ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ នាយករដ្ឋមន្ត្រីថៃដែលត្រូវបណ្តេញចេញពីតំណែងលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានឆ្លើយតបទៅនឹងការបបួលបែបផ្គើនរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចាអោយក្រុមប្រឆាំងហៅ នាយករដ្ឋមន្ត្រីរត់ចោលស្រុកទាំងពីរវិលមកដោះស្រាយសេដ្ឋកិច្ចប្រទេស។
ក្នុងកម្មវិធីជជែកកម្សាន្តមួយកាលពីយប់ថ្ងៃអង្គារលោកថាក់ស៊ីន បាននិយាយថា «ប្រាកដណាស់ ខ្ញុំនឹងវិលមកវិញ។ខ្ញុំពិតជាវិលមកវិញ»។
ថាក់ស៊ីន ដែលត្រូវបានទម្លាក់ពីអំណាចក្នុងរដ្ឋប្រហារយោធា ក៏បាននិយាយចំអកលេងសើចអោយលោកប្រាយុទ្ធថាលោកនាយករដ្ឋមន្ត្រីប្រហែលជាដេកគិតដល់រូបលោកគ្រប់ពេល។
លោកបាននិយាយដូច្នេះថា« បើគាត់សួរថាតើខ្ញុំនៅទីណា ខ្ញុំឆ្លើយថាខ្ញុំតែងតែនៅក្នុងចិត្តរបស់គាត់ជានិច្ច។នៅពេលអ្នកយកព័ត៌មានសួរគាត់…ឬក៏នៅពេលមានការជជែកសួរដេញដោលក្នុងសភា ខ្ញុំជាមនុស្សទីមួយនៅក្នុងចិត្តរបស់គាត់»។
សមាជិកសភាបក្សប្រឆាំងបានឡើងស៊ុតនាយករដ្ឋមន្ត្រីប្រាយុទ្ធថា ខ្វះទេព្យកោសលដឹកនាំសេដ្ឋកិច្ចនិងការដោះស្រាយជំងឺឆ្លង នាំអោយលោកប្រាយុទ្ធក្តៅស្លឹកត្រចៀកហើយបបួលអោយក្រុមប្រឆាំងហៅអ្នកដែលពួកគេគិតថាពូកែនោះចូលស្រុក
លោកថាក់ស៊ីនបានអំពាវនាវអោយនាយករដ្ឋមន្ត្រីមានយុទ្ធសាស្ត្ររឹងមាំមួយនិងថាលោកមានបំណងផ្តល់ដំបូន្មាន។
ប្រតិកម្មរបស់ថាក់ស៊ីនកើតឡើងក្រោយឧត្តមសេនីយ៍ប្រាយុទ្ធបានបបួលគណបក្សភឿថៃអោយនាំនាយករដ្ឋមន្ត្រីរត់ចោលស្រុកពីរនាក់បងប្អូន(ថាក់ស៊ីន និងយីងឡាក់ ស៊ីណាវ៉ាត់)ចូលស្រុកដើម្បីដោះស្រាយបញ្ហារបស់ប្រទេស ចំពេលមានការជជីកសួរនិងរិះគន់លោកពីពួកសមាជិកសភាប្រឆាំងនៅក្នុងសភាមុនការបោះឆ្នោតសម្តែងការមិនទុកចិត្តលើរដ្ឋាភិបាលនៅចុងសប្តាហ៍នេះ។
លោកបាននិយាយថា «ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំអត់ដឹងអីទាល់តែសោះ។ខ្ញុំមិនល្អគ្រប់យ៉ាង ។ខ្ញុំមិនជាមនុស្សដែលអ្នកថាជាបុគ្គលស្អាតស្អំនោះទេ។តើបុគ្គលនេះ(ថាក់ស៊ីន)នៅឯណាឥឡូវ?»។
ប្រាយុទ្ធបាននិយាយក្នុងសភាកាលពីថ្ងៃអង្គារថា «ខ្ញុំដឹងថាលោកអ្នកសរសើរមនុស្សខ្លះដែលកាន់តំណែងមុនខ្ញុំ និងសរសើរពួកគេថាធ្វើការងារបានគ្រាន់បើជាងខ្ញុំ។ល្អហើយ ឥឡូវនាំពួកគេមកវិញមកបើអ្នកអាច»។
នៅពេលត្រូវបានសួរអំពីសម្តីរបស់លោកថាក់ស៊ីន ឧត្តមសេនីយ៍ប្រាយុទ្ធបានយកចង្អុលដៃដាក់ត្រង់បបូរមាត់ រួចនិយាយថា« ការនិយាយគ្រាន់តែជាអ្វីចេញពីមាត់ ប្រជាជនអាចនិយាយអ្វីដែលពួកគេចង់បាន»។
សូមបញ្ជាក់ថាលោកថាក់ស៊ីនបានភៀសខ្លួនចេញពីប្រទេសនៅឆ្នាំ២០០៨នៅពេលតែបន្តិចមុនតុលាការកំពូលចេញសាលក្រមដាក់ទោសលោកពីបទរំលោភសិទ្ធិអំណាចនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញលក់ដីមួយរបស់អតីតភរិយារបស់លោក។ចំណែកលោកស្រីយីងឡាក់បានភៀសខ្លួនចេញពីប្រទេសនៅឆ្នាំ២០១៧ក៏នៅមុនតុលាការកំពូលសំរេចទោសដាក់គុកលោកស្រីប្រាំឆ្នាំចំពោះការធ្វេសប្រហែសតួនាទីពាក់ព័ន្ធនឹងគំរោងរដ្ឋប្រមូលទិញស្រូវពីកសិករក្នុងតំលៃខ្ពស់៕
វាមិនមែនជាលើកទីមួយទេដែលថាក់ស៊ីននិយាយអំពីការវិលចូលស្រុក។កាលពីខែមករាឆ្នាំនេះ លោកបានប្រកាសផែនការបញ្ចប់ការនិរទេសខ្លួននៅបរទេស និងវិលចូលប្រទេសថៃនៅឆ្នាំនេះដើម្បីជា«កាដូជូនប្រជាជនថៃ»