​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​២០​កក្កដា​ថា សហរដ្ឋ​អាម៉េរិក​គួរតែបញ្ឈប់​ជាបន្ទាន់​នូវ​ការ​ប្លន់​យក​ធនធាន​ជាតិ​របស់​ប្រទេស​ស៊ី​រី​។​

​លោក វ៉ាង វិន​ប៊ីន (Wang Wenbin) បាន​ធ្វើ​ការកត់សម្គាល់​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅពេល​ត្រូវ​បាន​ស្នើ​ឱ្យ​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​ដែល​ថា​កងកម្លាំង​កាន់កាប់​របស់​​សហរដ្ឋ​អាម៉េរិក​នាពេល​ថ្មីៗ​នេះ​បាន​ផ្ទេរ​ប្រេង​ដែល​លួច​ពី​ប្រទេស​ស៊ី​រី​ទៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ ដោយ​ក្រុម​មន្ត្រី​ស៊ី​រី​បាន​ថ្កោលទោស​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់​ខ្លួន​ថា​ប្រព្រឹត្ត​ដូច​ចោរប្លន់​។​

​លោក​វ៉ាង​បាន​និយាយថា ៩០​ភាគរយ​នៃ​ប្រជាជន​ស៊ី​រី​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ ពីរភាគបី​នៃ​ប្រជាជន​ពឹងផ្អែក​លើ​ជំនួយ​មនុស្សធម៌ និង​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​​ទទួលរង​ពី​អសន្តិសុខ​ស្បៀង​។​

​លោក​វ៉ាង​បាន​និយាយថា យោធា​អាម៉េរិក​នៅតែ​បន្តកាន់កាប់​តំបន់​ផលិត​គ្រាប់​ធញ្ញជាតិ​និង​ប្រេង​សំខាន់ៗ​ក្នុងប្រទេស​ស៊ី​រី ដោយ​បាន​លួច​និង​ប្លន់​យក​ធនធាន​ជាតិ​របស់​ស៊ី​រី​ដែល​ធ្វើឱ្យ​វិបត្តិ​មនុស្សធម៌​​ក្នុង​តំបន់​កាន់តែ​អាក្រក់​ទៅៗ ដោយ​បន្ថែម​ថា ប្រជាជន​ស៊ី​រី​មួយចំនួន​បាន​ពណ៌នា​វត្តមាន​របស់​អាម៉េរិក​នៅក្នុង​ប្រទេស​ស៊ីរី​ជា​ទម្រង់​នៃ​អំពើ​ភេរវកម្ម​។​

​លោក​វ៉ាង​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​តែងតែ​អួត​អំពី​ស្តង់ដារ​ខ្ពស់​បំផុត​របស់​ខ្លួន​ស្តីពី​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ ប៉ុន្តែ​សកម្មភាព​របស់​អាម៉េរិក​នៅក្នុង​ប្រទេស​ស៊ី​រី​បង្ហាញថា​ប្រទេស​នេះ​ពិតជា​បរាជ័យ​​ក្នុង​ទិដ្ឋភាព​ទាំងនេះ​។​

​លោក​វ៉ាង​និយាយថា សហរដ្ឋ​អាម៉េរិក​គួរតែ​គោរព​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ស៊ី​រី ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​ប្រជាជន​ស៊ី​រី លុបចោល​ទណ្ឌកម្ម​ឯកតោភាគី​ប្រឆាំង​នឹង​ស៊ី​រី​ជាបន្ទាន់ បញ្ឈប់​ការ​ប្លន់​យក​ធនធាន​ជាតិ​របស់​ស៊ី​រី​ជាបន្ទាន់ និង​បំពេញ​ការខូចខាត​ដែល​បង្ក​ឡើង​ដល់​ប្រជាជន​ស៊ី​រី​ជាមួយនឹង​សកម្មភាព​រឹងមាំ​៕

​យោធា​អាម៉េរិក​នៅតែ​បន្តកាន់កាប់​តំបន់​ផលិត​គ្រាប់​ធញ្ញជាតិ​និង​ប្រេង​សំខាន់ៗ​ក្នុងប្រទេស​ស៊ី​រី