ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានអញ្ចើញចូលរួមដាំដើមឈើ ដើម្បីអបអរសាទរ បុណ្យរុក្ខទិវា ៩ កក្តដា ឆ្នាំ២០២២ ព្រមទាំងមានការចូលរួមពីមន្ត្រីនៃមន្ទីរជុំវិញខេត្ត និងសិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ ។ កម្មវីធីនេះ បានធ្វើឡើងនៅសាលាបឋមសិក្សាអូរទ្រលោក ក្នុងភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង ។
លោក ពឹង ទ្រីដា នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានមានប្រសាសន៍ថាៈ ថ្ងៃនេះ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានយកកូនឈើចម្រុះ សរុប ៦៥០ ដើម ក្នុងនោះ កូនស្វាយចំនួន ១២០ ដើម កូនខ្នុរ ចំនួន ១០០ ដើម កូនទាបបារាំង ចំនួន ១៥០ ដើម កូនអំពិលផ្អែម ចំនួន ១៣០ ដើម កូនគ្រញូងចំនួន ៥០ ដើម កូនធ្នង់ចំនួន ៥០ ដើម និងកូនឈើលឿងរាជ ចំនួន ៥០ ដើម ជូនដល់ប្រជាពលរដ្ឋ ឲ្យយកទៅដាំតាមលំនៅដ្ឋាន ផងដែរ។
លោកបានបន្តទៀតថាៈ ចំពោះកូនឈើដែលបានចែកជូន បងប្អូនពលរដ្ឋ ឲ្យយកទៅដាំដុះ នោះ ថ្វីដ្បិតតែមិនទាន់បានទទួលផល នៅពេលនេះ ក៏ពិតមែន ក៏ប៉ុន្តែនៅពេលអនាគត យើងនឹងទទួលបានផលផ្លែផ្កា ជាក់ជាពុំខាន ហើយក៏បានជួយចូលរួម ចំណែកកាត់បន្តថយ ការខ្វះខាតជីវភាពរស់នៅ របស់បងប្អូនមួយកំរិតថែមទៀត នៅពេលអនាគត ។
ពិធីដាំកូនឈើ ដើម្បីអបអរសារទរ រុក្ខទិវា ៩ កក្កដា ២០២២ នេះដែរ នៅក្នុង ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ នឹងដាំកូនឈើប្រភេទចម្រុះ សរុបចំនួន ១.១៦១ ដើម ក្នុងនោះ កូនឈើគ្រញូងចំនួន ៣៨ ដើម កូនឈើធ្នង់ ១.០១១ ដើម កូនឈើអំពិលទឹកបារាំង ៥០ ដើម កូនឈើក្ងោក ៥០ ដើម និង កូនឈើលឿងរាជ ១២ដើម លើផ្ទៃដីទំហំ ១.៨៥៧ ម៉ែត្រការ៉េ នៅសាលាបឋមសិក្សាអូរទ្រលោក ផងដែរ ។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថាៈ ក្រោមចក្ខុវិស័យដ៏ ភ្លឺស្វាង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រកម្ពុជា នៅក្នុងអាណត្តិទី៥ បានយកចិត្តទុកដាក់ ក្នុងការធ្វើកំណែទំរង់ លើវិស័យព្រៃឈើ ដើម្បីទប់ស្កាត់ និងការស្ដារឡើងវិញ នូវធនធានព្រៃឈើដ៏មានតំលៃ ដោយបានដាក់ចេញ នូវវិធានការជាច្រើន ដូចជា បទបញ្ជាលេខ ០១ បទបញ្ជាលេខ ០២ ថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានចេញបទបញ្ជាលេខ០១បប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ និង បញ្ញាលេខ០៥ ស .គ.ណន របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ ចុះថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០១៦ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីលុបបំបាត់ ភាពអនាធិបតេយ្យ ក្នុងវិស័យព្រៃឈើ និងជំរុញការការពារថែទាំព្រៃឈើ ដែលបានដាំកន្លងមក និងការដាំដើមឈើថ្មីឡើងវិញ ហើយត្រូវខិតខំអនុវត្តគោលនយោបាយ ស្ដីពីកំណែទំរង់វិស័យព្រៃឈើជាតិ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យដ៏ឧត្ដុង្គឧត្តម ព្រមទាំងថែរក្សាការពារ និង ដាំដុះព្រៃឈើឡើងវិញ ដើម្បីរួមចំណែកកាត់បន្ថយ បំរែបំរួលអាកាសធាតុ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់យ៉ាងច្បាស់ថាៈ ការដាំដុះកូនឈើ នៅតែបន្ត តែត្រូវអនុវត្ត ជាដាច់ខាត ចំពោះបទល្មើសធនធានធម្មជាតិ ដែលកើតមានជាបន្តបន្ទាប់ នៅក្នុងខេត្ត ធ្វើយ៉ាងណា ត្រូវតែបង្ក្រាបឱ្យខានតែបាន ។
បច្ចុប្បន្ននេះ ខេត្តព្រះវិហារ មានសហគមន៍ព្រៃឈើ សរុបចំនួន ៤៨ សហគមន៍ ស្មើនឹងផ្ទៃដី សរុបចំនួន ៧១.៣៥០ ហិកតា ក្នុងនោះ មានប្រកាសទទួលស្គាល់ ដោយក្រសួងកសិកម្ម ចំនួន ៣៨ សហគមន៍ ស្មើនឹងផ្ទៃដី ៧១.៣០៥ ហិកតា និងសហគមន៍ព្រៃឈើ បានចុះកិច្ចព្រមព្រៀងជាមួយ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ចំនួន ៤០ សហគមន៍ ស្មើនឹងផ្ទៃដី ៥៣.៨៣៣ ហិកតា។
ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃ ក្នុងដែនសមត្ថកិច្ច ខេត្តព្រះវិហារ លទ្ធផលបង្ក្រាបបាន ចំនួន ៦២ ករណី ស្មើនឹង ១៣០ ម៉ែត្រគុប ៦៦៥ ក្នុងនោះ បញ្ជូនទៅតុលាការ ចំនួន ៤៣ ករណី និងបញ្ជូនទៅរដ្ឋបាលព្រៃឈើ ចំនួន ១៩ ករណី ៕/V