​ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន​សាន់​វ៉ា​គ្រុប នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា បាន​បើក​សម្ភោ​ធ​ដំណើរការ​គម្រោង​សាន់​វ៉ា​ភឺ​ល​ដែលជា​គម្រោង​អចលនទ្រព្យ​ចុងក្រោយ​របស់ខ្លួន​នៅ ទីក្រុង​ភ្នំពេញ​ជាមួយនិង​កា​វិនិយោគ​ទឹកប្រាក់​សរុប​ចំនួន​១,៥​ពាន់​លាន​ដុល្លា​នៅលើ​ផ្ទៃដី​៤៦០,០០០.​ម៉ែត្រការ៉េ​។​បន្ទាប់ពី​ការសាងសង់​រួច​គេ​រំពឹងថា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពស់​ជាង​៦០​ជាន់​នេះ​នឹង​ក្លាយទៅជា​មុខមាត់​ថ្មី​នៃ​រាជធានី​ភ្នំពេញ​និង​ជា​និមិត្តសញ្ញា​ថ្មី​នៃ​ជីវភាព​រស់នៅ​ប្រកបដោយ​វិសាលភាព​ខ្ពស់​របស់​កម្ពុជា​។​

​ពិធី​បើកសម្ពោធ​នេះ​បាន​ប្រារ​ព្ឋ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​ដោយមានការចូលរួមពីតំណាង​ស្ថាប័ន​រដ្ឋាភិបាល ស្ថានទូត សាជីវកម្ម ក្រុមហ៊ុន​បណ្តាក់ទុន និង​សមាគម​ធុរកិច្ច មកពី​ប្រទេស​កម្ពុជា ហុងកុង ចិនដីគោក​និង​ប្រទេសជិតខាង​និង​ទីក្រុង​ជាច្រើន។

​លោក Jesse Choi នាយក​សាន់​វ៉ា​គ្រុប ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​មានប្រសាសន៍​នៅ​ក្នុងឱកាស​បើកសម្ពោធ​គម្រោង​សាន់​វ៉ា​ភឺ​ល ជា​ផ្លូវការ​ថា “​ក្រុមហ៊ុន​សាន់​វ៉ា​គ្រុប បាន​ធ្វើ​​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត​៣០​ឆ្នាំ​មកហើយ​។​ប្រៀបដូចជា​ប្រទេស​កំណើត​របស់ខ្លួន​យើង​បានចាប់ផ្ដើម​ពី​ការនាំចេញ​គ្រឿង​សមុទ្រ​រហូត​ដល់​ការអភិវឌ្ឍ​អចលនទ្រព្យ​។ លោក​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​លើកឡើងថា គ្រួសារ​យើង​បី​ជំនាន់​បាន​ឈ​ជើង​នៅក្នុង​ប្រទេស​កម្ពុជា សាន់​វ៉ា​ភឺ​ល​ភ្នំពេញ​គឺជា​គម្រោង​អចលនទ្រព្យ​ប្រណិត​ចុងក្រោយ​បំផុត​របស់​យើង​ក្នុងប្រទេស​កម្ពុជា ដែលមាន​ផ្ទៃដី​សរុប ៤៦០,០០០​ម៉ែត្រការ៉េ រួមមាន​សណ្ឋាគារ លំនៅដ្ឋាន ការិយាល័យ និង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប ដែលមាន​តម្លៃ​គម្រោង​សរុប​ប្រមាណ​ជាង ១,៥ ពាន់​លាន​ដុល្លារ​អាមេរិក​។

​លោក​បាន​បន្ថែមថា​៖​មាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ពាណិជ្ជកម្ម​សំខាន់​ជាប់មាត់​ទន្លេ​និង​ជាប់​សួន​សម្តេច​ហ៊ុនសែន​និង​កាស៊ីណូ​ណាហ្គា​វើ​ល​យើង​បាន​ភ្ជាប់​ធម្មជាតិ​ទៅ​នឹង​​ការរស់នៅ ការងារ និង​ការកម្សាន្ត ហើយ​ខិតខំ​បង្កើត​ស្តង់ដារ​ថ្មី​នៃ​ការរស់នៅ​បែប​ប្រណីតភាព​សម្រាប់​អ្នក​ជួល និង​អ្នករស់នៅ​របស់​យើង​”​។ ​ប្រព័ន្ធ MRT ដំបូង​បង្អស់​របស់​ប្រទេស​កម្ពុជា​នឹង​ភ្ជាប់ សាន់​វ៉ា​ភឺ​ល​ភ្នំពេញ ដោយផ្ទាល់​ទៅកាន់​អាកាសយានដ្ឋាន មជ្ឈមណ្ឌល​រដ្ឋបាល​និង​ស្រុក​ជិតខាង​ផ្សេងទៀត ហើយ​ក្លាយជា​ចំណុច​បង្គោល​ដែល​រួមបញ្ចូល​គ្នា​នូវ​អត្ថប្រយោជន៍​ទាំងអស់​សម្រាប់​របៀបរ​ស់​នៅ​ដ៏​ប្រណិត និង​ភាពងាយស្រួល​នៃ​អាជីវកម្ម​។​

​សូមបញ្ជាក់ថា​៖​បន្ទាប់ពី​ពិធី​បើកសម្ពោធ​គម្រោង​សាន់​វ៉ា​ភឺ​ល​ភ្នំពេញ​ជា​ផ្លូវការ​នេះ​ក្រុមហ៊ុន​សាន់​វ៉ា​គ្រុប​និង​ការិយាល័យ​សេដ្ឋកិច្ចពាណិជ្ជកម្ម​ហុងកុង(HKETO)ក្នុង​ប្រទេស​​ថៃ​បានរួម​គ្នា​រៀបចំ​អាហារ​ថ្ងៃត្រង់​មួយ​ស្តីពី “​ការ​ឆ្ពោះទៅកាន់​ភាពជា​ដៃគូ​សហការ​រវាង​កម្ពុ​ជា​-​តំបន់​ឈូង​សមុទ្រ​ពិសេស ក្វាង​ទុង​- ហុងកុង​-​ម៉ា​កាវ​(GBA) “​។ ក្នុងការ​ប្រារព្ធ​ខួប​លើក​ទី ២៥ នៃ​ការវិលត្រឡប់​របស់​ហុងកុង​ទៅកាន់​ប្រទេស​ចិន​អាហារ​ថ្ងៃ​ត្រង់នេះ​បានបង្ហាញ​ពី​ការអភិវឌ្ឍន៍ ថ្មីៗ​បំផុត​នៅក្នុង​ទីក្រុង​ហុងកុង​រួមទាំង​តំបន់​​ឈូង​សមុទ្រ​ពិសេស​ក្វាង​ទុង​ហុង​កុងម៉ា​កាវ​(GBA)​ក៏ដូចជា​ឱកាស​នៃ​ភាពជា​ដៃគូរ​ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​នានា រួមទាំង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ការវិនិយោគ​ការអប់រំ​និង​ការស្រាវជ្រាវ​ការច្នៃប្រឌិត​និង​បច្ចេកវិទ្យា​។​អាហារ​ថ្ងៃ​ត្រង់នេះ​ក៏ត្រូវ​បាន​គាំទ្រ​ដោយ​សមាគម​ធុរកិច្ច​ហុងកុង​កម្ពុជា សមាគម​ធុរកិច្ច​ចិន​ហុងកុង​ម៉ា​កាវ​នៃ​កម្ពុជា សមាគម​ធុរកិច្ច​ចិន​នៃ​កម្ពុជា សហព័ន្ធ​ខ្មែរ​ចិន​នៃ​កម្ពុជា​។​​ព្រឹត្តិការណ៍​ទាំងពីរ​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​សាន់​វ៉ា​គ្រុប​ក្នុង​ការបន្ត​វិនិយោគ​នៅ​កម្ពុជា​និង​ការរួម​ចំណែក​ដល់​ដំណាក់កាល​ថ្មី​នៃ​ភាពជា​ដៃគូ​រវាង​កម្ពុជា​-​តំបន់​ឈូង​សមុទ្រ​ពិសេស ក្វាង​ទុង​- ហុងកុង​-​ម៉ា​កាវ (GBA) ។​

​ក្នុងជំនួប​អាហារ​ថ្ងៃត្រង់ លោក​បណ្ឌិត ឆ​យ គុន​ស៊ុម អគ្គនាយក​ក្រុមហ៊ុន សាន់​វ៉ា​គ្រុប និង​ជា​ប្រធាន​សហភាព​សហគ្រិន​តំបន់​ឈូង​សមុទ្រ​ពិសេស ក្វាង​ទុង​-​ហុងកុង​-​ម៉ា​កាវ (GBA) មាន​ប្រសា​ស​ន៏​ថា “​ប្រទេស​កម្ពុជា​គឺជា​ប្រទេសមួយ​ដែលមាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​លឿន​បំផុត​នៃ​បណ្តា​ប្រទេស​អាស៊ាន ខណៈដែល​តំបន់​ឈូង​សមុទ្រ​ពិសេស ក្វាង​ទុង ហុងកុង ម៉ា​កាវ (GBA) គឺជា​តំបន់​ដែលមាន​ការអភិវឌ្ឍន៍​លឿន​នៅក្នុង​តំបន់​របស់​ចិន​មាន សក្ដានុពល​ដ៏​ធំ​សម្រាប់​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​»​។​

​លោក​បណ្ឌិត ឆ​យ គុន​ស៊ុម បាន​បន្ថែមថា ឯកឧត្តម Xi Jingping ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅក្នុង​សុន្ទរកថា​របស់លោក​ស្តីពី​ការ​ប្រារព្ធ​ខួប​លើក​ទី ២៥ នៃ​ការវិលត្រឡប់​របស់​ហុងកុង​ទៅកាន់​ប្រទេស​ចិន​វិញ​នៅ​ថ្ងៃទី ១ ខែកក្កដា បាន​មាន​ប្រសា​ស​ន៏​ថា រដ្ឋាភិបាលកណ្តាល​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ទីក្រុង​ហុងកុង​ក្នុង​ការរក្សា​នូវ​ឋានៈ​ជា​រដ្ឋបាល​ពិសេស​និង​ភាពខ្លាំង​ក្នុងការ​ពង្រឹង​តួនាទី​របស់ខ្លួន​។

​ហុងកុង​ជា​មជ្ឈមណ្ឌល​ស្នូល​ហិរញ្ញវត្ថុ ការដឹកជញ្ជូន និង​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ និង​ក្នុង​ការពង្រីក​ទំនាក់ទំនង​យ៉ាង​រលូន និង​មាន​ភាពងាយស្រួល​ជាមួយ​ពិភពលោក​ទាំងមូល​។​រដ្ឋាភិបាលកណ្តាល​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ទីក្រុង​ហុងកុង​ក្នុងការ​អនុលោម​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រាំ​ឆ្នាំ​លើក​ទី​១៤​ការអភិវឌ្ឍន៍​តំបន់​ឈូង​សមុទ្រ​ពិសេស​ក្វាង​ទុង​-​ហុងកុង​-​ម៉ា​កាវ​(GBA)​និង​ការអភិវឌ្ឍន៍​គុណភាព​ខ្ពស់​នៃ​កិច្ចសហប្រតិបត្តិការ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ។​នេះ​ធានា​ដល់​អ្នកវិនិយោគ​ហុងកុង ចិន និង​បរទេស​ទាំងអស់ ហើយក៏​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​វែង​រវាង​កម្ពុ​ជា និង​ហុងកុង ។​

​បន្ទាប់មក លោក​បណ្ឌិត ឆ​យ​គុន​ស៊ុម បានធ្វើ​បទ​បង្ហាញ​ស៊ីជម្រៅ​អំពី​តំបន់​ឈូង​សមុទ្រ​ពិសេស ក្វាង​ទុង​-​ហុងកុង​-​ម៉ា​កាវ (GBA) ដោយ​លើកឡើង​ពី​សារៈសំខាន់​របស់​នៅក្នុង​វិស័យ​ចំនួន​ប្រាំ​៖ ហិរញ្ញវត្ថុ ការច្នៃប្រឌិត​បច្ចេកវិទ្យា ការដឹកជញ្ជូន​និង​អាកាសចរណ៍ ពាណិជ្ជកម្ម និង​សេវាកម្ម​វិជ្ជាជីវៈ​។ ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​យូរអង្វែង​រវាង​កម្ពុជា និង​ហុងកុង ហុងកុង​មិន​ត្រឹមតែ​ជា​ច្រក​ផ្លូវ​ពីរ​រវាង​ចិន និង​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ច្រក​បើក​ដំណើរការ​សម្រាប់​ការចូល​ទៅកាន់​តំបន់​ឈូង សមុទ្រ​ពិសេស ក្វាង​ទុង​-​ហុងកុង​-​ម៉ា​កាវ (GBA) និង​ប្រទេស​ចិន​ដ៏​ទូលំទូលាយ​ផងដែរ​។​

​លោក Lee Sheung-Yuen នាយក​ការិយាល័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ហុងកុង​ប្រចាំ​ប្រទេស​ថៃ​បាន​មាន​ប្រសា​ស​ន៏​ថា ដំណាក់កាល​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ផ្តល់​ឱកាស​ច្រើន​សម្រាប់​អាជីវកម្ម​និង​បុគ្គល​។​លោក​បាន​បន្ថែមថា​”​ហុងកុង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​របស់​យើង​ដើម្បី​ស្វែងរក​ឱកាស ជា​ដៃគូរ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង តំបន់​ឈូង​សមុទ្រ​ពិសេស ក្វាង​ទុង​-​ហុងកុង​- ម៉ា​កាវ (GBA)” ។​

​ជាច្រើន​ឆ្នាំ​មកនេះ សាន់​វ៉ា​គ្រុប បាន​ចូលរួមចំណែក​ដល់​ប្រទេស​កម្ពុជា​តាមរយៈ​ការសហការ​ជាមួយ​ក្រសួង​នានា និង​សាកលវិទ្យាល័យ រដ្ឋ លើ​គំនិត​ផ្តួចផ្តើម​ទាក់ទង​នឹង​សេវា​សង្គម និង​សាធារណៈ ដូចជា​កម្មវិធី​សប្បុរសធម៌ និង​ការផ្លាស់ប្តូរ​អន្តរជាតិ​ក្នុង​វិស័យ​អប់រំ បច្ចេកវិទ្យា និង​វប្បធម៌​។ សាន់​វ៉ា​គ្រុប មាន​មជ្ឈមណ្ឌល​វប្បធម៌ Jonathan KS Choi នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ដែល​ត្រូវបាន​ត​ភ្ជាប់​ទៅ​មជ្ឈមណ្ឌល​ដូចគ្នា​នៅ​ប្រទេស​វៀតណាម ជប៉ុន បារាំង កាណាដា និង​ចិន​៕PH