​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​កក្កដា​បាន​កាត់បន្ថយ​ព្យាករណ៍​កំណើន​ឆ្នាំ​២០២២​សំរាប់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​អាស៊ី និង​បាន​ព្រមាន​​ថា​លក្ខខណ្ឌ​សេដ្ឋកិច្ច​នឹង​កាន់តែ​អាក្រក់​ទៅ នៅ​ពេល​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​និង​បញ្ហា​នៃ​ការផ្គត់ផ្គង់​បាននិងកំពុង​រុញ​ថ្លៃទំនិញ​អោយ​កើនឡើង​។​

​ធនាគារ​ដែលមាន​មូលដ្ឋាន​នៅ​ហ្វីលីពីន​មួយ​នេះ​បាន​និយាយថា​នៅ​ពេល​ផល​ប៉ះពាល់​ពី​កូវី​ដ​១៩​ថមថយ តំបន់​នេះ​ឥឡូវ​កំពុង​ប្រឈម​ដោះស្រាយ​នឹង​ផល​មក​ពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន ការបិទ​​ខ្ទប់​នៅ​ចិន និង​ការដំឡើង​អត្រា​កា​ប្រាក់​យ៉ាង​គំហ៊ុក​។​

​អ្នក​តវ៉ា​ប្រឆាំង​នៅ​ហ្វីលីពីន ទាមទារ​អោយ​ប្រធានាធិបតី ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ បញ្ចុះថ្លៃទំនិញ នៅពេល​ស្បៀងអាហារ​និង​ប្រេង​ឡើងថ្លៃ​នៅ​ទូទាំង​តំបន់​

​ដើម្បី​ឆ្លុះបញ្ចាំង​ការធ្លាក់​ចុះ​កាន់តែ​អាក្រក់​ទៅ​នៅ​ទូទាំង​អាស៊ី​កំពុង​អភិវឌ្ឍន៍​ចាប់ពី​កោះ​ឃុក​រហូត​ដល់​កា​ហ្សាក់​ស្ថាន​នៅ​អាស៊ី​កណ្តាល ធនាគារ​បាន​កាត់បន្ថយ​ព្យាករណ៍​កំណើន​ឆ្នាំ​២០២២​មក​នៅត្រឹម​៤,៦​ភាគរយ​។​ក្នុង​ការព្យាករណ៍​កាល​ពី​ខែ​មេសា ធនាគារ​បាន​និយាយថា​តំបន់​នេះ​នឹង​ទទួលបាន​កំណើន​៦,៩​ភាគរយសំរាប់ឆ្នាំ២០២២ ។​

ADB​ក៏​បង្កើន​ការ​ព្យាករណ៍​អំពី​អតិផរណា​សំរាប់​តំបន់​នេះ​ថា​នឹង​ឡើងដល់​៤,២​ភាគរយ ដោយ​កើន​ពី​៣,៧​ភាគរយ​ពី​ការព្យាករណ៍​កាលពីមុន ដោយសារ​តែ​ស្បៀង​និង​ប្រេង​ឡើងថ្លៃ​និង​ថា​«​ហានិភ័យ​នៃ​​ទស្សនវិស័យ​នេះ​នៅតែ​ខ្ពស់​»​។​

​វាបាន​បន្ថែមថា ការថយចុះ​កំណើនសេដ្ឋកិច្ច​អាច​ប៉ះពាល់​ការនាំចេញ សកម្មភាព​ផលិតកម្ម​ឧស្សាហកម្ម​និង​ទស្សនវិស័យ​នៃ​ការងារ​ធ្វើ ហើយ​បង្កចលាចល​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​។​

​សូមបញ្ជាក់​ថា អតិផរណា​ពីរ​ខ្ទង់​បាននិងកំពុង​កើតមាន​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​កូកាស​( Caucasus)​និង​អាស៊ី​កណ្តាល​ជា​ច្រើន ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជិតដិត​ជាមួយ​អាស៊ី​និង​ទំនាក់​​ហិរញ្ញវត្ថុ​ជា​មួយ​រុស្ស៊ី ព្រមទាំង​ជា​មួយ​ម៉ុង​ហ្គោលី ប៉ា​គី​ស្ថាន ស្រី លង្កា ឡាវ​និង​មី​យ៉ាន់​ម៉ា​។​

​អតិផរណា​របស់​ឥណ្ឌា​ក៏​ហួស​ផែនការ​កំណត់​៧​ភាគរយផងដែរ តែ​នៅក្នុង​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំៗ​ក្នុង​តំបន់​នេះ អតិផរណា​អាច​ក្នុង​កំរិត​គ្រប់គ្រង​បាន ទោះជាយ៉ាងណា​ធនាគារ​បាន​ព្រមាន​ថា​«​ផលវិបាក​ចេញពី​​សង្គ្រាម​នៅ​អ៊ុ​យក្រែន អាច​នាំ​ដល់​អោយ​ថ្លៃ​ថាមពល​និង​ទំនិញ​វត្ថុធាតុដើម​ឡើងថ្លៃ ដែល​ប៉ះពាល់​ដល់​កំណើន​និង​អតិផរណា​នៅក្នុង​ពិភព​អាស៊ី​កំពុង​អភិវឌ្ឍន៍​»​។​

​បន្ថែម​ផល​លំបាក​របស់​តំបន់​នេះ​ថែម​ទៀត​គឺ​ប្រាក់​ដុល្លារ​អាម៉េរិក​ឡើងថ្លៃ ដោយសារ​តែ​វា​ត្រូវបាន​គេ​គិតថា​ជា​ទ្រព្យ​មាន​សុវត្ថិភាព​ក្នុងពេល​ពិភពលោក​ជួប​ភាពមិនប្រាកដប្រជា ដែល​វា​ដាក់​ទម្ងន់​​លើ​រូបិយ​បណ្ណ​តំបន់​និង​ផ្សារភាគហ៊ុន​។​

​ធនាគារ​បាន​និយាយទៀតថា «​ជាមួយ​នឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​កាន់តែ​តឹង បណ្តា​សេដ្ឋកិច្ច​ជឿនលឿន​កាន់តែ​ទន់​។​ហើយ​នៅ​ពេល​សកម្មភាព​នៅ​ចិន​ត្រូវ​រំខាន​ដោយ​បញ្ហា​ផ្គត់ផ្គង់ សេចក្តីត្រូវការ​ក្នុង​​ស្រុក​និង​ការនាំចេញ​នៅ​ក្នុង​អាស៊ី​កំពុង​អភិវឌ្ឍន៍​ទំនង​ជា​ជួប​ការ​ប្រឈម​ដ៏​ខ្លាំង​»​។​

​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​នៅ​អាស៊ី​បូព៌ា​ត្រូវបាន​កាត់បន្ថយ​ពី​៤,៧​មក​នៅត្រឹម​៣,៨​ភាគរយ នៅពេលកូ​វីដ​១៩​បន្ត​បិទ​ខ្ទប់​និង​រំខាន​ដល់​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​ក្នុង​លោក​(​ចិន​)​។​

​នៅ​អាស៊ី​ខាងត្បូង កន្លែង​ដែល​ស្រី លង្កា​ក្ស័យធន​កំពុង​ជួប​មហា​វិបត្តិ​សេដ្ឋកិច្ច ធនាគារ​បន្ទា​បព្យាការ​ណ៍​កំណើន​ពី​៧​ភាគរយ​មក​នៅត្រឹម​៦,៥​ភាគរយ​។​តែ​ធនាគារ​បាន​កែ​ព្យាករណ៍​សំរាប់​តំបន់​ប៉ា​ស៊ី​​ហ្វិក​ពី​៣,៩​មក​៤,៧​ភាគរយ ដោយសារ​កំណើន​វិស័យ​ទេសចរណ៍​នៅ​កោះហ្វី​ជី​៕

​ចិន​ជំរុញ​ស្ថិរភាព​សេដ្ឋកិច្ច​ដើម្បី​ទ្រោល​កំណើន​សកល តែ​ត្រូវ​រំខាន​ដោយ​ការផ្គត់ផ្គង់ និង​សេចក្តីត្រូវការ​ក្នុងស្រុក បង្កឡើង​ដោយ​វិធានការ​ទប់ស្កាត់​កូវី​ដ​១៩