​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​ពុធ​ទី​២០​កក្កដា កងកម្លាំង​អ៊ុយ​ក្រែន​បាន​បំផ្លាញ​ស្ពាន​មួយ ដែល​សំខាន់​សម្រាប់​ការផ្គត់ផ្គង់​របស់​កង​ទ័ព​រុស្ស៊ី​នៅ​ភាគខាងត្បូង​អ៊ុយ​ក្រែន​កន្លែង​​ដែល​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​និយាយថា ទីក្រុង​មូ​ស្គូ​នឹង​ពង្រឹង​ការដណ្តើម​ទឹកដី​។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ បាន​ប្រាប់​ទូរទស្សន៍ RT និង​ទីភ្នាក់ងារសារព័ត៌មាន RIA Novosti ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ថា​រុស្ស៊ី​គ្រោង​នឹង​រក្សា​ការគ្រប់គ្រង​លើ​តំបន់​ទូលំទូលាយ​ហួស​​ពី​ភាគ​ខាងកើត​អ៊ុ​យក្រែន រួម​ទាំង​តំបន់​ឃើ​សិន (Kherson) និង​ហ្សា​ផូ​រី​ហ្ស​ហ្សា (Zaporizhzhia) នៅ​ភាគខាងត្បូង ហើយ​នឹង​ដណ្តើម​ទឹក​ដី​បន្ថែម​ទៀត​នៅ​កន្លែង​ផ្សេង​។​

​សុន្ទរកថា​របស់​លោក​ឡាវ​រ៉ូវ​និង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​អ៊ុយ​ក្រែន​លើ​ស្ពាន​សំខាន់​នៅ​តំបន់​ឃើ​សិន ចង្អុលបង្ហាញ​ថា សង្គ្រាម​ជិត​ប្រាំ​ខែ​នេះ​អាច​នឹង​ពង្រីក​ថែម​ទៀត​បន្ទាប់ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​​ភាគច្រើន​តែ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែន​ចាប់តាំងពី​ខែ​មេសា​។​

​អ្នកការទូត​កំពូល​របស់​រុស្ស៊ី​បាន​កត់សម្គាល់​ថា នៅពេល​រុស្ស៊ី​និង​អ៊ុយ​ក្រែន​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង​ដែល​អាច​ធ្វើទៅបាន​ដើម្បី​បញ្ចប់​ការប្រយុទ្ធ​គ្នា​កាលពី​ខែ​មីនា “​ការត្រៀមខ្លួន​របស់​យើង​ក្នុង​ការទទួលយក​សំណើ​របស់​អ៊ុយ​ក្រែន​គឺ​ផ្អែក​លើ​ភូមិសាស្ត្រ​ខែ​មីនា​ឆ្នាំ ២០២២”​។​

​លោក​ឡាវ​រ៉ូវ​បាន​និយាយថា “​ឥឡូវ​នេះ​វា​ជា​ភូមិសាស្ត្រ​ខុស​គ្នា​ហើយ​” ដោយនិយាយ​ឡើងវិញ​ពី​ការអះអាង​របស់​ក្រុង​មូ​ស្គូថា សហរដ្ឋ​អាម៉េរិក​និង​អង់គ្លេស​កំពុង​លើកទឹកចិត្ត​អ៊ុយ​ក្រែន​ឱ្យ​ពង្រីក​អរិភាព​។​

​ខណៈ​បណ្តា​ប្រទេស​លោកខាងលិច​កំពុងផ្តល់​អាវុធ​ចម្ងាយ​ឆ្ងាយ​ដល់​អ៊ុ​យក្រែន លោក​ឡាវ​រ៉ូវ​បាន​និយាយថា “​កិច្ចការ​ភូមិសាស្ត្រ​របស់​រុស្ស៊ី​នឹង​ត្រូវ​រុញច្រាន​ឱ្យ​ហួស​ពី​ខ្សែបន្ទាត់​បច្ចុប្បន្ន​ពីព្រោះ​យើង​មិនអាច​​អនុញ្ញាត​ឱ្យ​ផ្នែក​នៃ​អ៊ុយ​ក្រែន​ស្ថិតនៅក្រោម​ការគ្រប់គ្រ​ង​របស់​ហ្សេ​លេន​ស្គី​ឬ​អ្នក​មក​ស្នង​តំណែង​របស់​គាត់​មាន​អាវុធ​ដែល​បង្ក​ការគំរាមកំហែង​ដោយផ្ទាល់​ដល់​ទឹកដី​របស់​យើង​និង​ទឹកដី​នៃ​សាធារណរដ្ឋ ដែល​បានប្រកាស​ឯករាជ្យ​របស់​ពួកគេ​នោះទេ​”៕

ទាហាន​អ៊ុយ​ក្រែន​កំពុង​ប្រើ​កាំភ្លើង SPG-9 អំឡុង​ការហ្វឹកហាត់​នៅ​តំបន់​ខា​គី​វ កាលពី​ថ្ងៃ​អង្គារ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២

កងកម្លាំងអ៊ុយក្រែនទទួលបានប្រព័ន្ធរ៉ុក្កែតកាន់តែអាចបាញ់បានឆ្ងាយឡើងពីលោកខាងលិច