​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Tesla បាន​រាយការណ៍​ពី​ប្រាក់ចំណូល​ប្រចាំត្រីមាស​ដ៏​រឹងមាំ​កាលពី​ថ្ងៃ​ពុធ​ទី​២០​កក្កដា​បើទោះបីជា​មាន​ការប៉ះទង្គិច​ពី​ការបិទ​ខ្ទប់​ទប់ស្កាត់​កូវី​ដ​១៩​នៅ​ទីក្រុង​សៀង​ហៃ ដែល​នាយក​ប្រតិបត្តិ អេ​ឡុន ម៉ាស និយាយ​ថា​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​លក់​ភាគហ៊ុន Bitcoin ភាគច្រើន​របស់​ខ្លួន​។​

​លោក​ម៉ាស ដែល​ល្បី​លើ​ព័ត៌មាន​ថ្មីៗ​នេះ​ជុំវិញ​ការដកខ្លួន​ចេញពី​ការទិញ Twitter តម្លៃ ៤៤ ពាន់​លាន​ដុល្លារ បាន​និយាយថា​ក្រុមហ៊ុន​បាន​ឆ្លងកាត់​បរិយាកាស​ដ៏​លំបាក​ជាមួយនឹង​ការបិទ​ទីក្រុង​​សៀង​ហៃ​និង​បញ្ហា​ខ្សែសង្វាក់​ផ្គត់ផ្គង់​ជា​បន្ត ដែលនាំឱ្យ​មាន​ការកើនឡើង​ការចំណាយ​។​

​លោក​ម៉ាស​និយាយថា ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ​បាន​រាយការណ៍​ពី​ប្រាក់ចំណេញ​នៅ​ត្រីមាស​ទី​ពីរ​ចំនួន ២,៣ ពាន់​លាន​ដុល្លារ ដោយ​កើនឡើង​ប្រហែល​ពីរ​ដង​ធៀប​កាលពី​ឆ្នាំ​មុន​ខណៈ​ក្រុមហ៊ុន​​ផលិត​រថយន្ត​នេះ​បាន​ដំឡើង​ថ្លៃ​រថយន្ត​ដល់​កម្រិត “​ខ្ពស់បំផុត​”​។​

​ទោះបីជា​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន Tesla ឡើង​ដល់​កំពូល​ហួស​ការប៉ាន់ប្រមាណ​ក៏ដោយ ក៏​ប៉ុន្តែ​ពួកគេ​បាន​ដើរ​ថយក្រោយ​នៅក្នុង​ត្រីមាស​ទីមួយ​ដែល​ជា​ការធ្លាក់ចុះ​ប្រាក់ចំណេញ​បន្តបន្ទាប់​គ្នា​លើក​​ដំបូង​ចាប់តាំងពី​ចុងឆ្នាំ​២០២០ ដែល​ស្របគ្នា​ជាមួយ​នឹង​ការធ្លាក់ចុះ​នៃ​ប្រាក់​ចំណេញ​រថយន្ត​ដោយសារ​តែ​ការកើនឡើង​ការចំណាយ​។​

​ហើយ​ខណៈ​ប្រាក់ចំណូល​បាន​កើនឡើង ៤២ ភាគរយ​ស្មើនឹង ១៦,៩ ពាន់​លាន​ដុល្លារ ពួក​វា​គឺ​ស្ថិតក្រោម ១៧,១ ពាន់​លាន​ដុល្លារ​ដែល​បាន​ព្យាករណ៍​ដោយ​អ្នកវិភាគ​។​

​លោក​ម៉ាស​បាន​ពណ៌នា​រយៈពេល​នេះ​ថា​ជា “​ត្រីមាស​ពិសេស​” ប៉ុន្តែ​បាន​ប្រាប់​វិនិយោគិន​និង​អ្នកវិភាគ​នៅក្នុង​សន្និសីទ​តាម​ទូរស័ព្ទ​ថា​ការ​ចាប់ផ្តើម​ឡើង​វិញ​នៃ​រោងចក្រ​នៅ​សៀង​ហៃ​និង​ការកើនឡើង​នៃ​​រោងចក្រ​ថ្មី​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​និង​រដ្ឋ​តិច​សាស់ បង្កើត “​សក្តានុពល​សម្រាប់​ឆមាស​ទី​ពីរ​ដែល​បំបែក​ឯតទគ្គ​កម្ម​នៃ​ឆ្នាំនេះ​”​។​

​ក្រុមហ៊ុន​បានលើកឡើង​ពី​ការ​ទាញ​ថយ​ក្រោយ​ដោយសារ​ការបិទ​ខ្ទប់​ទីក្រុង​សៀង​ហៃ កន្លែង​ដែល​រោងចក្រ​របស់​ខ្លួន​ត្រូវបាន​បិទ​សម្រាប់​មួយ​ផ្នែក​នៃ​ត្រីមាស​។ ប៉ុន្តែ​ក្រុមហ៊ុន Tesla បាន​និយាយថា ខ្លួន​បាន​បញ្ចប់​រយៈពេល​បី​ខែ​ជាមួយ​នឹង “​កម្រិត​ផលិតកម្ម​ប្រចាំខែ​បំបែក​ឯតទគ្គ​កម្ម​” បន្ទាប់​ពី​ប្រទេស​ចិន​ចាប់ផ្តើម​បើក​ឡើង​វិញ​។​

​ក្រុមហ៊ុន Tesla និយាយថា បញ្ហា​ប្រឈម​នៃ​សង្វាក់​ផ្គត់ផ្គង់​នៅតែ​ជា​ការឈឺ​ក្បាល​ជា​បន្ត ខណៈ​ការបិទ​រោងចក្រ កង្វះ​កម្លាំង​ពលកម្ម ភស្តុភារ និង​បញ្ហា​ផ្សេងទៀត “​បាន​រឹតត្បិត​សមត្ថភាព​របស់​យើង​ក្នុងការ​ដំណើរការ​រោងចក្រ​របស់​យើង​ឱ្យ​ពេញ​សមត្ថភាព​ជាប់លាប់​”៕

រោងចក្រ Tesla នៅ​ទីក្រុង​សៀង​ហៃ