ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សចិន Baidu បានបង្ហាញរថយន្តថ្មីរបស់ខ្លួនដើម្បីចូលរួមជាមួយសេវាកម្មតាក់ស៊ីបើកបរដោយខ្លួនឯង Apollo Go ។
ក្រុមហ៊ុននិយាយថា រថយន្តម៉ូដែលថ្មីរបស់ខ្លួន Apollo RT6 មានជំនាញលើដងផ្លូវរបស់អ្នកបើកបរបទពិសោធន៍ ២០ ឆ្នាំ។ក្រោមបទប្បញ្ញត្តិរបស់ចិន រថយន្តស្វយ័តបច្ចុប្បន្ននៅតែត្រូវការវត្តមានអ្នកបើកបរសុវត្ថិភាពម្នាក់។
ប៉ុន្តែ Baidu និយាយថា ថ្ងៃណាមួយដៃចង្កូតដែលអាចដោះចេញបានរបស់ RT6 អាចនឹងត្រូវជំនួសដោយកៅអីបន្ថែម ម៉ាស៊ីនលក់ភេសជ្ជៈ តុ ឬ ក្បាលហ្គេម។
Baidu បាននិយាយថា រថយន្ត Apollo RT6 នីមួយៗនឹងមានតម្លៃ ២៥០.០០០ យ័ន (៣៦.៩៥៩ ដុល្លារ) ថោកជាងម៉ូដែលមុនៗបន្តិចបន្តួច។
សហស្ថាបនិកនិងជានាយកប្រតិបត្តិលោក រ៉ូប៊ីន លី (Robin Li)បានប្រាប់សន្និសីទបច្ចេកវិជ្ជាប្រចាំឆ្នាំរបស់ក្រុមហ៊ុនថា”ការកាត់បន្ថយការចំណាយដ៏ធំនេះនឹងអនុញ្ញាតឱ្យយើងដាក់ពង្រាយរថយន្តស្វ័យប្រវត្តិរាប់ម៉ឺនគ្រឿងនៅទូទាំងប្រទេសចិន។ យើងកំពុងឆ្ពោះទៅរកអនាគតមួយដែលការជិះតាក់ស៊ីរ៉ូបូតនឹងត្រូវចំណាយតិចជាងពាក់កណ្តាលនៃការជិះតាក់ស៊ីសព្វថ្ងៃ”។
Baidu ចង់ឱ្យរថយន្ត RT6 ចូលរួមជាមួយកងរថយន្តដែលមានស្រាប់របស់ខ្លួននៅឆមាសទីពីរនៃឆ្នាំ ២០២៣ សម្រាប់ការសាកល្បងខ្នាតតូច និងនៅទីបំផុតគ្រោងនឹងមានរថយន្តនេះ ១០០.០០០ គ្រឿងនៅលើដងផ្លូវ៕
រថយន្ត RT6 នឹងមានតម្លៃ ៣៦.៩៥៩ ដុល្លារក្នុងមួយគ្រឿង