​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) បានចេញ​សេចក្តី ប្រកាស​ព័ត៌មាន ស្តីពី​ការ​ការដាក់ឱ្យ​អនុវត្ត “​ប្រកាស​ស្តីពី​គុណភាព​សេវា​ទូរគមនាគមន៍​” ដែលជា​ផ្នែក​មួយ សម្រាប់​ពង្រឹងគុណភាព សេវា​ទូរគមនាគមន៍ នៅ​កម្ពុជា​។​

​ជាមួយ​ការចេញ​សេចក្តីប្រកាស​នេះដែរ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏បាន​ព្រមាន ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ណា មិន​អនុវត្តតាម​ស្តង់ដារ អប្បបរមា ដែល​បានកំណត់ ក្នុង​ប្រកាស​នេះ​ទេ ប្រតិបត្តិ​ករ​ទូរគមនាគមន៍​នោះ នឹងត្រូវ​ទទួលរង​ពិន័យ ។​

​បើ​យោងតាម​សេចក្តីប្រកាស កាលពី​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ​២០២២ បានបញ្ជាក់​ថាៈ ក្រសួង​បានចាត់ទុក​ការពង្រឹង​គុណភាព សេវា​ទូរគម​នា​គមន៍ គឺជា​កិច្ចការ​អាទិភាព​បំផុត និង​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​ស្វែងរក​មធ្យោបាយ និង​ដំណោះស្រាយ​នានា សំដៅ​បង្កើន​គុណភាព សេវា​ទូរស័ព្ទ​ចល័ត និង​អ៊ីនធឺណិត និង​លើកកម្ពស់​ការការពារ​សិទ្ធិ របស់​អ្នកប្រើប្រាស់ ដោយសារតែ​គុណភាព​សេវា​ទូរគមនាគមន៍ បច្ចុប្បន្ន នៅមានកម្រិត នៅឡើយ​។​

​ក្រសួង បាន​បន្តថាៈ ក្នុង​រយៈពេល​ជាង ១​ឆ្នាំ​កន្លងមកនេះ ក្រសួង​ប្រៃសណីយ៍ បាន​ចាត់តាំង ក្រុមការងារ​នីតិកម្ម និង​ក្រុមការងារ​បច្ចេកទេស ឱ្យធ្វើ​ការសិក្សា​ស្វែងយល់ អំពី​លិខិតបទដ្ឋាន គតិយុត្ត និង​ស្តង់ដារ​ទូរគមនាគមន៍ របស់​បណ្តា​ប្រទេស​មួយចំនួន ក្នុង​តំបន់ និង​ស្ថាប័ន ទូរគមនាគមន៍​អន្តរជាតិ ព្រមទាំង​ធ្វើការ​ពិគ្រោះ​យោបល់ ជាមួយ​និយ័ត​ករ​ទូរគមនាគមន៍ ក្នុង​តំបន់ អ្នកជំនាញការ​ជាតិ និង​អន្តរជាតិ ដើម្បី​រៀបចំ​សេចក្តីព្រាង “ ប្រកាស​ស្តីពី​គុណភាព សេវា​ទូរគមនាគមន៍ ” ក្នុង​ការកំណត់​បទដ្ឋាន​បច្ចេកទេស​ជាក់លាក់ ដែល​ត្រូវអនុវត្ត​ជា កាតព្វកិច្ច សម្រាប់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ សំដៅ​ពង្រឹងគុណភាព​សេវា និង​បណ្តាញ ទូរគមនាគមន៍​រប​ស់​ខ្លួន ក៏ដូចជា​ដើម្បី​ចូលរួម​ការពារ និង​ធានា​ផលប្រយោជន៍​របស់ អ្នកប្រើប្រាស់ ក្នុងការ​ទទួលបាន​សេវា​ទូរគមនាគមន៍ ប្រកបដោយ​គុណភាព ស្របតាម​ទឹកប្រាក់ ដែល​បាន​បង់​។​

​ទន្ទឹមនឹង​នេះដែរ ក្រសួង​ប្រៃសណីយ៍ ក៏បាន​ធ្វើការ​ពិគ្រោះ​យោបល់ ជាមួយ​ប្រតិបត្តិ​ករ ទូរគមនាគមន៍ ដើម្បី​ទទួលបាន​នូវ​ធាតុ​ចូល​បន្ថែម និង​ផ្លាស់ប្តូរ​យោបល់​គ្នា ដើម្បីឱ្យ​ការអនុវត្ត ប្រកាស​នេះ មាន​ភាពរលូន នាពេលខាងមុខ ពីព្រោះ​ការពង្រឹង​គុណភាព សេវា​ទូរ​សព្ទ​ចល័ត នឹង​ត្រូវការ​ពេលវេលា​ច្រើន ក្នុងការ​ដោះស្រាយ ដែល​ក្រសួង​ប្រៃសណីយ៍ និង​និយ័ត​ករ ទូរគមនាគមន៍​កម្ពុ​ជា (​ន​.​ទ​.​ក​.) ត្រូវ​ជួយ​សម្របសម្រួល និង​គាំទ្រ​ដល់​ប្រតិបត្តិ​ករ ទូរគមនាគមន៍ ក្នុងការ​រៀបចំ​ឱ្យបាន​ច្បាស់លាស់ នូវ​ផែនការ​នៃ​ការកែលំអ​គុណភាព សេវា​ទូរគមនាគមន៍​។​

​ក្រោយពី “ ប្រកាស​ស្តីពី​គុណភាព​សេវា​ទូរគមនាគមន៍ ” ត្រូវបាន​ចុះហត្ថលេខា ប្រតិបត្តិ​ករ ទូរគមនាគមន៍ មាន​រយៈពេល ១០ (​ដប់​) ខែ ដើម្បី​កែលំអ និង​ពង្រឹងគុណភាព សេវា​ទូរគមនាគមន៍​របស់​ខ្លួន ដោយ​អនុលោម​តាម​សូចនាករ គុណ​ផល​គន្លឹះ ដូច​មានចែង​ក្នុង​ប្រកាស​នេះ​។ ក្នុងករណី​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ណា មិន​អនុវត្តតាម ស្តង់ដារ អប្បបរមា ដែល​បានកំណត់​ក្នុង​ប្រកាស​នេះ​ទេ ប្រតិបត្តិ​ករ​ទូរគមនាគមន៍​នោះ នឹងត្រូវ​ទទួលរង​ពិន័យ​៕/V​