ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នេះ សមត្ថកិច្ចចម្រុះ ពីរក្រុម នៃខេត្តកំពង់ធំ បានចុះបង្ក្រាបបទល្មើស នេសាទ បឹងទន្លេសាប ក្នុងរដូវហាមឃាត់ នៅគោលដៅពីរផ្សេងគ្នា គឺនៅស្រុកកំពង់ស្វាយ និងនៅក្នុងស្រុកស្ទោង។
សមត្ថកិច្ចចម្រុះ ក្រុមទី១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងសហការី បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចចាប់ពី កន្លុកបាយក្អែក ដល់ចុងអូរគន្លងលប ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។
នៅក្នុងការបង្ក្រាបបទល្មើសនេសាទ បឹងទន្លេសាប របស់ក្រុមទី១ នេះ សមត្ថកិច្ចចម្រុះ បង្ក្រាបបទល្មើសបាន ១ ករណី ក្នុងនោះ បានរុះរើបំផ្លាញចោលវត្ថុតាង នៅនឹងកន្លែង រួមមាន របាំងសាច់អួនក្រឡាញឹក ចំនួន ៥ របាំងប្រវែង ១.២០០ ម៉ែត្រ ឡុកចំនួន ១៤ គ្រឿង លប/លូចំនួន ១០លប បង្គោលចំនួន ១.០០០ ដើម ចាក់លែងត្រីចំរុះ ចូលទៅក្នុង បឹងធម្មជាតិវិញ ចំនួន ២០ គីឡូក្រាម ។
ចំណែកសមត្ថកិច្ចចម្រុះ ក្រុមទី២ ដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចព្រែកខ្វែងសណ្តាន់ក្នុងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង។
សមត្ថកិច្ចចម្រុះ ក្រុមទី២នេះ បង្ក្រាបបាន ១ ករណីដែរ ក្នុងនោះ បានរុះរើ កាប់បំផ្លាញចោល ឧបករណ៍នេសាទ របាំងសាច់ស្បៃមុង នៅនឹងកន្លែង រួមមាន របាំងស្បៃមុងចំនួន ២ របាំង ប្រវែង ២០០ ម៉ែត្រ លូស្បៃមុងចំនួន ៤មាត់ ឡុកស្បៃមុង ចំនួន ៣គ្រឿង បង្គោលចំនួន ២៣០ ដើម និងបានចាក់លែងត្រី ចូលបឹងធម្មជាតិ ទម្ងន់ ៥ គីឡូក្រាម៕/V