​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជំទាវ​ទីមួយ​អ៊ុយ​ក្រែន​លោកស្រី អូ​ឡេ​ណា ហ្សេ​លេន​ស្កា (Olena Zelenska)​បានបញ្ជាក់​ច្បាស់​ជា​យូរ​មក​ហើយ​ថា​លោកស្រី​គ្មាន​បំណង​ចង់បង្ហាញ​ការចាប់​​អារម្មណ៍​ផ្ទាល់ខ្លួន​នោះទេ​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ពុធ​ទី​២០​កក្កដា លោកស្រី​បាន​ឈរ​នៅ​វិមាន​កា​ពី​តូ​ល​របស់​សហរដ្ឋ​អាម៉េរិក ហើយ​សុំ​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​សហរដ្ឋអាម៉េរិ​ក​បន្ថែមទៀត​ដើម្បី​ទប់​​ស្កាត់​មី​ស៊ី​ល​រុស្ស៊ី​។​

​លោកស្រី​បាន​បង្ហាញ​ដល់​សមាជិក​សភា​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​អាម៉េរិក​នូវ​រូបភាព​ចំនួន​អ្នក​ស្លាប់​ពី​ការទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​លើ​ទីក្រុង​នានា​និង​លើ​កុមារ​អ៊ុយ​ក្រែន​ដោយ​រទេះទា​រកប្រឡាក់​ដោយ​​ឈាម​និង​សព​ទារក​តូច​។​

​សម្រាប់​លោកស្រី​ហ្សេ​លេន​ស្កា ភរិយា​របស់​ប្រធានាធិបតី​វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ការបង្ហាញ​ខ្លួន​នេះ​គឺ​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​សប្តាហ៍​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ដែល​កត់សម្គាល់​ពី​ការបង្ហាញ​​ខ្លួន​ដ៏​លេចធ្លោ​បំផុត​របស់​លោកស្រី​នៅក្នុង​សង្គ្រាម​ប្រាំ​ខែ​មកនេះ​។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ជា​លើកដំបូង​ផងដែរ ដែល​ប្រជាជន​អាម៉េរិក​ភាគច្រើន​បាន​ចោល​ក្រសែភ្នែក​សម្លឹង​មើល​លើ​លោកស្រី​។​

​ខណៈ​អេក្រង់​ពីលើ​បង្ហាញ​ជនរងគ្រោះ​ក្មេង​បំផុត​នៅក្នុង​សង្គ្រាម លោកស្រី​ហ្សេ​លេន​ស្កា​បាន​ប្រាប់​សមាជិក​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ពុធ​ថា “​យើង​មិន​ចង់ឱ្យ​មាន​ការវាយប្រហា​រ​តាម​អាកាស​ទៀត​ទេ​។ មិន​ចង់ឱ្យ​មាន​ការវាយប្រហា​រ​ដោយ​មី​ស៊ី​ល​ទៀត​ទេ​។ តើ​នេះ​ច្រើនពេក​សុំ​មិន​បាន​ទេ​?”​។​

​ថ្លែង​ទៅ​កាន់​ទស្សនិកជន​ដែល​រួមមាន​ប្រធាន​សភា​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) និង​មេដឹកនាំ​សំឡេង​ភាគតិច​នៅ​ព្រឹទ្ធសភា​លោក មី​ត ម៉ាក​ខុន​នែ​ល (Mitch McConnell) លោកស្រី​ហ្សេ​លេន​ស្កា​បាន​បង្ហាញ​ខ្លួន​នៅក្នុង​សាលប្រជុំ​សភា​ដូចគ្នា​ដែល​ស្វាមី​របស់​លោកស្រី​បាន​ទាក់ទាញ​ការ​ទះដៃ​ស្វាគមន៍​ពី​សមាជិក​សភា​ពោលគឺ​បី​សប្តាហ៍​ក្រោយ​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​ស្វាមី​របស់​លោកស្រី​បាន​និយាយ​តាម​វីដេអូ​នៅ​គ្រា​នោះ​។​លោក​ហ្សេ​លេន​ស្គី​បាន​ទទួល​ការសរសើរ​ពី​អ្នកគាំទ្រ​សម្រាប់​ការ​ស្នាក់នៅ​ក្នុង​ទីក្រុង​គៀវ ចាប់តាំងពី​រុស្ស៊ី​បាន​វាយប្រហារ ដោយ​និយាយ​ទាំង​យប់​តាម​វីដេអូ​។​

ទន្ទឹមនឹងនោះ លោកស្រី​ហ្សេ​លេន​ស្កា​និង​កូន​ពីរ​នាក់​របស់​ប្តី​ប្រពន្ធ​នេះ​បាន​លាក់ខ្លួន​ឆ្ងាយ​ពី​លោក​ហ្សេ​លេន​ស្គី​សម្រាប់​ហេតុផល​សុវត្ថិភាព​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​សង្គ្រាម​៕

​លោកស្រី​ហ្សេ​លេន​ស្កា​ថ្លែង​ទៅកាន់​សមាជិក​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ពុធ