​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្រុម​បាល់ទះ​អង្គុយ​ជនពិការ​នារី​កម្ពុជា បានបង្ហាញ​ពី មហិច្ឆតា​ខ្ពស់ ក្នុងការ​ស្វែងរក​មេដាយ ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍ អាស៊ាន​ប៉ា​រ៉ា​ហ្គេម ជា​លើ់កដំបូង​របស់ខ្លួន នៅ​ប្រទេស​ឥណ្ឌូណេស៊ី នា​ប៉ុន្មាន​ថ្ងៃ ខាងមុខនេះ ។​

​កា​ពី​ទែន​ក្រុម​បាល់ទះ​អង្គុយ​ជនពិការ​នារី​កម្ពុជា កីឡាការិនី គង់ ស្រស់ បានលើកឡើង​ថាៈ ការចូលរួម​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នៅ​ឥណ្ឌូណេស៊ី ខាងមុខនេះ ពិត​ជាមាន​មោទនភាព​ខ្លាំង ដែល​តំណាង​ជាតិ ចេញទៅ​ប្រកួត នៅលើ​ឆាក​អន្តរជាតិ និង​បាន​ប្តេជ្ញាចិត្ត​ខ្ពស់ ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ស្វែងរក​លទ្ធផល​ល្អ​ជូន​កម្ពុជា ឲ្យ​បាន ទោះជា​ការបង្ហាញ​ខ្លួន ជា​លើកដំបូង​ក៏ដោយ​។​

​កីឡាការិនី​រូបនេះ បាន​បន្តថាៈ ការ​ចេញទៅ​ចូលរួម​ប្រកួត នៅ​ប្រ​ទេ​ឥណ្ឌូណេស៊ី​នេះ ទោះ​បាន​លទ្ធផល​ល្អ ឬ​មិនបានក៏​ដោយ ក៏​ប្រធាន​ក្រុម និង​ក្រុម​ទាំងមូល បាន​តាំងចិត្ត ប្រឹងប្រែង ឲ្យ​អស់ពី​សមត្ថភាព ក្នុងការ​ប្រកួត ហើយ​យក​បទពិសោធន៍ ពី​ការប្រកួត​អន្តរជាតិ មួយ​នេះ ដើម្បី​ពង្រឹង​ក្រុម​ឲ្យ​កាន់តែខ្លាំង​ទ្វេ​ឡើង សម្រាប់​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ។​

​ក្រុម​បាល់ទះ​អង្គុយ​ពិការ​នារី​កម្ពុជា ទើប​បង្កើត​ថ្មី ប្រទេស​មួយចំនួន ក៏​ថ្មី​ដែរ ប៉ុន្តែ​ក្រុមកីឡា ការិនី​ថៃ គឺអាច​និយាយបានថា កម្រិត​សមត្ថភាព​ខ្ពស់​ជាងគេ ដោយសារ​ពួកគេ​បានធ្វើការ​ហ្វឹកហាត់ ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ហាត់​ជាមួយ​ក្រុម​បុរស​ថែមទៀត​។

​កីឡាការិនី​រូបនេះ បាន​អះអាងថាៈ ការហ្វឹកហាត់ ពិតជា​មានការ​លំបាក​ខ្លាំង ដោយ​ការប្តូរ​ពី​បាល់បោះ​ជិះរទេះ មកលេង​បាល់ទះ​អង្គុយ ពីព្រោះ​បាល់បោះ​ជិះរទេះ ជិះរទេះ​ហើយ​បង្វិល រីឯ​បាល់ទះ​អង្គុយ គឺ​រំកិល ដូច្នេះ​ពេល​ចាប់​បាល់ មានការ​លំបាក​ខ្លាំង​។ ម្យ៉ាងទៀត ក្នុងនាម ជា​ស្ត្រី ធ្វើ​ឲ្យ​ប៉ះពាល់​ពេល​រំកិល​។​

​កីឡាការិនី គង់ ស្រស់ បាន​បន្ថែមថាៈ ដោយសារ​មាន​ការលើក​ចិត្ត ពី​ក្រុមគ្រួសារ និង​លោក យី វាសនា អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ជាពិសេស សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ឲ្យ​ក្រុម មា​នភា​ពក​ក់កក្តៅ និង​ខិតខំ​គ្រប់យ៉ាង ដើម្បី​នាំ​មោទនភាព​ជូន​ជាតិ​។​

​សម្រាប់​ការធ្វើដំណើរ ទៅ​ចូលរួម​ប្រកួត សម្ដេច​តេ​ជោ ហ៊ុន សែ និង​ជា​ប្រធាន​គណៈ​ក​ម្មា​ធិ ការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​យល់ព្រម​ឲ្យ​មានការ​រៀបចំ យន្ដហោះ​ពិសេស សម្រាប់​ដឹក ជញ្ជូន​អត្ត​ព​លិ​ក មាន​ពិការភាព​កម្ពុជា ទៅ​ឥណ្ឌូណេស៊ី ហើយ​ក្រុមហ៊ុន អាកាសចរណ៍ Sky Angkor Airlines ក៏បាន​យល់ព្រម​ដឹកជញ្ជូន ទៅមក​ដោយ​ឥតគិតថ្លៃ ដែល​គ្រោង​ចេញដំណើរ នា​ថ្ងៃទី​២៦ ខែកក្កដា និង​វិល​ត្រឡប់មក​មាតុភូមិ​វិញ នា​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២ ។​

​ព្រឹ​ត្ត​ការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នៅ​ឥណ្ឌូណេស៊ី​កម្ពុជា នឹង​បញ្ជូន ១១ ប្រភេទ កីឡា រួមមាន អត្តពលកម្ម ហែល​ទឹក បាល់ទះ​អង្គុយ​បុរស និង​នារី បាល់បោះ​រទេះ​បុរស និង​នារី បាល់បោះ​ជនពិការភ្នែក បាល់ទាត់​៧​ម្ខាង (​ចលករ​ខួរក្បាល​) វាយ​កូនឃ្លី​លើ​តុ វាយ​សី លើក​ទម្ងន់ អុក និង​ប៊ូ​ស្យា​។​

​សូម​បញ្ចា​ក់ថា ព្រឹ​ត្ត​ការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​៩ នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា ដណ្តើមបាន​មេដាយ​សរុប ១០ គ្រឿង ប្រាក់ ៥ និង សំរិទ្ធ ៥ គ្រឿង​៕/V​