​ដោយ​:​សុខុម / មណ្ឌលគិរី​៖ បំពង់​សុ​ី​ទែន​លាយ​ស៊ីម៉ង់ត៍ ទម្ងន់ ១០០​តោន បាន​បាក់​រលំ​រៀប​ដល់​ដី បង្កឱ្យមាន​ការភ្ញាក់ផ្អើល ដល់​អ្នករស់នៅ​ក្បែរ​ខាង កាលពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​ជិត​ថ្នាល​បណ្តុះ​កូនឈើ សែន​មនោ​រម្យ ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី ។

​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ព្រឹក​ថ្ងៃទី​២០ កក្កដា គេ​បាន ឃើញ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ រាប់សិប​តោន មក​ឈប់​ផ្ទេរ​ស៊ីម៉ង់ត៍ ចេញពី​រថយន្ត​សណ្តោង ប​ញ្ជូ​ល​ទៅក្នុង​តៅ ឬ​ស៊ីទែន​ផ្ទុក ដែលមាន​ជើង​ទំរ កំពស់​ប្រមាណ​២០​ម៉ែត្រ​ចំនួន​៣ នៅ​ទន្ទឹមគ្នា​។ គាប់​ជួន​ពេលនោះ នៅវេលា​ម៉ោង​ប្រមាណ​ជាង ១១​ព្រឹក ថ្ងៃទី​២០ កក្ត​ដា មេឃ​មាន​ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ​។ ក្រោយមក គេ​ឃើញ​តៅ ឬ​ស៊ីទែន​ផ្ទុក​ស៊ីម៉ង់ត៍​មួយ​ដើម ក្នុងចំណោម​បី​ដើម បាន​បាក់​ទ្រេត​ដល់​ដី​ហុយ​ទ្រលោម​។ នៅក្នុង​ហេតុការណ៍ ដ៏​រន្ធត់​នោះ​សំណាងល្អ មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​។

​បន្ទាប់ពី​កើតហេតុ មេឃ​រាំងភ្លៀង ក្រុមមន្ត្រី​មន្ទីរជំនាញ ចុះ​ទៅដល់​កន្លែងកើតហេតុ រួមមាន អាជ្ញាធរ​ក្រុង មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី មន្ត្រី​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍ សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ ដើម្បី​ធ្វើការ​ពិនិត្យ រក​មូលហេតុ ដែល​បណ្ដាល​ឲ្យ​បាក់​បំពង់​ស៊ីទែន លាយ​បេតុង​សុ​ី​ម៉​ង់​ត៍​។

​ក្រុមមន្ត្រី រកឃើញថា ទីតាំង​ដំឡើង​ម៉ាស៊ីន​ស្វ័យប្រវត្តិ​លាយ​បេតុង​ស៊ីម៉ង់ត៍​ស្រាប់ ខាងលើនេះ បានធ្វើ​អាជីវកម្ម ដោយ​គ្មាន​សុំច្បាប់​អនុញ្ញាត​ពី​មន្ត្រី​ជំនាញ​ណា​ទាំងអស់ រួមទាំង​អាជ្ញាធរ​ដែនដី​។

​ម្ចាស់​ឃ្លាំង​សំណង់ ខាងលើនេះ មានឈ្មោះ ហ៊ាង ឆៃលី បាន​អះអាង ប្រាប់​ក្រុមការងារ​ថា មូលហេតុ បណ្តាល​ឲ្យ​បាក់​នេះ មិនមែន​ខុស​បច្ចេកទេស​ទេ គឺ​មកពី​គាត់​ផ្ទុក​ស៊ីម៉ង់ត៍​លើស​ចំណុះ​។ តៅ​មួយ​អាច​ផ្ទុក​ស៊ីម៉ង់ត៍ បាន​១០០ តោន​។ តៅ​ចំនួន ៣ មាន​ចំណុះ ៣០០ តោន​។ បន្ទាប់ពី​ដាក់​ពេញ​តៅ ក៏​បាក់​ស្រឹប​តែម្តង​។

​លោក ហ៊ាង ឆៃលី បាន​បន្តថា​: ម៉ាស៊ីន​ដែល​គាត់​បាន​ដំឡើង​សម្រាប់ធ្វើ​បេតុង​លាយ​ស្រេច​នេះ គ្មាន​ក្រុមហ៊ុន​ណា សង់​ឲ្យ​ទេ គឺ​គាត់​បាន​ទិញ​ពី​កន្លែង​ក្ស័យធន​មួយកន្លែង យកមក​ដំឡើង​ដោយ​ខ្លួនឯង តាមរបៀប​ចាប់ឆាយ​ប៉ុណ្ណោះ​។

​លោក តូ​វ សុធា​រ៉ា ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍ ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​: ទីតាំង​ដែល​គេ​បាន​សង់​សំណង់ សម្រាប់​លាយ បេតុង​នេះ គឺ​មិនមាន​ច្បាប់​ពី​ខាង​មន្ទីរ​របស់លោក​ឡើយ​។

​កន្លងមកនេះ មន្ទីរ​បានចេញ​លិខិតអញ្ជើញ​ម្ចាស់​អាជីវកម្ម ខាងលើ ឱ្យទៅ​សុំច្បាប់ និង​ប្រឹក្សា​បច្ចេកទេស​ពី​មន្ទីរ ប៉ុន្តែ​ម្ចាស់​ទីតាំង គាត់​មិន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​។

​ម្យ៉ាងទៀត មុន​កើតមាន​បាក់​តៅ​ផ្ទុក​ស៊ីម៉ង់ត៍​ទម្ងន់​រាប់​តោន​នេះ អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តមណ្ឌលគិរី បានចេញ​លិខិត​ផ្អាក​ការដ្ឋាន ពីរលើក រួចមកហើយ កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០២២​។ ពីព្រោះ ជុំវិញ​ការសង់​របង​រំលោភ​យក​អូរ​ទឹកធម្មជាតិ នៅ​ខាងក្រោយ​ឃ្លាំង ជាហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​ទឹកអូរ​ធម្មជាតិ​។ ប៉ុន្តែ​ម្ចាស់​ទីតាំង លោក ហ៊ាង ឆៃលី អាង​ខ្លួនឯង មាន​ងារ​ជា​ឯកឧត្តម មិនបាន​អនុវត្តន៍ តាម​មន្ត្រី​ជំនាញ​ទេ ថែមទាំង​បន្ថែម​សកម្មភាព​សាងសង់​រួចរាល់ មកដល់​ថ្ងៃទី​២០ កក្កដា ក៏​កើតមាន​ករណី​បាក់​រលំ​គ្រឿងចក្រ​ខ្នាត​យក្ស​នេះ​តែម្តងទៅ​៕/V​