ដោយៈ បូកគោ / កំ​ពតៈ ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ បានសម្រេច​បើក​បង្ហូរទឹក​ចេញ ពី​អាង​ស្តុក​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ ខណ​:​ដែល​កម្រិត​ទឹក ឡើងដល់​កម្ពស់​ជិត ១៤៩ ម៉ែត្រ​។ នេះ​ជា​លើក​ទី​ពីរ បន្ទាប់ពី​បាន​បើក​បង្ហូរ រួច​បិទ​ទៅវិញ នា​ប៉ុន្មាន​ថ្ងៃមុន​។​

​តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ មាន​ខ្លឹមសារ​ថាៈ នៅវេលា​ម៉ោង ១០ ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ កម្ពស់​ទឹក​ក្នុង​អាង​ស្តុក នៃ​ទំនប់​វា​រី​អគ្គីសនី​កំចាយ បាន​ឡើងដល់​កម្រិត ១៤៨,៨៦ ម៉ែត្រ ព្រោះតែ​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​តំបន់​ជុំវិញ​។ ទឹក​ហូរ​ចូល​អាង មាន​បរិមាណ ២៨០,៤៧ ម៉ែត្រត្រីគុណ ក្នុង​មួយ​វិនាទី​។ ដូច្នេះ អ្នកបច្ចេកទេស បានសម្រេច​បើកទ្វារ​ទឹក​មួយ ដោយ​លើកកម្ពស់​មួយ​ម៉ែត្រ ពី​បាត​ទំនប់ ដើម្បី​បង្ហូរទឹក​ចេញ ចំណុះ ១៤៦,៣៦ ម៉ែត្រត្រីគុណ ក្នុង​មួយ​វិនាទី​។​

​ក្រុមហ៊ុន បានបញ្ជាក់​ផងដែរ​ថាៈ ស្ថានីយ​វា​រី​អគ្គិសនី​កំចាយ នឹង​រាយការណ៍ អំពី​ស្ថានភាព​ទឹក និង​ភ្លៀង ឲ្យ​បាន​ទាន់ពេលវេលា​។ បន្ថែម​លើ​នេះ ក្រុមហ៊ុន នឹង​ព្យាយាម គ្រប់គ្រង​ទឹក តាម​ដែល​អាចធ្វើ​ទៅបាន​។​

​សូម​រំលឹកថា កាលពី​យប់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ បាន​បើក​បង្ហូរទឹក​ចេញ ពី​អាង​ស្តុក​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ ដោយ​លើក​ទ្វារ​ទឹក​ចំនួន​បួន ក្នុងចំណោម​ទ្វារ​ទាំង​ប្រាំ​។ លុះដល់​ថ្ងៃទី​១៧ ខែកក្កដា ចំណុះ​ទឹក​ក្នុង​អាង បាន​វិល​ទៅ ប្រក្រតីភាព​ឡើងវិញ ក្រុមហ៊ុន ក៏​សម្រេច​បិទ​ការ​បង្ហូរទឹក ចេញ​ទាំងស្រុង​តែម្តង​៕/V​