា ដែល​បានឈ្នះ​មេដាយមាស ពី​ការប្រកួត​អន្តរជាតិ​នេះ​។

​ឆឹង​ណូ​រ៉ា បាន​ថ្លែងអំណរគុណ​ដល់​លោកគ្រូ​បង្វឹក​ដោយ​ចាត់ទុកថា​: គ្រូបង្វឹក គឺជា​ឪពុកម្តាយ​ទី​ពីរ​របស់លោក​។ គេ​និយាយថា បើសិនជា​គ្មាន​គ្រូបង្វឹក​ជួយ​បណ្ដុះបណ្ដាល បង្ហាត់បង្រៀន និង​ជួយ​តម្រង់ផ្លូវ ក៏​លោក​មិនមាន​ឱកាស​ឈ្នះ​ដែរ​។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​អបអរសាទរ ចំពោះ​កីឡាករ​កាយ​វប្បកម្ម​កម្ពុជា ឆឹង ណូ​រ៉ា ចំពោះ​ជ័យជម្នះ​មួយ​នេះ​។ សម្តេច ចាត់ទុកថា កីឡា​លើកមុខ​មាត់​ប្រទេសជាតិ​លើ​ឆាក​អន្តរជាតិ និង​កីឡា ជា​ទូត​សន្តិភាព​៕/V​