​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា (PLAN) បាន​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា (MoU) ឡើងវិញ​ជាមួយ​ពិធី​ការិនី និង​ជា​អ្នក​សម្បូរ​វោហា​ស័ព្ទ ឌី​ជេ ណា​ណា ជា​ទូត​កិត្តិយស​របស់​អង្គការ​ខ្លួន ដើម្បី​សំដៅ​លើកកម្ពស់​សិទ្ធិ​កុមារ និង​សមភាព​ក្មេងស្រី នៅ​កម្ពុជា​។

​ពិធី​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​នេះ ធ្វើឡើង​នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២០ ខែ កក្កដា ឆ្នាំ​២០២២​។

​គួរ​បញ្ជាក់ថា ឌី​ជេ ណា​ណា ឬ​មានឈ្មោះ​ដើម នាង សុ​វ៉ាត​នា ជា​ពិធី​ការិនី ដែលមាន​ប្រជាប្រិយភាព ហើយ​លេចធ្លោ​ក្នុង​បណ្ដាញ​សង្គម តែងតែ​ផ្តល់​ចំណេះដឹង ការលើកទឹកចិត្ត​ស្ត្រី និង​យុ​វ័យ ដែល​គេ​រំពឹងថា តាមរយៈ​ការចុះ​អនុស្សរណៈ នៃ​ការយោគយល់​នេះ នឹង​ជួយ​ដល់​ការផ្សព្វផ្សាយ និង​ក៏ដូចជា​អប់រំ​ក្នុងការ​លុបបំបាត់​ការរំលោភបំពាន​លើ​សិទ្ធ​កុមារ ក៏ដូចជា​លើកកម្ពស់​សិទ្ធិ​កុមារ កាន់តែ​ប្រសើរឡើង​ថែមទៀត​។

​លោកស្រី គ្វី​ន នេ​ត​វ៉ង នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានឱ្យដឹងថា​: អង្គការ​ភ្លែ​ន បានចាប់ផ្តើម​បេសកកម្ម​របស់ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំងតែ​ពី​ឆ្នាំ​២០០២ មកម្ល៉េះ និង​ជា​ស្ថាប័ន​អភិវឌ្ឍន៍ និង​មនុស្សធម៌​មួយ ធ្វើ​ការងារ​លើកកម្ពស់​សិទ្ធិ​កុមារ និង​សមភាព​ក្មេងស្រី អស់​រយៈពេល ៨៥ ឆ្នាំ​មកហើយ នៅក្នុង ៧៥ ប្រទេស​។ យើង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពិភពលោក​យុត្តិធម៌​មួយ ធ្វើការ​ជាមួយ​កុមារ និង​ប្រជាជន​វ័យក្មេង ជាពិសេស ក្មេងស្រី ស្ថាប័ន​រាជរដ្ឋាភិបាល និង​ដៃគូ​អនុវត្ត​។

​លោកស្រី បាន​បន្ត​ឱ្យដឹងថា​: សម្រាប់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​នេះដែរ គឺ​យើង​មាន​បេសកកម្ម ផ្តោត​សំខាន់​លើ​ការកាត់បន្ថយ​គម្លាត នៃ​សមភាព​យេនឌ័រ ដោយ​ចាប់ផ្តើម​ពី​ដំណាក់កាល​ដំបូង​នៃ​ជីវិត ក្នុងចំណោម​កុមារ និង​ឪពុកម្តាយ​របស់​ពួកគេ​។ ក្មេងស្រី និង​ស្ត្រី មាន​ចំនួន​ច្រើនជាង​ពាក់កណ្តាល នៃ​ចំនួន​ប្រជាជន​សរុប នៅលើ​ភពផែនដី​នេះ​។ ដូច្នេះហើយ យើង​ត្រូវការ​ការចូលរួម​យ៉ាង​សកម្ម ដើម្បី​រួមចំណែក​ដំណោះស្រាយ​បញ្ហា​នានា ដែល​កំពុង​កើតមានឡើង ទៅលើ​ជីវិត​របស់​ពួកគេ​។ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និង ឌី​ជេ ណា​ណា ប្តេជ្ញាចិត្ត​ជាមួយគ្នា​ថា ពួកយើង​នឹង​រួមគ្នា លើកកម្ពស់​សមភាព​យេនឌ័រ​ក្នុងចំណោម​ក្មេងស្រី ជាពិសេស ក្មេងស្រី​វ័យ​ជំទង់ និង​ស្ត្រី​វ័យក្មេង ក្នុងប្រទេស​កម្ពុជា​។

​លោកស្រី គ្វី​ន​នេ​ត វ៉ង នាយិកា​ប្រចាំ​ប្រទេស នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​មានប្រសាសន៍ថា​: «​ខ្ញុំ​មិនដឹង​ជា​រក​ពាក្យ​អ្វី​មក​ថ្លែងអំណរគុណ ចំពោះ ឌី​ជេ ណា​ណា សម្រាប់​ការគាំទ្រ ការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និង​ការខិតខំ​ប្រឹងប្រែង អស់ពី​កម្លាំងកាយ​ចិត្ត​របស់គាត់​កន្លងមក ក្នុងការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ និង​លើក​បង្ហាញ​ស្ថានភាព​របស់​កុមារ ជាពិសេស ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​។ ចាប់តាំងពី​ឆ្នាំ​២០១៧ គាត់​បាន​ចូលរួម នៅក្នុង​សកម្មភាព​ជាច្រើន នៃ​បេសកកម្ម​របស់​ផែនការ​យុទ្ធសាស្ត្រ ប្រចាំ​ប្រទេស​អាណត្តិ​មុន គាត់​បាន​ចូលរួម​បំផុសគំនិត ក្មេងស្រី ក្មេងស្រី​វ័យ​ជំទង់ និង​ស្ត្រី​វ័យក្មេង តាមរយៈ​សារ​លើកទឹកចិត្ត​ទៅកាន់​ពួកគេ ក្នុង​ការប្រើ​សិទ្ធិអំណាច​របស់ខ្លួន ស្វែងរក​ភាពខ្លាំង និង​ចំណេះដឹង និង​ជ្រើសរើស​ដោយ​ឯករាជ្យ សម្រាប់​ជីវិត ការអប់រំ ការងារ និង​ទំនាក់ទំនង​»​។

​លោកស្រី គ្វី​ន​នេ​ត វ៉ង បាន​បន្ថែមថា​: ខ្លឹមសារ និង​សារ​របស់ ឌី​ជេ ណា​ណា បាន​បង្កើន​ការយល់ដឹង នៅលើ​វេទិកាសាធារណៈ អំពី​បញ្ហា​ទាក់ទង​នឹង​ក្មេងស្រី និង​ស្ត្រី​វ័យក្មេង ដូចជា ការរើសអើង វិសមភាព ការបាត់បង់​ឱកាស ការរំលោភបំពាន និង​អំពើហិង្សា​។ តាមរយៈ​កិច្ចសហការ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់គាត់ ដែល​គាំទ្រ​យុទ្ធនាការ​សកល​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ «​ក្មេងស្រី​ត្រូវមាន​ឱកាស​ស្មើគ្នា​» ព្រឹត្តិការណ៍​ក្មេងស្រី​កាន់​តួនាទី​ជំនួស ទិវា​អន្តរជាតិ​នារី មូលនិធិ​យុវជន និង​កម្មវិធី​ជាច្រើន​ទៀត ឌី​ជេ ណា​ណា បាន​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការចូលរួម​របស់​យុវជន​យ៉ាងសកម្ម​។

​ក្នុង​ពិធី​នេះដែរ ឌី​ជេ ណា​ណា បានបង្ហាញ​ការប្តេជ្ញាចិត្ត​ធ្វើជា​ទូត​កិត្តិយស​របស់ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​រយៈពេល​ពីរ​ឆ្នាំ​បន្ថែមទៀត ចាប់ពី​ខែកក្កដា ឆ្នាំ​២០២២ រហូតដល់​ខែមិថុនា ឆ្នាំ​២០២៤​។

​នៅក្នុង​អនុស្សរណៈ នៃ​ការយោគយល់​គ្នា (MoU) ថ្មី​នេះ អ្នកនាង នឹង​បន្ត​គាំទ្រ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​កុមារ និង​សមភាព​ក្មេងស្រី ជាពិសេស ក្មេងស្រី​វ័យ​ជំទង់ និង​ស្ត្រី​វ័យក្មេង​។ យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស​ថ្មី (២០២១-២០២៦) របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ផ្តោត​សំខាន់​លើ​ការផ្តល់​សិទ្ធិអំណាច​ដល់​ក្មេងស្រី ២,៥ លាន​នាក់ ជាពិសេស ក្មេងស្រី​វ័យ​ជំទង់ និង​ស្ត្រី​វ័យក្មេង នៅក្នុង​ភាព​ចម្រុះ​ផ្សេងគ្នា​របស់​ពួកគេ ដើម្បី​អាច សិក្សា ដឹកនាំ សម្រេចចិត្ត និង​អភិវឌ្ឍ​។

​ជាមួយគ្នានេះ អ្នកនាង នឹងចូលរួម​លើក​បង្ហាញ​បញ្ហា និង​ទាញ​ចំណាប់អារម្មណ៍​របស់​ស​ហគ​មន៍ និង​សាធារណជន​ទូទៅ ឱ្យ​ផ្តោត​សំខាន់​ទៅលើ​កុមារ និង​យុវជន តាមរយៈ​យុទ្ធនាការ និង​ព្រឹត្តិការណ៍​ជាស​កល ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​។ លើសពីនេះ ឌី​ជេ ណា​ណា នៅតែ​បន្ត​ជា​បុគ្គល​គម្រូ និង​ល្អ​ម្នាក់​ក្នុងការ​លើកកម្ពស់​សិទ្ធិ​កុមារ និង​សិទ្ធិ​ក្មេងស្រី​ដែលមាន​ចែង​នៅក្នុង​អនុសញ្ញា ស្តីពី​សិទ្ធិ​កុមារ​នៃ​អង្គការសហប្រជាជាតិ (UNCRC)

​ដូច្នេះ​កុមារ និង​យុវជន​អាច​បំពេញបាន​សិទ្ធិ និង​សម្រេចបាន​សក្តានុពល​ពេញលេញ​របស់ខ្លួន​៕/V​