ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ នៅ​និវេសនដ្ឋាន​ទូត​អង់គ្លេស លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និង​លោកស្រី ទីណា រ៉េត​ស័ ( Tina Redshaw) ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បានរៀបចំ​ជំនួប​កាហ្វេ​ពិភាក្សា​អំពី​សកម្មភាព​មីន ( Cambodia Mine Action Coffee Briefing) ជាមួយ​ប្រទេស​ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​វិស័យ​មីន ដើម្បី​ចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​”​។​

​ក្នុងឱកាស​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ​ដល់​សហគម​ន៍​ផ្តល់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍ ដែល​បាន​ចូលរួម​ដល់​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា រយៈពេល ៣០​ឆ្នាំ ព្រមទាំង​បានលើកឡើង​អំពី​បច្ចុប្បន្នភាព​វិស័យ​សកម្មភាព​មីន និង​ចលនា​ជាតិ​របស់​សម្តេច​តេ​ជោ ក្នុងការ​ដោះស្រាយ​បញ្ហា​គ្រាប់មីន​នៅ​កម្ពុជា​។

​លោក ទេសរដ្ឋមន្ត្រី បាន​ជម្រាប​ប្រាប់​សហគមន៍​ម្ចាស់ជំនួយ​ថា អាជ្ញាធរ​មីន បានធ្វើ​ការសិក្សា និង​រៀបចំ​ផែនការ​យ៉ាង​ច្បាស់លាស់ ក្នុងការ​ប្រើប្រាស់​ថវិកា​ម្ចាស់ជំនួយ និង​ថវិកា​របស់​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន ដោយ​មិនអោយ​ប៉ះពាល់ ឬ​ត្រួតគ្នា​នោះទេ ជាពិសេស​ការបែងចែក​កម្លាំង​បោសសម្អាត​មីន ដើម្បី​ឆ្លើយតប​ឲ្យ​ទាន់ពេលវេលា​សម្រេច​គោលដៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក ទេសរដ្ឋមន្ត្រី បាន​ស្នើសុំ​សហគមន៍​ផ្តល់ជំនួយ​ទាំងអស់ ត្រូវ​បន្ត​ចូលរួម​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន​នៅតាម​គោលដៅ​អាទិភាព ដែល​បាន​កំណត់ដោយ​រាជរដ្ឋាភិបាល​កម្ពុជា រហូតដល់​ការរំដោះ​គ្រាប់មីន​ចុងក្រោយ​។​

​សហគមន៍​ផ្តល់ជំនួយ បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​ដោះស្រាយ​បញ្ហា​គ្រាប់មីន​នៅ​កម្ពុជា និង​គាំទ្រ​គោលដៅ “​សូន្យ​មីន​ឆ្នាំ​២០២៥” តាមរយៈ​ការអនុវត្ត​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​”​។ ជាងនេះទៅទៀត សហគមន៍​ផ្តល់ជំនួយ បាន​គាំទ្រ​នូវ​ការកំណត់​គោលដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការងារ​បោសសម្អាត​មីន ដោយ​ជ្រើស​យក​តំបន់​ទីប្រជុំជន វប្បធម៌ ទេសចរណ៍ និង​ការអភិវឌ្ឍ​៕​