ដោយៈប.ខុន / ភ្នំពេញៈ ភ្លៀងរលឹម ដែលបានកើតមានតាំងពីយប់ រហូតមកដល់រសៀល ថ្ងៃទី២១ ខែកក្កដា នៅមិនទាន់រាំងទេ ស្ថានភាពបែបនេះ បានកើតមាន នៅទូទាំងប្រទេស និង ភ្លៀងធ្លាក់ច្រើន កើតមាននៅលើបណ្តាខេត្ត ជាប់ព្រំដែនកម្ពុជា វៀតណាម រហូតដល់ ថ្ងៃទី២២ ខែកក្កដា ទើបភ្លៀងចុះខ្សោយទៅវិញ បន្ទាប់ពីប្រព័ន្ធសម្ពាធទាប ដែលស្ថិតនៅលើ ប្រទេសវៀតណាម ឡាវ និង ប្រទេសថៃ បានរំកិលឡើងទៅលើ (ជើង) បន្តិចវិញ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២១ ខែកក្កដាថាៈ ស្ថានភាពភ្លៀងរលឹម នៅថ្ងៃនេះ បាន កើតមាននៅទូទាំងប្រទេស ភ្លៀងធ្លាក់ច្រើន មាននៅលើបណ្តាខេត្ត ជាប់ព្រំដែនកម្ពុជា វៀតណាម និងខេត្តសៀមរាប ក៏មានភ្លៀងធ្លាក់ច្រើនដែរ។
អ្នកនាំពាក្យ ក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ផ្ទៃមេឃអាប់អួរ និងមានភ្លៀង ម្តងតិច ម្តងខ្លាំងនេះ នឹងថយចុះទៅវិញ នៅថ្ងៃទី២២ ខែកក្កដា បន្ទាប់ពីប្រព័ន្ធ សម្ពាធទាប ដែលស្ថិតនៅលើប្រទេសវៀតណាម ឡាវ និងប្រទេសថៃ បានរំកិលឡើង ទៅលើ(ជើង)បន្តិចវិញ។ ភ្លៀងរលឹមជាប់គ្នា ពីរថ្ងៃមកនេះ មិនទាន់បង្កឱ្យមានជាជំនន់ ទឹកភ្លៀង នៅលើខេត្តណាមួយ នៅឡើយទេ តែវាអាចនឹងមាន បើភ្លៀងរលឹមបែបនេះ ថែមមួយយប់ មកទៀតនោះ។
លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២១ ខែកក្កដាថាៈ ភ្លៀងតាំងពីយប់ រហូតមកដល់រសៀល ថ្ងៃនេះ នៅមិនទាន់រាំងនៅឡើយទេ តែភ្លៀង ក៏មិនខ្លាំងដែរ។ ពេលនេះ ផ្ទៃមេឃ នៅតែមានសភាពងងឹត និងមានភ្លៀងរលឹម ម្តងតិច ម្តងច្រើន។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ថាៈ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប អូសបន្លាយពី ភាគខាងជើង ប្រទេសថៃ កាត់លើភាគខាងត្បូង ប្រទេសឡាវ និងភាគកណ្ដាល ប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតី បក់ក្នុងល្បឿន ពីមធ្យមទៅបង្គួរធ្វើឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ និងផ្នែកខ្លះនៃបណ្តាខេត្ត និងរាជធានី អាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមា មានពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ។ អាចមានភ្លៀងក្នុងកម្រិតពីតិច ទៅបង្គួរ ជាមួយគ្នានេះ បណ្តាផ្នែកខ្លះ នៃបណ្តាខេត្ត និងរាជធានី អាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែ និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕/V