​ដោយៈ ប​.​ខុន / ភ្នំពេញៈ តំបន់​ផ្ទៃ​រងទឹក​ភ្លៀង របស់​ស្ទឹង​ព្រែក​ត្នោត ក្នុង​ខេត្តកំពង់ស្ពឺ កាលពី​យប់មិញ ត្រូវបាន​គេ​ប្រាប់​ឱ្យដឹងថា មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​ដល់​ជាង ១០០ មី​លី​ម៉ែត្រ ហើយ ទឹក​ទាំងនោះ នឹង​ធ្លាក់​ចូលដល់​ស្ទឹង​ព្រែក​ត្នោត ក្នុង​រយៈពេល ៣​ថ្ងៃ​បន្ទាប់​។ តាម​ការ​ព្យាករ នៅថ្ងៃនេះ ក្នុង​ខេត្តកំពង់ស្ពឺ នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ថែម​មកទៀត អាច​នឹង​ធ្វើឱ្យ​ទឹកស្ទឹង នេះ ជន់​ឡើង​នៅពេល​បន្ទាប់​។​

​លោក ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២​ថាៈ យប់មិញ មាន​ភ្លៀង​ធ្លាក់​ច្រើន រហូតដល់​ជាង ១០០ មី​លី​ម៉ែត្រ នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង ស្ទឹង​ព្រែក​ត្នោត តែ​នៅ​ព្រឹក​ថ្ងៃនេះ (២១​កក្កដា​) ទឹកស្ទឹង​ព្រែក​ត្នោត មិនទាន់​មានការ​ជន់​ឡើង​ទេ ។ ទឹកភ្លៀង​យប់មិញ វា​នឹង​មកដល់​ស្ទឹង​ព្រែក​ត្នោត នៅ​រយៈពេល​បី​ថ្ងៃ​បន្ទាប់​។​

​ប្រធាន​មន្ទីរ​ខាងលើ បានបញ្ជាក់​ថាៈ ត្រឹម​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា បរិមាណ​ទឹកភ្លៀង ធ្លាក់​នៅ​តម្រង​សាលាស្រុក​ភ្នំស្រួច មាន​កម្រិត ៣១ មី​លី​ម៉ែត្រ តម្រង​ពាម​ពូ​ល ១០៣ មី​លី ម៉ែត្រ តម្រង​ស្រែខ្លុង ៥៨ មី​លី​ម៉ែត្រ ត្រ​ម្រ​ង​អូរ​កូន​ត្រុំ ១៦ មី​លី​ម៉ែត្រ តម្រង​សាលាស្រុក​ថ្ពង ៧៤ មី​លី​ម៉ែត្រ តម្រង​យាអង្គ ៤១ មី​លី​ម៉ែត្រ តម្រង​អម​លាំង ៥០ មី​លី​ម៉ែត្រ និង​ក្នុងភូមិ សាស្ត្រ​ស្រុក​ឱ​រ៉ា​ល់ មាន​ភ្លៀង​កម្រិត​ពី ១១ ដល់ ២៥ មី​លី​ម៉ែត្រ ហើយ​ទឹក​ទាំងនេះ ត្រូវ​ធ្លាក់​ចូលមក​ស្ទឹង​ព្រែក​ត្នោត​ទាំងអស់​។​

​លោក ញ៉ា​ញ់ ជាប​ហ៊​ង បាន​និយាយ​ឱ្យដឹងទៀតថាៈ មើល​តាម​ការព្យាករណ៍ ឃើញថា នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់ ច្រើន​ថែមទៀត​នោះ អាច​នឹង ធ្វើឱ្យ​ទឹកស្ទឹង​ព្រែក​ត្នោត ហក់​ឡើង​ខ្លាំង នៅពេល​បន្ទាប់​។ នៅ​ទំនប់​រលាំង​ជ្រៃ ព្រឹក​ថ្ងៃទី​២១ ខែកក្កដា មាន​កម្ពស់ ៧,៣២ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២០ ខែកក្កដា ០,១២ ម៉ែត្រ ទឹកបាន​ហូរ លើ​កម្រិត​កម្ពស់​ធម្មតា ០,៣២ ម៉ែត្រ​។ ទ្វារ​ទឹក​មួយ​នៃ​ទំនប់​រលាំង​ជ្រៃ បាន​បើក​កម្ពស់ ០,៦០ ម៉ែត្រ ជាមួយនឹង​វា​រី​អគ្គិសនី ចំនួន​៣ បាន​ដំណើរការ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២​ថាៈ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប អូសបន្លាយ​ពី​ភាគ ខាងជើង ប្រទេស​ថៃ កាត់​លើ​ភាគខាងត្បូង ប្រទេស​ឡាវ និង​ភាគ​កណ្ដាល​ប្រទេស វៀតណាម ជាមួយ​ខ្យល់មូសុង​និរតី បក់​ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​បង្គួរ ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត និង​រាជធានី អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា មាន​ពី ២៤ ទៅ ២៦ អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ ជាមួយគ្នានេះ បណ្តា​ផ្នែក​ខ្លះ នៃ​បណ្តា​ខេត្ត និង​រាជធានី អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤ ទៅ​៣៦ អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕/V​