ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្រុមកីឡា​បាល់ទះ​អង្គុយ​ជនពិការ​កម្ពុជា មានការ​សង្ឃឹម​ខ្ពស់ ក្នុងការ​ប្រជែង​បាន​មេដាយ ពី​ការប្រកួត​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ពីថ្ងៃ​ទី​៣០ ខែកក្កដា ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២​។

​កីឡាករ អ៊ូ ផល្លា ជាកា​ពី​ទែន​ក្រុម និង​ជា​កីឡាករ​ឆ្នើម​ដែល​ធ្លាប់បាន​ចូលរួម​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ពីរលើក​រួចមកហើយ បាន​ឲ្យ​ដឹងថា​: ក្រុមកីឡា​បាល់ទះ​ជនពិការ​កម្ពុជា បាន​ហ្វឹកហាត់​មករ​ហូត តាំងពី​ឆ្នាំ​២០១៩​។ បើទោះជា​គ្មាន​ការប្រកួត ក៏​ក្រុម​ទាំងមូល បាន​ហ្វឹកហាត់​ជាប្រចាំ​។ ក្រោយពី​ការហ្វឹកហាត់​ជាប់​ជាប្រចាំ បានធ្វើ​ឲ្យ​កីឡាករ កម្ពស់ ១,៨៣ ម៉ែត្រ រូបនេះ មើលឃើញថា​សមត្ថភាព​ក្រុម​របស់ខ្លួន មាន​ភាព​រីកចម្រើន​គ្រប់​ចំណុច​មិន​ថា​ការផ្ដាច់ និង​ការធ្វើ​រនាំង​ជាដើម ដែល​ធ្វើ​ឲ្យ​មាន​ក្តី​រំពឹងទុក​ខ្ពស់ ក្នុងការ​យកបាន​មេដាយ ពី​ព្រឹត្តិការណ៍​នេះ​។
​សម្រាប់​ការហ្វឹកហាត់ គឺ​យើង​ហាត់​រហូត​តាំងពី​ឆ្នាំ​២០១៩ មក គឺ​យើង​ហាត់​អត់​ឈប់​ទេ​។ ក្រុម​ទាំងមូល បាន​ហាត់​ខ្លាំង​មករ​ហូត​។ និយាយ​ទៅ​សមត្ថភាព​កូនក្រុម​ទាំងមូល មើលឃើញថា មានការ​រីកចម្រើន​ច្រើន ទាំង​ការ​វ៉ៃ​ផ្ដាច់ និង​ការធ្វើ​រនាំង​ការពារ បើ​ធៀប​នឹង​ការប្រកួត នៅ​ម៉ាឡេស៊ី កាល​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០១៧​។ ខ្ញុំ​ជឿថា យើង​នឹង​បាន​មេដាយ​ឆ្នាំនេះ ព្រោះ​កាលពី​២០១៧ យើង​បាន​មេដាយប្រាក់​។

​កីឡាករ​ដែលមាន​បទពិសោធន៍ ជិត ១០ ឆ្នាំ ក្នុងនាម​កីឡាករ​បាល់ទះ​ជនពិការ​រូបនេះ បាន​បន្ថែមថា​: ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ មានតែ ២​ប៉ុណ្ណោះ ដែល​ខ្លាំង គឺ​ថៃ និង​មី​យ៉ាន់​ម៉ា​។ ប៉ុន្តែ​ក្នុងនោះ ថៃ​ក៏​ធ្លាប់​ចាញ់​កម្ពុជា​ដែរ មិន​ថា​ការប្រកួត​ផ្លូវការ និង​មិត្តភាព​ឡើយ​។​
​អ្វីដែល​ជាការ​ចាប់អារម្មណ៍​នោះ កម្ពុជា​ធ្លាប់​បំបាក់​ថៃ​ដល់ ៣​សិត​ទល់​០ ក្នុងការ​ប្រកួត​មិត្តភាព​ទៀតផង​។ តែ​ក្រោយ​ការខកខាន​ជួបគ្នា​ច្រើន​ឆ្នាំ ដោយសារ​ការផ្អាក​សក​ម្ម​ភាព ព្រោះ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ អ៊ូ ផល្លា មិន​ហ៊ាន​សន្យាថា នឹង​ឈ្នះ​ដាច់ខាត​ទេ ពីព្រោះ​កម្ពុជា មាន​
​ការហ្វឹកហាត់​ខ្លាំង ហើយ​ប្រទេស​ផ្សេងៗ ក៏​ហាត់​ខ្លាំង​ដូចគ្នា​៕/V​